យុវជន​មួយ​ក្រុម​បង្ហាញ​ឆន្ទៈ​ប្រមូល​សំរាម​តាម​ប្រឡាយ​ទឹក​ស្អុយ​ឱ្យ​អស់​

ដោយ ស្ងួន អមរា
2019.03.15
សំរាមនៅ​ក្នុងប្រឡាយទឹក សំរាមនៅ​ក្នុងប្រឡាយទឹក​ស្អុយ​បឹងត្របែក រាជធានី​ភ្នំពេញ និង​សកម្មភាព​​កាយ​ចេញ។
រូបថត៖ មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១៩

យុវជន​មួយ​ក្រុម​កំពុង​ប្រមូល​សំរាម​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រមូល​សំរាម និង​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បន្ត​ទៀត ដើម្បី​បរិស្ថាន​ស្អាត។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​ក្រសួងបរិស្ថាន​ គាំទ្រ​សកម្មភាព​យុវជន​នេះ​ ហើយ​ថា អាជ្ញាធរ​បាន​ធ្វើសកម្មភាព​ប្រមូល​ និង​កើប​សំរាម​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​នេះ​មុន​យុវជន​នេះ​ទៅទៀត។

យុវជន​មួយ​ក្រុម​មាន​មហិច្ឆតា​ ចង់​ប្រែក្លាយ​រាជធានី​ភ្នំពេញ​ទៅជា​ទីក្រុង​គ្មាន​សំរាម​គ្មាន​ក្លិន​ស្អុយ និង​គ្មាន​ដី​ហុយ​ដោយសារ​តែ​របប​ក្រុងភ្នំពេញ​រង​ការ​រិះគន់​ថា​ បរាជ័យ​ក្នុង​ការគ្រប់គ្រង​សំរាម និង​រៀបចំ​អនាម័យ​បរិស្ថាន​សាធារណៈ។

ក្រុម​យុវជន​មួយ​នេះ​បាន​យក «ប្រឡាយ​លូ​បឹងត្របែក» ជា​ចំណុច​ផ្ដើម​ប្រមូល​សំរាម​ចាប់​តាំង​ពី​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១៩ មក មុន​នឹង​ពង្រីក​សកម្មភាព​របស់​ខ្លួន​ទៅ​កន្លែង​ដទៃ​ទៀត ដែល​កំពុង​មាន​គំនរ​ សំរាម​រាយប៉ាយ​ដូចគ្នា​ដែរ។

អ្នក​ផ្ដួចផ្ដើម​ប្រមូល​សំរាម​យុវជន​ សាន ដារ៉ាវីត រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​លោក​ចាប់​ផ្ដើម​ប្រមូល​សំរាម​ចេញ​ពី​ប្រឡាយ​លូ​បឹងត្របែក​នេះ​ ព្រោះ​លោក​តែងតែ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ស្ទើរ​រាល់ថ្ងៃ​ហើយ​តែងតែ​មាន​ក្លិនស្អុយ​អា​សោច​និង​ឃើញ​សំរាម​អណ្ដែត​ណែន​តាន់តាប់​រាប់​សិប​ឆ្នាំ​មក​ហើយ។ យុវជន​រូប​នេះ​បន្ត​ថា​ លោក​មាន​គោលដៅ​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​គ្មាន​សំរាម និង​គ្មាន​ដី​ហុយ​ ហើយ​លោក​ធានា​ថា នឹង​ធ្វើ​វា​ឱ្យ​បាន​ទោះ​ជា​ប្រើ​ពេល​យូរ​ប៉ុនណា​ក៏​ដោយ៖ «ពេល​ជិះ​កាត់​ស្អុយ​ហើយ​ខ្ញុំ​ទើស​ភ្នែក​មែន​ទែន ហើយ​អ៊ីចឹង​ទៅ ខ្ញុំ​ក៏​ចាត់​គ្នា​ប៉ុន្មាន​នាក់ ដើម្បី​ធ្វើ​សកម្មភាព​នេះ។ ខ្ញុំ​ក៏​មិនបាន​រំពឹង​ថា មាន​គ្នា​យើង​មក​ជួយ និង​មាន​អ្នក​ឧបត្ថម្ភ​អីចឹង​ដែរ»

ប្រឡាយ​លូ​បឹង​ត្របែក​នេះ​ស្ថិតនៅ​សង្កាត់​ផ្សារដើមថ្កូវ​ខណ្ឌ​ចម្ការ​មន។ ប្រឡាយ​លូ​មួយ​នេះ​មិន​ ខុស​ពី​ប្រឡាយ​លូ​ដទៃ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​ គឺ​ពោ​ពេញដោយ​គំនរ​សំរាម​ប្លាស្ទិក និង​សំរាម​គ្រប់​ប្រភេទ​ស្អុយរលួយ​យ៉ាង​ណែនណាន់​តាន់តាប់​ជាច្រើន​ឆ្នាំ​មក​ហើយដែល​មើល​ទៅ​ហាក់​ដូច​ជា​ប្រឡាយ​ថង​ប្លាស្ទិក​ដូច្នេះ​ដែរ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ អះអាង​ថា​អាជ្ញាធរ​ ពាក់ព័ន្ធ​ ហាក់​មិន​អើពើ​ចុះ​ចាត់វិធានការ​ដោះស្រាយ​នោះ​ទេ។

អ្នក​ផ្ដួចផ្ដើម​ប្រមូល​សំរាម​មួយ​រូប​ទៀត​ គឺ​ម្ចាស់​សិប្បកម្ម​ផលិត​ធុង​សំរាម​បរិស្ថាន​អ្នកនាង​ សឿង​ សុថារី​ រៀបរាប់​ថា ​ការ​ចាប់​ផ្ដើម​ប្រមូល​សំរាម​នេះ​ ព្រោះ​តែ​ចង់​ឱ្យ​បរិស្ថាន​ក្នុង​ទីក្រុង​ស្អាត​ចង់​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​បោះ​ចូល​សំរាម​ផ្ដេសផ្ដាស និង​មិន​ចង់​ឮ​ជនជាតិ​បរទេស​រិះគន់​ថា​ កម្ពុជា​ជា​ប្រទេស​មាន​ក្លិន​ស្អុយ និង​ពោ​ពេញដោយ​សំរាម​នោះ​ទេ៖ «ពេល​ដែល​ខ្ញុំ​មក​រស់នៅ​ភ្នំពេញ​គឺ​ខ្ញុំ​បាន​ឃើញ​សំរាម​ក្នុង​ប្រឡាយ​នេះ​វា​ខាប់​រួច​បាត់​ទៅ​ហើយ​ ហើយ​ក៏​ច្រើន​ឆ្នាំ​កន្លង​មក​ទៀត ហើយ​មិន​ឃើញ​មាន​សកម្មភាព​ណា​មួយ​សម្អាត​កន្លែង​នេះ​ទេ។ ខ្ញុំ​មាន​មិត្ត​ភក្តិ​ជា​ជន​បរទេស គឺ​គាត់​និយាយ​ពី​ពាក្យ​មួយ​ថា ​ប្រទេស​យើង​សម្បូរ​សំរាម​ ដូច្នេះ​វា​ហាក់​ដូច​ជា​ប៉ះ​បេះ​ដួង​របស់​ខ្ញុំ។ មែនទែន​ទៅ​ខ្ញុំ​ចង់​ធ្វើ​រឿង​នេះ​យូរ​ហើយ ​ប៉ុន្តែ​គ្រាន់​តែ​ចង់​វា​មិន​ទាន់​មាន​សកម្មភាព​ បន្ទាប់​មក​ទើប ដារ៉ាវីត គាត់​បាន​ចាប់​ផ្ដើម​គំនិត​ និង​ធ្វើ​សកម្មភាព​នេះ។ ទើប​ខ្ញុំ​ចូលរួម​ជាមួយ​គាត់»

គិត​ត្រឹម​ថ្ងៃ​ទី១៤ ខែ​មីនា​ ក្រុម​យុវជន​ប្រមូល​សំរាម​បាន​ប្រមាណ ២០ភាគ​រយ​ហើយ។ ក្រោយ​មាន​ សកម្មភាព​ប្រមូល​សំរាម​នេះ គឺ​មាន​ប្រជាពលរដ្ឋ​និង​យុវជន​ជាច្រើន​បាន​ចូលរួម​ជា​កម្លាំង​ផ្ទាល់​ខ្លះ​គាំទ្រ​ជា​ស្មារតី​និង​ខ្លះ​ទៀត ​ចូលរួម​ឧបត្ថម្ភ​សម្ភារៈ​ភេសជ្ជៈ និង​គ្រឿង​បរិភោគ​ជា​បន្តបន្ទាប់​ ប៉ុន្តែ​ក្រុម​យុវជន​ ដែល​សកម្ម​នោះ​មាន​ប្រមាណ​ជាង ១០នាក់។

អ្នក​នាង​សឿង​ សុ​ថា​រី​ បន្ត​ថា​ ការ​ប្រមូល​សំរាម​នេះ​ គឺ​មានផល​លំបាក​ច្រើន​សម្រាប់​យុវជន​ដោយសារ​តែ​ខ្វះ​បច្ចេកទេស​ ខ្វះ​សម្ភារៈ និង​ខ្វះ​ការ​ចូលរួម​ពី​ភាគី​អាជ្ញាធរ៖ «ថ្ងៃ​ដំបូង​ពេល​ដែល​អាជ្ញាធរ​ឃើញ​សកម្មភាព​ពួក​យើង​ គឺ​គាត់​ក៏​បាន​ដាក់​អេស្កាវ៉ាទ័រ (Excavator) ប៉ុន្តែ​ដាក់​នេះ​ គឺ​អត់​ប្រសិទ្ធិ​ភាព​ទេ។ មានន័យ​ថា​ អ្នក​បញ្ជា​គ្រឿងចក្រ​នេះ​ គឺ​គាត់​ធ្វើ​តែ​មួយ​ម៉ោង ​ហើយ​ថ្ងៃ​ខ្លះ​ គឺ​គាត់​អត់​មក​ធ្វើ​តែ​ម្តង។ ពួក​ខ្ញុំ​សួរ​គាត់​ថា​មូលហេតុ​អី​លោកពូ​ ទើប​ធ្វើ​សកម្មភាព​តិច​តូច? គាត់​ឆ្លើយ​តប​ថា​ គាត់​អត់​ទទួល​បាន​ប្រាក់​ខែ​ជាង​ពីរ​ខែ​ហើយ។ ដូច្នេះ​គាត់​អត់​មាន​ទឹកចិត្ត​ធ្វើ​ទៀត​ទេ។ ខាង​ខ្ញុំ​នេះ​ក៏​បាន​ជួយ​ថវិកា​ខាង​ក្រៅ​ដល់​គាត់​ខ្លះ​ និង​បាន​ចែក​អាហារ​ដែល​គេ​ឧបត្ថម្ភ​ជូន​គាត់​ខ្លះ​ដែរ​ តែ​ឥឡូវ​នេះ​ អត់​ឃើញ​គាត់​មក​ធ្វើ​ទៀត​ទេ។ ខាង​អាជ្ញាធរ​បើ​គាត់​មក​ធ្វើ​ គឺ​ល្អ​ជាង​ពួក​ខ្ញុំ​ដោយសារ​ពួក​កាត់​មាន​ឧបករណ៍​គ្រប់គ្រាន់ ​និង​កម្លាំង​ច្រើន»

អភិបាល​សាលា​រាជធានី​ភ្នំពេញ​លោក​ ឃួង​ ស្រេង​ បាន​ថ្លែង​ការពារ​ខ្លួន​យ៉ាង​ខ្លី​ថា​ មូលហេតុ​ដែល​អាជ្ញាធរ​មិន​ចូលរួម​ជាមួយ​យុវជន​ ព្រោះ​អាជ្ញាធរ​បាន​កាយ​សំរាម​ចេញ​ពី​លូ​បឹងត្របែក​ស្អាត​ហើយ។ លោក ឃួង​ ស្រេង បាន​បិទ​ទូរស័ព្ទ​មិន​អនុញ្ញាត​ឱ្យ​សួរ​ដេញដោល​ទៀត​ទេ៖ «ចូលរួម​យ៉ាងម៉េច? សួរ​បាន​ន័យ​ថា​ម៉េច? ចូលរួម​យ៉ាងម៉េច? សាលាក្រុង​បាន​ទៅ​កាយ​ស្អាត​ហើយ»

នៅ​ពេល​យុវជន​នាំគ្នា​ប្រមូល​សំរាម ​គឺ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ក៏​ធ្លាប់​បាន​ហៅ​យុវជន​ទៅ​សួរនាំ​ថា​យុវជន​ ទាំង​នេះ​មក​ពី​ក្រុម​ខាង​ណា ​និង​មាន​គោល​បំណង​អ្វី? ដោយសារ​អាជ្ញាធរ​បារម្ភ​ខ្លាច​យុវជន​ទាំង​នេះ​ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​នយោបាយ។

បើ​ទោះបីជា​គ្មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ក្តី​អ្នកនាង​ សឿង​ សុថារី​អំពាវនាវ​ប្រជាពលរដ្ឋ និង​យុវជន​ដទៃ​ទៀត​ ចូលរួម​ប្រមូល​សំរាម​ឱ្យ​បាន​ច្រើន​ និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ថែរក្សា​បរិស្ថាន​ឱ្យ​បាន​ស្អាត​សម្រាប់​ប្រយោជន៍​សុខ​សុវត្ថិភាព និង​កំណើន​ភ្ញៀវ​ទេសចរណ៍៖ «បើ​មាន​ពេល​មាន​ឱកាស​សូម​ចូល​រួម​ជាមួយ​ពួក​យើង។ សូម​ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ថា កុំ​ធ្វើ​ជា​អ្នក​ចោល​សំរាម​ ហើយ​យើង​គួរ​ធ្វើ​ជា​អ្នក​រើស​សំរាម។ ហើយ​បើ​បងប្អូន​មិនបាន​ចូលរួម​ផ្ទាល់ ​គឺ​សូម​ចូលរួម​លើក​ទឹក​ចិត្ត​ពី​ចម្ងាយ​កុំ​មាន​មតិ​រិះគន់​ និង​វាយ​ប្រហារ ព្រោះ​សកម្មភាព​នេះ​ពួក​យើង​ធ្វើ​ដោយ​ទឹកចិត្ត​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ទេ​ មាន​តែ​ឆ្លៀត​ពី​ការ​ ហើយ​លះបង់​ ទាំង​ឈឺ​ទាំង​ជា​អី។ ដូច​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ​មុន​ឈឺ​ផង​ក៏​មក​ធ្វើ រួច​ហើយ​ក៏​ចូល​ពេទ្យ​គេង។ ពិបាក​ណាស់​ការងារ​នេះ! បើ​អ្នក​អត់​ដាក់​បេះ​ដួង​ធ្វើ​ គឺ​ធ្វើ​អត់​បាន​ទេ ណា​ក្លិនស្អុយ​ផង​ណា​ប្រឈម​មុខ​ក្រោម​កំដៅ​ថ្ងៃ​ណា​ត្រូវ​ប្រថុយ​ចុះ​ទូក​ ចុះ​លូ​ជាមួយ​ឧបករណ៍​ដែល​គ្មាន​បច្ចេកទេស»

យុវជន​ហេង​ គឹម ហុង ដែល​តែងតែ​តស៊ូ​មតិ​ឱ្យ​រដ្ឋាភិបាល​ចេញច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​នោះ​ ក៏បាន​ចូលរួម​គាំទ្រ​ទាំង​កម្លាំងកាយ​ និង​កម្លាំងចិត្ត​ដល់​ក្រុម​យុវជន​ដែល​ផ្ដើម​គំនិត​ប្រមូល​សំរាម​នេះ​ដែរ​។ យុវជន​ គឹម ហុង​ តែងតែ​បបួល​មិត្តភ័ក្ដិ​ចូលរួម​ប្រមូល​សំរាម​នៅ​ពេល​ទំ​នេ​ពី​ការងារ​និង​ការសិក្សា៖ «លូ​បឹងត្របែក​ជា​លូ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​និង​ជា​ចរន្តទឹក​ ប៉ុន្តែ​បែរ​គរ​ដោយ​គំនរ​សំរាម។ ខ្ញុំ​ធ្លាប់​ទៅ​ប្រទេស​ជិត​ខាង ​ដូចជា​ ប្រទេស​ថៃ​ គឺ​មិន​មាន​សំរាម​ពាសពេញ​នោះ​ទេ។នៅ​ពេល​មាន​សំរាម ​គឺ​ធ្វើ​ឱ្យ​រំខាន​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ​ និង​អ្នក​រស់​នៅ​ទីនោះ​ ហើយ​មាន​មេរោគ ​និង​ធ្វើ​ឱ្យ​ខូច​សោ​ភណ្ឌ​ភាព​ទីក្រុង។ ខ្ញុំ​ចូលរួម​ព្រោះ​ សកម្ម​នេះ​ គឺ​ជា​សកម្មភាព​ត្រឹមត្រូវ​ និង​បញ្ហា​សំរាម​នេះ​ គឺ​ច្រើន​ឆ្នាំ​មក​ហើយ​ មិន​ឃើញ​ដំណោះ​ស្រាយ​ទាល់​តែ​សោះ»

ក្រុម​យុវជន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ប្រមូល​សំរាម​ចេញ​ពី​ប្រឡាយ​ទឹក​ស្អុយ​រួច ​គឺ​ប្រទេស​ជប៉ុន​ បាន​ស្ម័គ្រ​ចិត្ត​ជួយ​ឧបត្ថម្ភ​ម្សៅ​ម្យ៉ាង​ ដែល​បាច​លើ​ទឹក​ខ្មៅ​កខ្វក់​នោះ​ឱ្យ​ទៅ​ជា​ទឹក​ថ្លា​ស្អាត។ បន្ថែម​ពី​នេះ​ ក្រុម​ យុវជន​ក៏​ចង់​ឱ្យ​កន្លែង​នោះ​ទៅ​ជា​កន្លែង​អង្គុយ​កម្សាន្ត​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក​ នេត្រ​ ភក្ត្រា​ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ ​និង​កោត​សរសើរ​ចំពោះ​យុវជន ​និង​ប្រជាពលរដ្ឋ​ ដែល​បាន​ចូលរួម​សម្អាត​បរិស្ថាន​ព្រោះ​អនាម័យ​បរិស្ថាន​នេះ ​គឺ​ជា​បញ្ហា​រួម​ទាំង​អស់​គ្នា។ លោក​ជំរុញ​ឱ្យ​មាន​ចូលរួម​របៀប​នេះ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​បរិស្ថាន​ក្នុង​ទីក្រុង​តាម​ភូមិឃុំ​កាន់​តែ​ល្អ​ស្អាត​ និង​គួរ​ឱ្យ​ចង់​រស់​នៅ៖ «សកម្មភាព​របស់​យុវជន​នេះ​ គឺ​ជា​ការ​ចូលរួម​បំពេញ​បន្ថែម​ទៅ​លើ​ការងារ​របស់​អាជ្ញាធរ​នៅ​ក្នុង​ការ​កាយ​ ក៏​ដូច​ជា ​ការ​ស្ដារ​នូវ​សំណាក​ថង់​ប្លាស្ទិក​ក៏​ដូចជា​ របស់​ប្រើប្រាស់​ផ្សេង​ដែល​ត្រូវ​បោះ​ចូល​ក្នុង​ប្រឡាយ​ទឹក​នេះ។ តាមពិត​ទៅ​អាជ្ញាធរ​រាជធានី​ បាន​ធ្វើ​ជា​រឿយៗ មក​ហើយ ​ប៉ុន្តែ​កិច្ចការ​ងារ​វា​មាន​ទំហំ​ធំ​ដែល​ការ​បំពេញ​បន្ថែម​នេះ​ គឺ​ជា​ការ​មួយ​ដែល​ល្អ​សម្រាប់​ការ​យក​ចិត្ត​ទុក​របស់​ប្រជាពលរដ្ឋ​ ព្រោះ​ការ​សម្អាត​អនាម័យ​បរិស្ថាន​ គឺ​ទាមទារ​ការ​ចូលរួម​ទាំង​អស់​គ្នា»

កាលពី​ខែ​ធ្នូ ឆ្នាំ២០១៦​ ក្រសួងបរិស្ថាន​បាន​ចេញ​អនុក្រឹត្យ​មួយ​ប្រគល់​មុខងារ​គ្រប់គ្រង​សំរាម​សំណល់​ទីប្រជុំជន​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី​ក្រុង និង​ស្រុក​ធ្វើ​ប្រតិភូកម្ម​មុខងារ​គ្រប់គ្រង​សំរាម​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ខណ្ឌ​ដោយ​ចាត់​វិធានការ​ចាំបាច់​ ដើម្បី​បង្កើន​ប្រសិទ្ធភាព ​និង​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន។

លោក​នេត្រ​ ភត្រា​ ទទួលស្គាល់​ថា​ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន​មិន​ទាន់​បាន​បំពេញ​តួនាទី​គ្រប់គ្រាន់​នូវ​ឡើយ​ក្នុង​ការ​គ្រប់គ្រង​សំរាម​ដោយសារ​តែ​ការ​ផ្ទេរ​មុខងារ​នេះ​ ហាក់​ដូច​ជា​នៅ​ថ្មី​ និង​ ខ្វះខាត​ថវិកា​សម្រាប់​អនុវត្ត។ លោក​បន្ត​ថា​ ចំពោះ​វិធានការ​ច្បាប់​លើ​ជន​ទាំង​ឡាយ​ណា​ ដែល​មិន​គោរព​អនុវត្ត​ការ​វេច​ខ្ចប់​ការ​ញែក​ ឬ​បែងចែក​ និង​ទុក​ដាក់​សំរាម​តាម​ដង​ផ្លូវ​មិន​បាន​សម​ស្រប​ ក៏​មិន​ទាន់​បាន​អនុវត្ត​ដែរ ​ដោយសារ​តែ​ត្រូវការ​ពេល​វេលា​បន្ថែម​ទៀត​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ជា​មុន​សិន។

ក្រសួងបរិស្ថាន​ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​ប្រទេស​កម្ពុជា​បង្កើត​សំរាម​ប្រមាណ ១ម៉ឺន​តោន​ហើយ​ នៅ​ក្នុង​នោះ​ គឺ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ ៣ពាន់​តោន ​ហើយ​នៅ​ព្រះសីហនុ​ និង​ខេត្ត​សៀមរាប​មាន​ប្រមាណ ៤រយ​តោន។ សំរាម ១រយ​ភាគ​រយ​នេះ ​គឺ​មាន​សំរាម​សើម ៦០ភាគ​រយ​ និង​សំរាម​ប្លាស្ទិក ២០ភាគ​រយ​ និង​សំណល់​រឹង​ប្រមាណ ១០ភាគ​រយ។

ក្រៅពី​ការ​ចុះ​ប្រមូល​សំរាម​ដោយ​ផ្ទាល់​នោះ​ក្រុម​យុវជន​ ក៏​មាន​គម្រោង​រៀបចំ​យុទ្ធនាការ​មួយ​ចំនួន​ដូចជា ​ការ​ប្រគំតន្ត្រី​លើ​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក​នេះ ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ ក្រុមហ៊ុន​ និង​អាជ្ញាធរ​ដែនដី​ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ទៀត​ ឱ្យ​ចេះ​ទុក​ដាក់​សំរាម និង​ចូលរួម​ថែ​រក្សា​អនាម័យ​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។