យុវជន​ចុះ​ទៅ​តំបន់​អារ៉ែង​ដើម្បី​ស្វែង​យល់​ពី​សម្បត្តិ​ធម្មជាតិ​នៅ​ទី​នោះ

ដោយ យាង សុជាមេត្តា
2015.02.28
អារ៉ែង កោះកុង ៦១០ ១០-វិច្ឆិកា-២០១៣៖ ស្ទឹង​អារ៉ែង នៃ​ស្រុក​ថ្មបាំង ​ខេត្ត​កោះកុង។
Photo: RFA

យុវជន​ជិត ២០០​នាក់ បាន​ទៅ​ដល់​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង ជា​បន្តបន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ។ គោលបំណង​នៃ​ដំណើរ​នោះ គឺ​ដើម្បី​សិក្សា​ស្វែង​យល់​អំពី​សារប្រយោជន៍ និង​សម្បតិ្ត​ធម្មជាតិ​នៅ​តំបន់​នោះ ហើយ​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ​បន្ត​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​បាន​ដឹង។

បើ​ទោះ​ជា​កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​កម្ពុជា បាន​ចាប់​បញ្ជូន​ខ្លួន​ស្ថាបនិក​​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)  ដែល​តែង​ធ្វើ​យុទ្ធនា​ការ​ប្រឆាំង​ទៅ​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ទៅ​ក្រៅ​ប្រទេស​ក៏ដោយ ក៏ប៉ុន្តែ​ចលនា​របស់​យុវជន​ដែល​ចង់​ដឹង​ចង់​ឮ​អំពី​តំបន់​អារ៉ែង ហាក់​មិន​មាន​ការ​ថមថយ​ឡើយ។

តំណាង​សហគមន៍​ជនជាតិ​ជង​នៅ​តំបន់​អារ៉ែង លោក វ៉ែន វ៉ន បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ថា យុវជន​មក​ពី​ភ្នំពេញ សរុប​ប្រមាណ ២០០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អារ៉ែង និង​ទៅ​កាន់​សហគមន៍​ជនជាតិ​ជង​របស់​លោក។ លោក​មាន​ប្រសាសន៍​ថា យុវជន​ទាំង​នោះ​នាំ​គ្នា​ធ្វើ​ដំណើរ​ដើរ​លេង​ក្នុង​តំបន់ ព្រោះ​ពួក​គេ​ចង់​ដឹង​ថា តើ​តំបន់​អារ៉ែង​មាន​ទេស​ភាព​ល្អ​ដូច​ដែល​លោក អាឡិក តែងតែ​អះអាង ឬ​ក៏​យ៉ាង​ណា​នោះ?

​លោក វ៉ែន វ៉ន បញ្ជាក់​ថា ក្រៅ​តែ​ពី​នាំ​គ្នា​ដើរ​មើល​ទេសភាព លេង​ទឹក​ស្ទឹង ឬ​គយគន់​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នានា​នៅ​ទី​នោះ ក្រុម​យុវជន​មិន​បាន​ធ្វើ​សកម្មភាព ឬ​យុទ្ធនាការ​ដើម្បី​ប្រឆាំង​អ្វី​មួយ​នោះ​ឡើយ។ លោក​ថា​នៅ​ពេល​យប់ ពួកគេ​នាំ​គ្នា​ទៅ​បោះ​តង់​សម្រាក​ក្នុង​វត្ត​អង្គគិរី ហៅ​វត្ត​ប្រឡាយ ក្នុង​តំបន់​នោះ។

លោក វ៉ែន វ៉ន មាន​ប្រសាសន៍​ថា លោក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​ឃើញ​ពលរដ្ឋ​ខ្មែរ​ស្រឡាញ់​ធនធាន​ធម្មជាតិ​របស់​ខ្មែរ និង​ដឹង​ពី​សុខទុក្ខ​របស់​ជនជាតិ​ដើម​ភាគតិច។ លោក​ថា នៅ​ពេល​មាន​ពលរដ្ឋ​ទៅ​ឃើញ​តំបន់​អារ៉ែង ដោយ​ផ្ទាល់​ភ្នែក ពួកគេ​នឹង​ដឹង​ថា ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច មិន​ចេះ​តែ​និយាយ​នោះ​ទេ។

ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​ជា​ក្រុម​ទៅ​កាន់​តំបន់​អារ៉ែង​នេះ​ដែរ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ក៏​នឹង​ដឹកនាំ​មនុស្ស​មួយ​ក្រុម​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​មីនា ខាង​មុខ។ លោក ព្រាប កុល មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​ធ្វើ​ឡើង​ក្នុង​បំណង​ឲ្យ​អ្នក​ចូល​រួម​បាន​ស្វែង​យល់​ពី​សម្បត្តិ​ធម្មជាតិ និង​សក្ដានុពល​ធនធាន​ធម្មជាតិ​នៅ​ទី​នោះ ព្រមទាំង​សិក្សា​ពី​បំណង​របស់​ពលរដ្ឋ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ។

​លោក ព្រាប កុល មាន​ប្រសាសន៍​ថា ក្រុម​លោក​នឹង​ពិនិត្យ​មើល​ថា តើ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​អនាគត។

​លោក ព្រាប កុល បន្ថែម​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ប្រសិន​បើ​មើល​ឃើញ​ថា ពលរដ្ឋ​ក្នុង​សហគមន៍​មិន​ចង់​មាន​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ដោយ​មាន​ហេតុផល​ច្បាស់លាស់ នោះ​ក្រុម​លោក​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​វាយ​តម្លៃ​ផល​ប៉ះពាល់​ប្រកប​ដោយ​តម្លាភាព ដោយ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ក្នុង​សហគមន៍ និង​អង្គការ​ឯករាជ្យ​នានា។

តំបន់​អារ៉ែង ស្ថិត​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំ​ក្រវាញ ភាគ​កណ្ដាល ដែល​ជា​ព្រៃ​ក្រាស់ ហើយ​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ តំបន់​ព្រៃ​ស្តុក​នេះ​មាន​ទំហំ ៤​សែន ៦​ម៉ឺន​ហិកតារ លាត​សន្ធឹង​កាត់​ឃុំ​ចំនួន ៣ ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ តំបន់​នេះ ជា​ជម្រក​រស់​នៅ​សុខសាន្ត​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ជង​ជាង ១.៣០០​នាក់។ ពួកគេ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោយ​ការ​ទាញ​យក​អនុផល​ព្រៃ​ឈើ​ទៅ​តាម​វប្បធម៌​ប្រពៃណី និង​ទំនៀម​ទម្លាប់​តាំង​ពី​ដូន​តា​មក​ម្ល៉េះ។ នៅ​ទី​នោះ ពោរពេញ​ទៅ​ដោយ​ផ្នូរ​កប់​សព​ដូនតា​របស់​ពួក​គេ ហើយ​ផ្នូរ​ទាំង​នោះ ភាគ​ច្រើន​ជា​ក្អម​ដែល​គេ​ដាក់​នៅ​តាម​ជញ្ជាំង​ក្រហែង​ថ្ម។

​ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង អាច​ផលិត​អគ្គិសនី​បាន​តែ​ជាង ៦០​មេហ្គាវ៉ាត់ នៅ​រដូវ​ប្រាំង ហើយ​ជាង ១០០​មេហ្គាវ៉ាត់​ប៉ុណ្ណោះ​នៅ​រដូវ​វស្សា។ យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង នឹង​មិន​កើត​ឡើង​ឡើយ​ក្នុង​អាណត្តិ​ទី​៥​នេះ។

លោក វ៉ែន វ៉ន មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​ធ្វើ​ឡើង​ដោយ​យុវជន​បែប​នេះ មាន​សារសំខាន់​សម្រាប់​ជនជាតិ​ដើម​ជង​របស់​ពួក​លោក ព្រោះ​ថា ពួកគេ​អាច​ជួយ​ពាំនាំ​ព័ត៌មាន​ពី​ទី​នោះ​​ទៅ​ឲ្យ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ពិចារណា​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំង​ស្រុង​នៅ​តំបន់​អារ៉ែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។