ក្រុមយុវជននិងព្រះសង្ឃធ្វើធម្មយាត្រា ដើម្បីការពារព្រៃឈើនៅតំបន់អារ៉ែងដែលប្រឈមការបាត់បង់
2022.06.26

ក្រុមយុវជន និងព្រះសង្ឃជាច្រើនអង្គនិងនាក់កំពុងធ្វើធម្មយាត្រាការពារព្រៃឈើតំបន់អារ៉ែង ដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ និងចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ បន្ទាប់ពីព្រៃឈើក្នុងតំបន់នោះ បន្តទទួលរងការកាប់ធ្វើអាជីវកម្មដោយគ្មានអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
ព្រះសង្ឃ និងក្រុមយុវជនខ្មែរថាវរៈប្រមាណ៣០នាក់ ចាប់ផ្ដើមធ្វើធម្មយាត្រានៅតំបន់អារ៉ែងក្នុងស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី២៦ ខែមិថុនានេះ។ ព្រះសង្ឃ និងក្រុមយុវជននិមន្ត ឬដើរថ្មើរជើងចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ដោយដៃកាន់ទង់ជាតិ ទង់ព្រះពុទ្ធសាសនា ព្រមទាំងលើកបដាដែលសរសេរអំពីទស្សនៈផ្សេងៗ ក្នុងនោះមានសារ ស្នើដល់រដ្ឋាភិបាលឱ្យគោរពសិទ្ធិសេរីភាព និងអនុញ្ញាតឱ្យក្រុមយុវជនចូលរួមយ៉ាងសកម្មក្នុងការការពារថែរក្សាសម្បត្តិធម្មជាតិ បើអ្នកបំផ្លាញព្រៃឈើស្មើនឹងអ្នកបំផ្លាញជីវិតរបស់អ្នក និងសូមបញ្ឈប់បទល្មើសព្រៃឈើ អភិរក្សព្រៃឈើគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាជាដើម។ ធម្មយាត្រានេះ សមត្ថកិច្ចមូលដ្ឋានខេត្តកោះកុងជាច្រើននាក់ចុះស្ទាក់សួរនាំ និងថតរូបប្រមាណ៥នាទី ប៉ុន្តែអាជ្ញាធរមិនបានហាមឃាត់ ពិធីធម្មយាត្រារបស់ក្រុមយុវជនទាំងនេះទេ។
តំណាងក្រុមយុវជនខ្មែរថាវរៈលោក ហ៊ុន វណ្ណៈ លើកឡើងថា គោលបំណងនៃការរៀបចំកម្មវិធីធម្មយាត្រាដើរឆ្លងកាត់ភូមិមួយចំនួនលើកនេះ ដើម្បីជំរុញឱ្យពលរដ្ឋយល់ដឹងពីតម្លៃធនធានធម្មជាតិដែលជាសក្តានុពលសំបូរបែប សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ រួមទាំងផ្តល់ប្រភពចំណូលមិនចេះរីងស្ងួតជួយដល់ជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ឱ្យមានជីវិតរស់នៅប្រសើរឡើងនិងថែរក្សាធនធានទាំងនោះឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ លោក ហ៊ុន វណ្ណៈ ឱ្យដឹងថា កន្លងទៅក្រុមយុវជនរកឃើញដើមគគីដែលដុះតាមបណ្តោយដងស្ទឹងអារ៉ែង រងការកាប់ផ្តូល ដឹងជញ្ជូនធ្វើអាជីវកម្ម ដោយគ្មានការទប់ស្កាត់។
លើសពីនេះលោកថា បច្ចុប្បន្នការដឹកជញ្ជូនឈើចេញពីតំបន់អារ៉ែង មិនទាន់ធូរស្រាលនៅឡើយទេ ដែលទាមទារឱ្យយុវជនដាក់ផែនការចុះប្រចាំការ ដើម្បីរួមជាមួយសហគមន៍រកវិធីទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះ៖ «ការសម្រេចចិត្តលះបង់របស់ព្រះសង្ឃនិងយុវជនចុះមកស្នាក់នៅ និងប្រចាំការការពារព្រៃឈើនេះ ដោយសារពួកយើងយល់ពីសារៈសំខាន់ព្រៃឈើដែលគេបានកាប់ជារៀងរាល់ថ្ងៃនេះ។ បើសិនយុវជន និងព្រះសង្ឃយើងបានចូលរួមកាន់តែច្រើន ដូច្នេះយើងអាចថែរក្សាការពារបានខ្លាំងដែរ ក៏ដូចជាបានផ្តល់ឱកាសឱ្យពួកយើងគិតគូរនិងរកមធ្យោបាយជួយសហគមន៍នេះតាមរយៈសកម្មភាពផ្សេងៗទៀត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដើម្បីបំភ្លឺរឿងនេះបានទេនៅថ្ងៃទី២៦ ខែមិថុនា។
ទោះយ៉ាងណាអ្នកស្រី មិថុនា ភូថង ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៥ មិថុនា ថាអាជ្ញាធរខេត្តស្វាគមន៍វត្តមានយុវជននិងព្រះសង្ឃធ្វើសកម្មភាពចូលរួមចំណែកការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ដោយគ្មានការរារាំងពីសំណាក់សមត្ថកិច្ចនោះទេ។ ម្យ៉ាងទៀតអ្នកស្រីជំរុញឱ្យក្រុមយុវជនរាយការណ៍មកអាជ្ញាធរមូលដ្ឋាន បើសិនពួកគេជួបប្រទះភាពមិនប្រក្រតី ឬការកាប់ទន្រ្ទានព្រៃឈើនៅតំបន់នោះ ដើម្បីអាជ្ញាធរចាត់វិធានតាមផ្លូវច្បាប់។
ទាក់ទងរឿងនេះ មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិគម្រោងអ្នកការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ឱ្យដឹងថា បទល្មើសព្រៃឈើបន្តកើតឡើងកន្លងទៅបណ្តាលមកពីរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធហាក់គ្មានឆន្ទៈការពារ និងថែរក្សាទុកឱ្យមនុស្សជំនាន់ក្រោយ តែបណ្ដោយឱ្យឈ្មួញមានលុយឃុបឃិតលួចកាប់ឈើខុសច្បាប់ដោយពុំចាត់វិធានការតាមផ្លូវច្បាប់។ លោកបារម្ភថា ការបាត់បង់ព្រៃឈើនៅតំបន់អារ៉ែងនឹងប៉ះពាល់ដល់មុខរបរជាប្រពៃណី ឬអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច និងបាត់បង់ទាំងស្រុងនូវជីវចម្រុះដ៏សម្បូរបែបនៅទីនោះ។ លោក សាន់ ម៉ាឡា ជឿជាក់ថា វត្តមានរបស់ក្រុមយុវជន និងពលរដ្ឋក្នុងតំបន់អារ៉ែងអាចចូលរួមថែរក្សាការពារធនធានធម្មជាតិដែលនៅសេសសល់នៅទីនោះឱ្យនៅគង់វង្ស៖ «ខ្ញុំលែងមានជំនឿលើក្រសួងបរិស្ថានថាអាចកែទម្រង់កិច្ចការពាររបស់ពួកគាត់ហ្នឹងធ្វើឡើងប្រកដដោយប្រសិទ្ធភាពណាស់ ប៉ុន្តែអ្វីដែលខ្ញុំរំពឹងរាល់ថ្ងៃនេះ គឺការចូលរួមរបស់យុវជន និងប្រជាពលរដ្ឋ ហើយបើយើងមើលឃើញថាពួកគាត់អត់មានសមត្ថភាព អត់មានឆន្ទៈក្នុងការការពារព្រៃឈើ តើក្នុងនាមយើងជាម្ចាស់ធនធានទាំងអស់ហ្នឹង តើបន្តនៅស្ងៀមស្ងាត់បែបនេះ ទទួលយកការកាប់បំផ្លាញព្រៃឈើជាប្រក្រតីក្នុងជីវភាពប្រចាំថ្ងៃ ឬក៏គួរធ្វើអ្វីម្យ៉ាងទាំងអស់គ្នា ដើម្បីការពារទ្រព្យសម្បត្តិរបស់យើងដែលគេកំពុងលួចរាល់ថ្ងៃ»។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា បំណងរបស់លោកចង់រក្សាតំបន់អារ៉ែងទុកឲ្យខ្មែរជំនាន់ក្រោយជាអ្នកសម្រេច ថាតើត្រូវធ្វើដូចម្ដេច។ ការលើកឡើងនេះ ស្របទៅនឹងអ្វីដែលក្រុមយុវជនខ្មែរថាវរៈ ពលរដ្ឋ និង ព្រះសង្ឃ ចង់រក្សាតំបន់ព្រៃភ្នំអារ៉ែងនេះ ឲ្យគង់វង្សយូរអង្វែង។
ជ្រលងភ្នំអារ៉ែង គឺជាកន្លែងដ៏ស្រស់ស្អាតមួយក្នុងខេត្តកោះកុងដែលមានប្រភេទសត្វព្រៃដ៏កម្រ អមដោយព្រៃឈើដ៏ស្រស់ត្រកាល បន្សល់ចុងក្រោយនៅកម្ពុជា។ តំបន់នោះជាកន្លែងដែលជនជាតិដើមភាគតិចជងជាង ១ ពាន់ ៥រយនាក់ (១.៥០០) កំពុងរស់នៅ ជាមួយនឹងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង តាមបណ្តោយជ្រលងភ្នំ ដែលមានសត្វព្រៃកម្ររស់នៅរួមមាន សត្វក្រពើភ្នំ ត្រីនាគ ដំរីធំៗ ជាដើម។ បច្ចុប្បន្នដើមគគីរ និង ដើមឈើទាលជាដើម ដុះតាមបណ្តោយដងស្ទឹងអារ៉ែង និងអត្តសញ្ញាណប្រពៃណី ជនជាតិដើមភាគតិច កំពុងប្រឈមការបាត់បង់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។