យុវជន និង​អង្គការ​សង្គម​ស៊ីវិល​បន្ត​ទាមទារ​យុត្តិធម៌ និង​​រំលឹក​ខួប ១១ឆ្នាំ នៃ​ឃាតកម្ម​លោក ឈុត វុទ្ធី សកម្មជន​ព្រៃ​ឈើ

0:00 / 0:00

ក្រុម​យុវជន សកម្មជន​ការពារ​បរិស្ថាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី២៦ មេសា បាន​ធ្វើ​ពិធី​រម្លឹក​ខួប ១១ឆ្នាំ នៃ​ឃាតកម្ម​លើ​សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី ដើម្បី​រំលឹក​ពី​ភាព​ក្លាហាន ពលី​ជីវិត ការពារ​ធនធាន​ធាន​ធម្មជាតិ​របស់​ជាតិ។

ក្រុម​យុវជន​ទាំង​នោះ ក៏​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ នៅ​គ្រា ដែល​តុលាការ​ខេត្ត​កោះកុង បាន​ស៊ើប​អង្កេត​ដោយ​គ្មាន​ប្រសិទ្ធភាព និង​បិទ​បញ្ចប់​សំណុំ​រឿង​នេះ យ៉ាង​ប្រញាប់​ប្រញាល់។

ក្រុម​យុវជន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ចំនួន ៣០នាក់ បាន​ដើរ​ហែ​ក្បូន​ពី​សួនច្បារ​មុខ​វត្ត​បទុមវតី ក្នុង​ក្រុង​ភ្នំពេញ បំណង​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​ ក្នុង​សំណុំ​រឿង បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម គឺ​លោក ឈុត វុទ្ធី។

ពួកគាត់​ភាគច្រើន ពាក់​ស្រោម​មុខ​បិទ​រូប​លោក ឈុត វុទ្ធី អម​ដោយ​ស្លឹកឈើ និង​កាន់​បដា សរសេរ​ថា យុត្តិធម៌ ត្រូវតែ​មាន​ចំពោះ​វីរជន​ការពារ​ព្រៃឈើ​រូប​នេះ។ បន្ថែម​ពី​នេះ​ទៀត ក្រុម​យុវជន​ទាំង​នោះ បាន​កាន់​មេក្រូ ថ្លែង​ជា​សាធារណៈ សម្ដែង​ពី​ការ​ដឹង​គុណ​ដល់​លោក ឈុត វុទ្ធី ដែល​ពលី​ជីវិត​ ដើម្បី​បុព្វ​ហេតុ​ជាតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ចូល​រួម​ពិធី​នេះ​រួមមាន​ សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSIA) ដោយ​មាន​ការ​ឃ្លាំមើល ពី​មន្ត្រី​អង្គការ​លីកាដូ និង​អង្គការ​អាដហុក។ ចំណែក​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​ថត​រូប និង​តាម​ដាន​ពួក​គេ តាំង​ពី​ដើម រហូត​ដល់​ចប់ ក៏​ប៉ុន្តែ​ពុំ​បាន​រារាំង​នោះ​ឡើយ។

សកម្មជន​ការពារ​បរិស្ថាន លោក សាន់ ម៉ាឡា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្រសួង​យុត្តិធម៌​ បាន​ទទួល​ញត្តិ​ពួក​លោក​រួច​ហើយ ដោយ​និយាយ​ថា ពួក​គេ​នឹង​ពិនិត្យ​មើល។ លោក​ថា គោល​បំណង​រួម​ នៃ​ការ​ប្រារព្ធ​ពិធី​នេះ ដើម្បី​រំលឹក​អំពី​វីរភាព លោក ឈុត វុទ្ធី ដែល​ជា​ជន​គំរូ​មួយ​ ផ្ដួចផ្ដើម​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន ឱ្យ​ចេះ​ប្រើប្រាស់​សិទ្ធិ​ការពារ​ព្រៃឈើ ដែល​ជា​ទ្រព្យ​សម្បត្តិ​រួម។

លោក សាន់ ម៉ាឡា៖ «ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នេះ មិនមែន​ជា​កត្តា ធ្វើ​ឱ្យ​យុវជន​ភ័យ​ខ្លាច​មិន​ហ៊ាន ការពារ​ព្រៃឈើ​ទេ វា​បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ រួម​គ្នា​ជា​ធ្លុង​មួយ។ កាល​ណា​យើង​មាន​គ្នា​ច្រើន គឺ​ខ្មោច​មិន​អាច​លង​បាន​ទេ។ យើង​រួម​គ្នា​ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ»។

ខ្លឹមសារ​ញត្តិ ដែល​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ទាំង​នោះ បាន​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដោយ​បង្ហាញ​កម្ម​វត្ថុ​ថា ស្នើ​ដល់​ស្ថាប័ន​សាមី​មួយ​នេះ ឱ្យ​ជំរុញ​ស្ថាប័ន​អយ្យការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ក្នុង​សំណុំ​រឿង​នេះ។

រហូត​មក​ទល់​ពេល​នេះ​អស់​រយះ​ពេល ១១ឆ្នាំ​ហើយ ដែល​លោក ឈុត វុទ្ធី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ នៅ​ខេត្ត​កោះកុង ក្នុង​ពេល​ដែល​លោក និង​អ្នក​សារព័ត៌មាន​ពីរ​នាក់​ទៀត បាន​ចុះ​ស្រង់​ព័ត៌មាន​ស៊ើប​អង្កេត​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ដែល​មាន​ទាក់ទង​យ៉ាង​ស្និត ជាមួយ​មន្ត្រី​យោធា ​នៅ​ក្នុង​តំបន់ ដែល​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ព្រម​ទាំង​ជា​ទីតាំង ដែល​សង្ស័យ​ថា ចម្រាញ់​វល្លិ​រមៀត​ខុស​ច្បាប់​មាន​តម្លៃ​ខ្ពស់។

កូន​ប្រុស​បង្កើត​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី គ្មាន​សង្ឃឹម​សោះ​ឡើយ​ថា រដ្ឋាភិបាល​ រួម​ទាំង​តុលាការ នឹង​ផ្ដល់​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​របស់​លោក ព្រោះ​អ្នក​ជាប់​ពាក់ព័ន្ធ នឹង​ឃាតកម្ម​នេះ គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល និង​តុលាការ អសមត្ថភាព ស្វែង​រក​ឃាតក​ពិត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយសារ​តែ ជន​ដៃ​ដល់ គឺ​ជា​បុគ្គល​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​។

លោក ឆឺយ ឧត្តមរស្មី៖ «អ្នក​ដែល​បញ្ជា​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហ្នឹង ជា​មន្ត្រី​ជាន់​ខ្ពស់​មាន​អំណាច ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។ ខ្ញុំ​គិត​ថា ឃាតកម្ម​បាញ់​សម្លាប់​ឪពុក​ខ្ញុំ​វា​ពិបាក​ណាស់ លុះ​ត្រា​តែ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ថ្មី ហើយ​ខ្ញុំ​សង្ឃឹម​ថា យុត្តិធម៌​នៅ​តែ​មាន​ សម្រាប់​ឪពុក​ខ្ញុំ»។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គការ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កន្លង​ទៅ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជំនាញ​មួយ ចុះ​ទៅ​ពិនិត្យ​ជាក់​ស្ដែង​នៅ​ហ្នឹង​កន្លែង​រួច​ហើយ។ រីឯ​តុលាការ​ក៏​បាន​សម្រេច​ក្ដី ក្នុង​សំណុំ​រឿង​នេះ​រួច​ហើយ​ដែរ ដោយ​ផ្អែក​លើ​ភស្តុតាង​ច្បាស់លាស់។

តែ​យ៉ាង​ណា​លោក​ថា ប្រសិន​បើ​នរណា​ម្នាក់ រក​ឃើញ​ភស្តុតាង​រឹងមាំ បង្ហាញ​ពី​អង្គ​ហេតុ​ជាក់​លាក់ តុលាការ​អាច​នឹង​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ។

លោក ផៃ ស៊ីផាន៖ «អ្វី​ដែល​ជា​ការ​លើក​ឡើង​ មិនមែន​ជា​ផល​ប្រយោជន៍​យុត្តិធម៌​ទេ គឺ​ជា​ការ​លើក​ឡើង ក្នុង​និន្នាការ​នយោបាយ ឬ​ជា​សកម្មជន​ ប៉ុណ្ណឹង​ទេ ពុំ​មែន​ជា​រៀង ជួយ​រក​យុត្តិធម៌ ដល់​អ្នក​ស្លាប់ ហ្នឹង​បាទ»។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​កំពង់​រស់នៅ​ឯ​ប្រទេស​ណ័រវ៉េ លោក ម៉ែន ណាត គ្មាន​ជំនឿ​សោះ​ឡើយ​ថា តុលាការ​នឹង​ស៊ើប​អង្កេត​ដោយ​ត្រឹមត្រូវ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ​ជន​រង​គ្រោះ ព្រោះ​សំណុំ​រឿង​នេះ មាន​ជាប់​ជំពាក់ជំពិន​នឹង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដែល​ច្បាម​យក​ធនធាន​ធម្មជាតិ​របស់​ជាតិ ជា​ប្រយោជន៍​បុគ្គល​បំពាន​ច្បាប់។

លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ​តុលាការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ប្រញាប់​បិទ​សំណុំ​រឿង​ចោល តាម​ខ្សែ​ញាក់​របស់​អ្នក​មាន​អំណាច នៅ​ពី​ក្រោយ​ខ្នង។

លោក ម៉ែន ណាត៖ «អត់​អាច​មាន​យុត្តិធម៌​បាន​ទេ គឺ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ជាប់​ជំពាក់​បទ​ឧក្រិដ្ឋ​ធនធាន​ធម្មជាតិ​ធំ​ណាស់។ យើង​អត់​មាន​រំពឹង​ថា ស៊ើប​អង្កេត​ត្រឹមត្រូវ​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កើត​ទេ បើ​មាន​រដ្ឋាភិបាល​ថ្មី គេ​ជំរុញ​ស៊ើប​អង្កេត​ឡើង​វិញ។ អា​ហ្នឹង​អាច»។

លោក ឈុត វុទ្ធី ត្រូវ ឃាតក​បាញ់​សម្លាប់​នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១២ ខណៈ​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​រូប​ទៀត បាន​ចុះ​អង្កេត​ និង​យក​ព័ត៌មាន​ពី​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ។

មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ តុលាការ​បាន​បិទ​បញ្ចប់ ដោយ​អះអាង​ថា អ្នក​ដែល​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កោះកុង ឈ្មោះ អ៊ិន រតនា ហើយ​ក្រោយ​មក លោក អ៊ិន រតនា បាន​បាញ់​សម្លាប់​ខ្លួនឯង ក្រោយ​ពី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី រួចហើយ។

ការ​បិទ​បញ្ចប់​សំណុំ​រឿង​នេះ គឺ​បន្ទាប់​ពី​គណៈកម្មការ​ចំពោះ​កិច្ច​របស់​រដ្ឋាភិបាល បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ ដោយ​ផ្ទាល់​រួចរាល់។ ចំណែក​ក្រុម​អ្នក ឃ្លាំមើល និង​អង្គការ​សង្គម​ស៊ីវិល​វាយ​តម្លៃ​ថា ឃាតកម្ម​នេះ ការ​បក​ស្រាយ និង​ភស្តុតាង ដែល​តុលាការ​បាន​រក​ឃើញ​ មិន​ទាន់​អាច​ទទួល​យក​បាន​នៅ​ឡើយ​ទេ ហើយ​ការ​បកស្រាយ​ពី​ហេតុផល ក្នុង​សំណុំ​រឿង​នេះ ក៏​ប្រាស​ចាក​ពី​ការ​ពិត​ដែរ។

ពួកគាត់​ចាត់​ទុក ទង្វើ​របស់​តុលាការ​ថា នឹង​បង្កើត​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជន​ល្មើស​រួច​ទោស ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា និង​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ច្រើន​ដែល​តុលាការ​លាក់​បាំង​ការពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។