យុទ្ធនាការ​ជិះ​កង់​ថ្ងៃ​ទី៨ របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ប្រទះ​ឃើញ​បទ​ល្មើស​ព្រៃឈើ​ក្នុង​ព្រៃឡង់

ដោយ សុជីវី
2022.05.18
យុទ្ធនាការ​ជិះ​កង់​ថ្ងៃ​ទី៨ របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ប្រទះ​ឃើញ​បទ​ល្មើស​ព្រៃឈើ​ក្នុង​ព្រៃឡង់ ​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថានធ្វើ​យុទ្ធនាការ​ជិះកង់ នៅ​ជុំវិញ​តំបន់​ព្រៃឡង់ និង​ព្រៃ​ព្រះរកា ពេលទៅដល់​ខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

យុទ្ធនាការ​ជិះកង់ នៅ​ជុំវិញ​តំបន់​ព្រៃឡង់ និង​ព្រៃ​ព្រះរកា របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​ធ្វើ​ដំណើរ​ដល់ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ​ហើយ នៅ រសៀល ថ្ងៃ​ទី១៨ ឧសភា។ ក្រុម​យុវជន ២៥នាក់ បាន​ចាប់​ផ្ដើម​ជិះកង់​ ដោយ​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី១០ ឧសភា មក​ទល់​ពេល​នេះ ធ្វើដំណើរ​បាន​ប្រវែង​ជាង ៤០០គីឡូ​ម៉ែត្រ​ហើយ។

ក្រុម​យុវជន​ចូលរួម​ជិះ​កង់ គឺ ម៉ាចិត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៨ ឧសភា​ថា ក្នុង​ពេល​ដែល​ពួក​លោក កំពុង​ជិះកង់​តាម​ផ្លូវ ក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង និង​ខេត្តក្រចេះ ត្រូវ​បាន​អាជ្ញាធរ​មក​សួរ​នាំ​ជា​ហូរហែ ក្នុង​ន័យ​ការពារ​សន្តិសុខ​សុវត្ថិភាព ពុំ​មែន​គំរាម​កំហែង និង​រារាំង​នោះ​ឡើយ។

លោក​ថា គ្រាន់​តែ​ពួក​លោក​ជិះ​កង់​កាត់ក្នុង​តំបន់​ព្រៃឡង់ ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ប្រទះ​ឃើញ សកម្មភាព​កាប់​ឈើ និង​ដឹក​ឈើ​ប្រភេទ​ឈ្លីច មុខកាត់ ២ តឹក​ឡើង​ទៅ ប្រវែង ជាង ៣ម៉ែត្រ​ឡើង។ ទន្ទឹម​នឹង​នេះ នៅ​គ្រា​ដែល​ឈើ​ប្រណីត កាន់​តែ​ខ្សត់ សូម្បី​តែ​ឈើ​ឈ្លីច ក៏​កំពុង​ត្រូវ​ប៉ាន់​​នៅ​លើ​ទីផ្សារ ហើយ​ឈ្មួញ​កំពុង​តែ​ប្រមូល​ទិញ​យកដែរ។

យុវជន​រូប​នេះ ទទូច​ជា​ថ្មី​ទៀត ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន និង រដ្ឋាភិបាល ត្រូវ​បើក​លំហ​សេរីភាព ឱ្យ​ប្រជា​សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ចូល​ទៅ​ល្បាត​ព្រៃ​ឡើង​វិញ ដើម្បី​ជា​ភ្នែក​ច្រមុះ ការពារ​ព្រៃ​សម្បត្តិ​ជាតិ​ទាំង​អស់​គ្នា៖ «

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ទាំង​នោះ​មក​ពី​សមាគម​ អង្គការ​សង្គម​ស៊ីវិល និង​ ប្រជា​សហគមន៍​មូលដ្ឋាន ចំនួន ១៥ស្ថាប័ន​ បាន​ចាប់​ផ្ដើម​ជិះ​កង់​រយៈ​ពេល ១០ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា ក្រោម​ប្រធាន​បទ “លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ​ និង​សុខុមាលភាព​មនុស្សជាតិ”។

ក្រុម​អ្នក​ជិះ​កង់ ២៥នាក់ ក្នុង​នោះ​មាន​ស្ត្រី ៧នាក់ បាន​ពាក់​ឯកសណ្ឋាន​អាវ​កាន់​ពណ៌លឿង​ភ្ជាប់​ពាក្យ​ស្លោក​ថា លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ ​អម​ដោយ​ទង់​ជាតិ​ខ្មែរ​ ដោត​ជាប់​នឹង​កង។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា យុទ្ធនា​ការ​ជិះកង់​ របស់​ក្រុម​យុវជន គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់ តែ​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។

យុទ្ធនាការ​នេះ ក្រុម​អ្នក​ជិះកង់ បាន​កំណត់​រយៈ​ចម្ងាយ​ចន្លោះ​ពី ៦០គីឡូ​ម៉ែត្រ ដល់ ៧០គីឡូ​ម៉ែត្រ ក្នុង​មួយ​ថ្ងៃ ទើប​ឈប់​សម្រាក​នៅ​ពេល​យប់ ដោយ​ពុំ​បាន​កំណត់​ទី​កន្លែង​ស្នាក់​នៅ​នោះ​ទេ ពោល​ប្រសិន​បើ​ធ្វើ​ដំណើរ​ដល់​កន្លែង​ណា មាន​វត្តអារាម ឬ​ផ្ទះ​អ្នក​ស្រុក ពួក​គេ​នឹង​សុំ​ផ្ទះ​អ្នក​ភូមិ​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន។

ព្រឹត្តិការណ៍​នេះ ក្រុម​យុវជន បាន​បែង​ចែក​យុទ្ធនាការ​ជា ៣សកម្មភាព ដើម្បី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ២០២២ នេះ គឺ​ទី១ នឹង​ជិះកង់​ចម្ងាយ ៦០០គីឡូ​ម៉ែត្រ រយៈ​ពេល ១០ថ្ងៃ។ ទី២ យុទ្ធនាការ​តាម​បណ្ដាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​ព្រៃឈើ និង​ការ​បម្រែបម្រួល​អាកាសធាតុ និង​សកម្មភាព​ទី៣ រៀបចំ​សិក្ខាសាលា​ធំ​មួយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​កិច្ច​ការពារ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។