សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​នៅ​ស្រុក​បរ​កែវ​ខេត្ត​រតនគិរី​កំពុង​បន្ត

ប្រជា​សហគមន៍​ការពារ​ធន​ធាន​ធម្មជាតិ​ភូមិ​លឺហន់ ឲ្យ​ដឹង​ថា កម្មករ​ស៊ី​ឈ្នួល​រាប់​សិប​នាក់​កំពុង​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​បន្ត​ទៀត​នៅ​តំបន់​ព្រៃ​ក្រង​សុទេស ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។
ដោយ រដ្ឋា វីសាល
2009.08.31

ឈ្មោះ ធឿន តំណាង​សហគមន៍ បញ្ជាក់​ថា កម្មករ​ប្រមាណ​៣០​នាក់ ត្រូវ​គេ​ជួល​កាប់​រំលំ​ដើម​ឈើ​ក្នុង​តំបន់​ព្រៃ​ស្រោង​ដែល​សេស​សល់ ដោយ​មាន​លោក អ៊ួន សុវណ្ណា មន្ត្រី​ប៉ូលិស​ព្រំដែន​ដែល​ជា​អ្នក​ទិញ​ដី​នៅ​តំបន់​នោះ​គឺ​ជា​អ្នក​ឈរ​ជើង​ជួល​កម្មករ​ទាំង​នោះ។

លោក អ៊ួន សុវណ្ណា ថ្លែង​យ៉ាង​ដូច្នេះ ៖ «ឈើ​ប្រហែល​មុខ​មួយ​ម៉ែត្រ ពីរ​ម៉ែត្រ នៅ​កាប់​សព្វ​ថ្ងៃ​ហ្នឹង នៅ​កាប់​រហូត។ គេ​ចាប់​តែ​មួយ​ប៉ែក​ខាង​នេះ​ទេ មួយ​ប៉ែក​ខាង​ណោះ​អត់​បាន​ចាប់​ទេ​...»

កាល​ពី​សប្តាហ៍​មុន មន្ត្រី​ព្រៃ​ឈើ​ខេត្ត​រតនគិរី បាន​ចុះ​បង្រ្កាប​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​ដើម្បី​យក​ដី​នៅ​តំបន់​ព្រៃ​ក្រង​សុទេស ជាមួយ​នឹង​ចាប់​ឃាត់​ខ្លួន​កម្មករ​ស៊ី​ឈ្នួល​៧​នាក់ ដែល​កំពុង​ធ្វើ​សកម្ម​ភាព​កាប់​ព្រៃ​ឈើ ប៉ុន្តែ​បាន​ដោះលែង​ទៅ​វិញ​ក្រោម​វិធានការ​អប់រំ​ដោយសារ​ការ​ខូច​ខាត​មាន​ទំហំ​តិច​តួច។ ជាមួយ​គ្នា​នោះ ក្រុម​មន្ត្រី​ព្រៃ​ឈើ​អះអាង​ថា គេ​កំពុង​ស៊ើប​អង្កេត​រក​មេ​ខ្លោង​អ្នក​ជួល​កម្មករ​ទាំង​នោះ។

ជំទប់​ទី​មួយ​ឃុំ​កិចុង លោក រចំ ភឺន មាន​ប្រសាសន៍​ថា វិធានការ​អប់រំ​មិន​ធ្វើ​ឲ្យ​សកម្ម​ភាព​កាប់​រាន​ព្រៃ​ឈើ​បញ្ឈប់​បាន​ឡើយ។ កម្មករ​ដដែល​ត្រូវ​គេ​ជួល​ឲ្យ​កាប់​រាន​បន្ត​ទៀត​ដោយ​មិន​មាន​ការ​រាង​ចាល ៖ «មួយ​ក្រុម​ហ្នឹង​នៅ​កាប់​តើ! នៅ​ចំណុច​ក្រង​សុទេស។ រាយការណ៍​ហើយ គេ​ថា ទៅ​ទប់​ស្កាត់​ហើយ ប៉ុន្តែ​គេ​នៅ​តែ​បន្ត»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ួន សុវណ្ណា មន្ត្រី​ប៉ូលិស​ព្រំដែន​ដែល​គេ​ចោទ​ប្រកាន់​ទាក់ទិន​នឹង​សេចក្តី​រាយការណ៍​ខាង​លើ​បាន​ទេ។

យ៉ាង​នេះ​ក្តី នាយ​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ស្រុក​បរកែវ លោក សៅ វ៉ាន្នី បញ្ជាក់​ថា លោក​បាន​ទទួល​សេចក្តី​រាយការណ៍​នេះ​ដូច​គ្នា ៖ «ខាង​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ហើយ ពី​ថ្ងៃ​ប្រជុំ​ពី​ម្សិល​ម្ង៉ៃ​ហ្នឹង ហើយ​ខ្ញុំ​ថា ថ្ងៃ​ច័ន្ទ ឥឡូវ​ខ្ញុំ​កំពុង​តែ​ហៅ​កូន​ចៅ​ខ្ញុំ​ប្រជុំ​គ្នា​នៅ​ស្នាក់ការ»

តំបន់​ព្រៃ​ក្រង​សុទេស ចាប់​ពី​ឆ្នាំ​២០០៦ រហូត​មក​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​កើត​មាន​ឥត​ឈប់​ឈរ។ កាល​ពី​ឆ្នាំ​២០០៨ មេការ​ក្រុមហ៊ុន​មួយ​ឈ្មោះ វីណា ហុងកុង ហ្រ្គូប ដែល​បោះ​ទីតាំង​ដាំ​កៅស៊ូ​នៅ​តំបន់​នោះ បញ្ជាក់​ថា ពួក​គេ​កាប់​រាន​ដោយសារ​បាន​ទិញ​ដី​ពី​លោក អ៊ួន សុវណ្ណា។ ក៏​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បដិសេច​ថា មិន​មាន​ការ​ទទួល​ស្គាល់​ណា​មួយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​អ្វី​នៅ​តំបន់​នោះ​ទេ។

មន្រ្តី​ស៊ើប​អង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ធ្លាប់​បាន​ស៊ើប​អង្កេត​ករណី​នេះ បញ្ជាក់​ថា គម្រប​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ​នៅ​តំបន់​នោះ ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ដី​នៅ​តំបន់​នោះ​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ ៖ «ជា​ការ​ទទួល​ខុស​ត្រូវ​ធំ​ណាស់ តាំង​ពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ យើង​រាយការណ៍​រហូត។ ទំហំ​នៃ​ការ​កាប់​ព្រៃ​ឈើ​នៅ​ហ្នុង​រាប់​ពាន់​ហិកតារ​ឯ​ណោះ»

ប្រជា​សហគមន៍​ភូមិ​ផ្អរ​និង​មន្ត្រី​មូលដ្ឋាន ឲ្យ​ដឹង​ថា ដី​ចម្ការ​វិល​ជុំ​រាប់​រយ​ហិកតារ​នៅ​តំបន់​នោះ ត្រូវ​អ្នក​ភូមិ​ឈើ​គ្រាង និង​ភូមិ​លឺហន់ លក់​ទៅ​ឲ្យ​ឈ្មោះ អ៊ួន សុវណ្ណា ជា​មួយ​គ្នា​នោះ​ដែរ ព្រៃ​ឈើ​នៅ​ជិត​នោះ​ត្រូវ​គេ​កាប់​រាន​រៀង​រាល់​ឆ្នាំ​ដើម្បី​ពង្រីក​យក​ដី៕

អត្ថបទពេញនិយម
RFA
លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន
អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន ម៉ាណែត ថា ការ​បង្កើត​ចលនា​​ថ្មី​របស់​លោក សម រង្ស៊ី គ្រាន់​តែ​ជា​ការ​ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។