អាជ្ញាធរ​ទាមទារ​របាយការណ៍​ពី​ផល​ប៉ះពាល់​នៃ​អាជីវកម្ម​រ៉ែ​មាស

មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី អំពាវនាវ​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១១ ឲ្យ​មន្ត្រី​មូលដ្ឋាន​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ប្រញាប់​ធ្វើ​របាយការណ៍​ជាក់លាក់​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទាក់ទិន​អាជីវកម្ម​រុក​រក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ក្នុង​ទន្លេ​សេសាន នៃ​តំបន់​ព្រំដែន​ប្រទេស​វៀតណាម ជាប់​នឹង​ខេត្ត​រតនគិរី។
ដោយ រដ្ឋា វីសាល
2011.07.02

សេចក្ដី​អំពាវនាវ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា សាឡង់​ផ្ទុក​ដោយ​គ្រឿង​យន្ត​របស់​ក្រុមហ៊ុន​វៀតណាម បាន​កើន​ឡើង​រហូត​ដល់​បី​គ្រឿង ហើយ​កំពុង​បូម​ដី​ពី​បាត​ទន្លេ​សេសាន ចំណុច​ជាប់​បន្ទាត់​ព្រំដែន​វៀតណាម ក្នុង​ខេត្ត​យ៉ាឡាយ ជាប់​នឹង​ខេត្ត​រតនគិរី ហើយ​ឋិត​នៅ​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​​ ភូមិ​ភិ ទី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំណើត​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ តាំង​ទី​លំនៅ​តាម​ដង​ទន្លេ​នោះ។

អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ធ្វើការ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ដើម្បី​សម្របសម្រួល​បញ្ចៀស​ផល​ប៉ះពាល់​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ។

លោក​បន្ត​ថា ករណី​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​លុះ​ត្រា​ណា​តែ​អាជ្ញាធរ​ខេត្ត​មាន​របាយការណ៍​ជាក់​លាក់​ស្ដីពី​ផល​ប៉ះពាល់​ទាំង​អស់​ដែល​ទាក់ទិន​អាជីវកម្ម​ឆ្លង​ដែន​នេះ ៖ «ប៉ុន្តែ​ខ្ញុំ​គ្រាន់​សុំ​ឲ្យ​មើល​ករណី​ហ្នឹង​ឲ្យ​ច្បាស់។ បើ​យើង​មាន​ដូច​ថា ភស្តុតាង​ឲ្យ​ច្បាស់​អា​ហ្នឹង បាន​ខ្ញុំ​ធ្វើ​លិខិត​ផ្លូវការ​ទៅ​ខេត្ត​យ៉ាឡាយ។ធ្វើ​អាជីវកម្ម​អី​ប្រើ​អាស៊ីដ ប្រើ​ជាតិ​ពុល​អ៊ីចឹង​មែន​អា​ហ្នឹង​វា​ប៉ះ​ពាល់ ហើយ​ព្រោះ​អី​វា​ក្នុង​ទឹក​យើង​ខ្សែ​ទឹក​ខាង​ក្រោម»

អស់​រយៈពេល​ជាង ៣​ខែ​កន្លង​ទៅ​ហើយ ដែល​ក្រុម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​នៃ​ប្រទេស​វៀតណាម បាន​ដាក់​សាឡង់​ប្រដាប់​ដោយ​គ្រឿង​ចក្រ​ចំនួន​ពីរ​គ្រឿង​មក​បោះ​ទីតាំង​នៅ​ចំណុច​កណ្ដាល​នៃ​ទន្លេ ដែល​ជា​ចំណុច​ខណ្ឌ​ចែក​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ពេល​ខ្លះ​សាឡង់​ទាំង​នោះ​បាន​ចល័ត​ចូល​ផុត​បន្ទាត់​ព្រំដែន​មក​ខាង​ដី​ខ្មែរ និង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​បាន​ប្រែក្លាយ​ទៅ​ជា​ល្អក់​ខុស​ធម្មតា មាន​កាក​សំណល់​ប្រេង​អណ្ដែត​ច្រើន​លើ​ផ្ទៃ​ទន្លេ និង​ធ្វើ​ឲ្យ​រមាស់​ប្រសិន​អ្នក​ភូមិ​ចុះ​ងូត​ទឹក​ទន្លេ​នោះ។

ប្រធាន​ភូមិ​ភិ លោក សេវ ឌឿន មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​កក្កដា ឆ្នាំ​២០១១ ថា កុមារ​ក្នុង​ភូមិ​ជាង ១០​នាក់​មាន​ជំងឺ​រមាស់​ពេញ​ខ្លួន ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​កុមារ​ទាំង​នោះ​មុជ​ទឹក​ទន្លេ​មាន​សារធាតុ​កខ្វក់ ឬ​ពុល​ដោយសារ​ការ​រុក​រក​រ៉ែ​មាស​នោះ ៖ «វា​ឡើង​កន្ទួលៗ​ចេញ​ក្រហម​តាម​ខ្លួន។ អ្នក​កើត អ្នក​នៅ​ជាប់​ទន្លេ អ្នក​នៅ​ភូមិ»

ដូច​គ្នា​នេះ​ដែរ ជំទប់​ទី​មួយ​ឃុំ​សេសាន អ្នកស្រី រម៉ាស់ វឿត មាន​ប្រសាសន៍​ថា ជំងឺ​រាករូស​បាន​កើត​មាន​ទៅ​លើ​មនុស្ស​ចាស់ និង​ក្មេង​ក្នុង​ភូមិ ដោយសារ​ប្រើប្រាស់​ទឹក​ទន្លេ​នោះ ៖ «ច្រើន​ក្មេងៗ ហើយ​មនុស្ស​ចាស់​យើង​មិន​សូវ​ប៉ុន្មាន​ទេ វា​ភាគ​តិច​អ៊ីចឹង។ គ្រួសារ​ខ្ញុំ​មិន​ដែល​ហូប​ទឹក​ឆៅ​ទេ សុទ្ធ​តែ​ទឹក​ឆ្អិន ប៉ុន្តែ​នៅ​ដដែល ដូច​ចៅ​ខ្ញុំ​ឈឺ​រហូត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន​រុក​រក​រ៉ែ ឬ​ស្ថានទូត​ប្រទេស​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​កក្កដា ឆ្នាំ​២០១១។
មន្ត្រី​អប់រំ​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក គឺត ទូច មាន​ប្រសាសន៍​ថា វិធានការ​អន្តរជាតិ​មាន​កាតព្វកិច្ច​ការពារ​ផ្នែក​បរិស្ថាន​ឆ្លង​ដែន និង​សិទ្ធិ​រស់​នៅ​របស់​មនុស្ស​គ្រប់​ជាតិ​សាសន៍។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ភារកិច្ច​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្អែក​លើ​វិធាន​ច្បាប់ និង​កិច្ច​សហការ​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ៖ «ខ្ញុំ​ឃើញ​ថា ទំនាក់ទំនង​កម្ពុជា-​វៀតណាម មិន​ជា​ស្ថានភាព​ដែល​ជា​ចំណុច​រសើប​អី​ទេ ហើយ​ជា​ប្រជា​ជាតិ​ដែល​អាច​និយាយ​គ្នា​បាន»

សេចក្ដី​រាយការណ៍​របស់​អ្នក​ភូមិ​ភិ ឲ្យ​ដឹង​ថា ចាប់​ពី​ពាក់​កណ្ដាល​ខែ​មិថុនា រហូត​បច្ចុប្បន្ន សាឡង់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ​កើន​ឡើង​ដល់​បី​គ្រឿង បាន​បង្ក​ផល​ប៉ះពាល់​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ទូក​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ​ក្នុង​ការ​នេសាទ​ត្រី ឬ​ឆ្លង​កាត់​ក្បែរ​សាឡង់ នៅ​វេលា​យប់​ត្រូវ​លិច​ដោយសារ​ទាក់​នឹង​ខ្សែ​យុថ្កា​សាឡង់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។