ចាប់​ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន

អនុ​ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ​កងរាជអាវុធហត្ថ​ខេត្ត​​បន្ទាយមានជ័យ គឺ​លោក ហាម ម៉េង ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​គេ​ស្រាវជ្រាវ​រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខ​សញ្ញា​បង្កើត​ទីតាំង​ផលិត​គ្រឿង​ញៀន​​នៅ​​ក្រុង​ប៉ោយប៉ែត។
ដោយ សួន សុផលមុន្នី
2011.03.24
Share on WhatsApp
Share on WhatsApp

លោក​អនុសេនីយ៍ឯក ធៀម ភក្តី នាយ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿង​ញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្សត្តិ៍ ទី​២៤ ខែ​មីនា ថា ការ​ចាប់​ខ្លួន​​នេះ បាន​ធ្វើ​ឡើង​ដោយ​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ និង​មាន​កិច្ច​សហការ​ពី​មន្ត្រី​តុលាការ​ខេត្ត​បន្ទាយមានជ័យ។

លោក​បន្ត​ថា លោក ហាម ម៉េង ដែល​អតីត​ជា​មេបញ្ជាការ​រង​​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​​ដែរ​នោះ ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​​មន្ទីរ​ឃុំឃាំង​ខេត្ត​បន្ទាយមានជ័យ រួច​ហើយ កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ៖ «ពី​ល្ងាច បន្ទាប់​ពី​ការ​សួរ​យក​ចម្លើយ​របស់​ជន​សង្ស័យ​ទាំង​អស់​ហ្នឹង​មក ប្រមូល​ឃើញ​ថា វា​មាន​ពាក់ព័ន្ធ​នៅ​ក្នុង​ឈ្មោះ​របស់​អាវុធហត្ថ មេ​រង​ម្នាក់ តំណែង​គាត់​ជា​អនុ​ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ វា​ទាក់ទង​ទៅ​នឹង​ផលិត​ថ្នាំ​ញៀន។ យើង​ប្រមូល​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ វា​មាន​សារធាតុ សម្ភារៈ សារធាតុ​លាយ​ថ្នាំ​ពណ៌​អីៗ សម្រាប់​ផលិត​គ្រឿងញៀន សម្រាប់​ផលិត​កែច្នៃ​មាន​ច្រើន​មុខ ប្រហែល ២២​មុខ»

កាល​ពី​យប់​ថ្ងៃ ទី​២២ ខែ​មីនា ឆ្នាំ​២០១១​នេះ សមត្ថកិច្ច​ចម្រុះ ប៉ូលិស ប៉េអឹម សហការ​ជាមួយ​តុលាការ​​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើការ​ចាប់​ខ្លួន​​មនុស្ស ៣​នាក់ និង​ថ្នាំ​ញៀន​ប្រមាណ​ជាង ១​ម៉ឺន​គ្រាប់ នៅ​ក្នុង​ភូមិ​បាលិលេយ្យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

មនុស្ស​ទាំង ៣​នាក់​នោះ ទី​១ ឈ្មោះ ដាលីន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ឈ្មោះ លី សេងរ៉ា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ តាត វ៉ាន់នី ជន​ជាតិ​ថៃ អាយុ ១៨​ឆ្នាំ ជន​សង្ស័យ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។