កម្ពុជារកឃើញមនុស្ស ១០នាក់បន្ថែមទៀតមានជំងឺកូវីដ-១៩
2020.03.20
ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ចំនួន១០នាក់ បន្លែមទៀតកាលពីថ្ងៃទី១៩ មីនាម្សិលមិញ។ ក្រសួងរកឃើញ ជនជាតិម៉ាឡេស៊ី ៦នាក់ និង ជនជាតិខ្មែរចំនួន៤នាក់មានផ្ទុកជំងឺនេះ។
បុរសជនជាតិម៉ាឡេស៊ីទាំង ៦នាក់ អាយុពី២៦ឆ្នាំ ដល់អាយុ ៦២ឆ្នាំ ហើយកំពុងសម្រាកព្យាបាលនៅ ខេត្តកំពង់ចាមចំណែកឯជនជាតិខ្មែរ០៤នាក់នោះរស់នៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក៏កំពុងសម្រាកព្យាបាលដែរ។
ទាក់ទិននឹងការកើនឡើងនៃជំងឺកូវីដ-១៩នេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយ រំឭកដល់រោងចក្រសហគ្រាស និងគ្រឹះស្ថានជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ កាបូបត្រូវអនុវត្តវិធានការ ១២ចំណុច ដើម្បីបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
វិធានការទាំង ១២ចំណុចរបស់ក្រសួងការងារ រួមមានត្រូវរៀបចំម៉ាសសម្រាប់ឱ្យកម្មករពាក់ឱ្យបានគ្រប់គ្រាន់ ត្រូវរឭកកម្មករនៅពេលដែលក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះ រៀបចំឱ្យមានទឹកអាល់កុលសម្រាប់លាងដៃ អនុវត្តការស្វាគមន៍ដោយលើកដៃសំពះ ចាត់វិធានការរក្សាសីតុណ្ហភាព និងរាយការណ៍ទៅទូរស័ព្ទ ១១៥ ប្រសិនណាបើមានកម្មករណាមានកម្ដៅលើសពី៣៧.៥ អង្សា។
ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ មីនា នេះករណីសរុបវិជ្ជមានជំងឺកូវី-១៩នៅទូទាំងប្រទេសមានចំនួន ៤៧នាក់៕