អ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ទៀតបានស្លាប់ដែលធ្វើឱ្យករណីស្លាប់កើនឡើងដល់ជាង ២ពាន់៥រយ (២.៥៤៤)នាក់ហើយ គិតត្រឹមថ្ងៃទី១២ ខែតុលា។ ចំពោះករណីឆ្លងថ្មីមានចំនួន២៦៧នាក់ ក្នុងនោះមាន ១៩នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ នេះជាលទ្ធផលដែលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ភីស៊ីអា(PCR)។
ក្នុងរយៈពេលជិត ២សប្ដាហ៍មកនេះ តួលេខអ្នកឆ្លងថ្មីដែលក្រសួងបានប្រកាសមានជាង ២រយនាក់ក្នុងមួយថ្ងៃ ប៉ុន្តែតួលេខនេះមិនបានរាប់បញ្ចូលលទ្ធផលដែលពិនិត្យតាមឧបករណ៍ធ្វើតេស្តរហ័ស ឬរ៉ាពីដតេស្ដ (Rapid Test) នោះទេ។
គិតត្រឹមព្រឹកថ្ងៃទី១២ ខែតុលា កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ ជាង ១១ម៉ឺន៥ពាន់នាក់ (១១៥.៣៣៥) ក្នុងនោះអ្នកជាសះស្បើយជាង ១សែន៨ពាន់នាក់(១០៨.៨០២)។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩វិញ ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមថ្ងៃទី១១ ខែតុលា រដ្ឋាភិបាលចាក់ជូនពលរដ្ឋអាយុពី ៦ឆ្នាំឡើងទៅបានជាង៩០ភាគរយហើយ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវចាក់សរុបជិត ១៤លាននាក់។
ទោះបីជាក្រសួងសុខាភិបាលចាក់វ៉ាក់សាំងបានជិតសម្រេចផែនការ ១០០ភាគរយ យ៉ាងនេះក្ដី ក៏រដ្ឋាភិបាលកម្ពុជាមិនទាន់ហ៊ានប្រកាសបើកប្រទេសឡើងវិញដូចរដ្ឋាភិបាលថៃនៅឡើយទេ។ ប្រទេសថៃដែលចាក់វ៉ាក់សាំងបានត្រឹមប្រមាណ ៥០ភាគរយនៃចំនួនពលរដ្ឋដែលត្រូវចាក់ទូទាំងប្រទេស បានប្រកាសត្រៀមបើកប្រទេសឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខ ដើម្បីទទួលអ្នកទេសចរអន្តរជាតិទៅលេងកម្សាន្ត ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។