ក្រសួង​សុខាភិបាល​ប្រកាស​អាសន្ន​ករណី​ចម្លង​ជំងឺ​កូវីដ​១៩ ក្រោយ​អ្នក​ជំងឺ​នេះ ៣​នាក់​ស្លាប់

ដោយ មាន ឫទ្ធិ
2021.03.19
ក្រសួង​សុខាភិបាល​ប្រកាស​អាសន្ន​ករណី​ចម្លង​ជំងឺ​កូវីដ​១៩ ក្រោយ​អ្នក​ជំងឺ​នេះ ៣​នាក់​ស្លាប់ ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក អំពាវនាវរួមគ្នា​ដល់​​ពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​សាមគ្គី​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។
Screenshot

ក្រសួង​សុខាភិបាល ប្រកាស​អាសន្ន​ករណី​ចម្លងជំងឺ​កូ​វីដ​១៩ ក្រោយ​អ្នក​ជំងឺ​នេះ ៣​នាក់​បាន​ស្លាប់ ក្រោយ​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។ ការ​ប្រកាស​អាសន្ន​នេះ ធ្វើឡើង​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​រួមគ្នា​មួយ​រវាង​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ មីនា​។ ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​សាមគ្គី​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ថា ជីវិត​របស់​ពលរដ្ឋ​ទាំងអស់គ្នា គឺ​អាស្រ័យ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ។ ក្រសួង​សុខាភិបាល គូស​បញ្ជាក់​ថា ការ​ផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​នេះ ទំនងជា​បង្កឡើង​ដោយ​មេរោគ​បំប្លែង​ថ្មី ដែល​អាច​ឆ្លង​លឿន​ជាង​វីរុស​កូវីដ​១៩ កន្លងមក​។ ដោយឡែក តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​ថា កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​សំខាន់​ណាស់​ក្នុង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​។ អ្នកស្រី​ថា នៅ​មាន​ឱកាស​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ប្រសិនបើ​ពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​សហការ​បញ្ឈប់​ជំងឺ​នេះ​ទាំងអស់គ្នា​ដោយ​សាមគ្គីភាព។

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​១៩ មីនា មាន​អ្នក​កើត​ជំងឺ​កូវីដ​សរុប ១ ៥៧៨​ករណី ក្នុង​នោះ អ្នក​ឆ្លង​ថ្មី​មាន ៣៧​នាក់ អ្នកជា​សះស្បើយ មាន ៩១៧​នាក់​។ រហូត​ដល់​ល្ងាច​ថ្ងៃទី​១៩ មីនា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ កើនឡើង​ដល់ ៣​នាក់​ហើយ​។ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ករណី​ស្លាប់​ទី​ពីរ​ដោយសារ​ជំងឺ​នេះ កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ ៦២​ឆ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ដោយសារ​ជំងឺ​នេះ​ធ្វើ​ឲ្យ​រលាក​សួត​ខ្លាំង និង​ស្ទះ​សរសៃឈាម​បេះដូង ស្រប​ពេល​ដែល​ស្ត្រី​រូប​នោះ ក៏​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើសឈាម និង​ធាត់​ខ្លាំង​។ អ្នកជំងឺ​ទី​ពីរ​នេះ ជា​ប្រពន្ធ​របស់​តារាចម្រៀង​ល្បីឈ្មោះ លោក ហួរ ឡាវី រីឯ ករណី​ស្លាប់​ទី​បី កើតឡើង​ចំពោះ​អ្នកជំងឺ​ម្នាក់​ទៀត អាយុ ៤៦​ឆ្នាំ នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​អ្នកជំងឺ​បាន​រលាក​សួត​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។