រដ្ឋបាល​ក្រុងភ្នំពេញ​បិទ​ទីតាំង​បន្ថែម​រហូត​​ជាង ៦០ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍

2021.02.25
ដោយ មួង ណារ៉េត
រដ្ឋបាល​ក្រុងភ្នំពេញ​បិទ​ទីតាំង​បន្ថែម​រហូត​​ជាង ៦០ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍ សកម្មភាព​ធ្វើ​តេស្ត​រកមេរោគ​កូវីដ-១៩។
រូប​ពី​ហ្វេសប៊ុក

រដ្ឋបាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី២៤ ខែ​កុម្ភៈ ប្រកាស​បិទ​ទីតាំង​បន្ថែម​មួយ​ចំនួន​ទៀត រហូត​ដល់​ជាង ៦០​កន្លែង​។ ទីតាំង​ទាំងនោះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ២០ កុម្ភៈ​។ ស្រប​ពេល​ជាមួយគ្នា ក្រសួងសុខាភិបាល បន្ត​អំពាវនាវ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ប្រញាប់​ចេញ​មក​ធ្វើតេស្ត និង​ធ្វើ​ចត្តាឡីស័ក។

ទីតាំង​ដែល​កើន​ឡើង​ដល់ ៦៣​កន្លែង ដែល​សាលាក្រុង​បញ្ជា​ឱ្យ​បិទ​នោះ មាន​ទាំង​ក្លឹប​កម្សាន្ត ក្លឹប​ខារ៉ាអូខេ ផ្ទះសំណាក់ សណ្ឋាគារ អគារ​ស្នាក់នៅ ឬ Apartments ផ្ទះ​ក្នុង​បុរី ភោជនីយដ្ឋាន កន្លែង​លក់​បបរ​ស រោងការ និង​រោងចក្រ​មួយ​នៅ​ត្រពាំង​ក្រសាំង និង​ហាង​ទំនិញ និង​សាលារៀន​រដ្ឋ និង​ឯកជន​ជាដើម។

ក្រៅ​ពី​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បិទ​ទីតាំង​ជាច្រើន​ផ្សេងទៀត នៅ​ខេត្ត​កណ្តាល និង​ក្រុងព្រះសីហនុ ដែល​សុទ្ធ​តែ​មាន​មនុស្ស​ពាក់ព័ន្ធ ក្នុង​ព្រឹត្តិការណ៍​ចម្លង​ក្នុង​សហគមន៍​នោះ​។ ការណ៍​ដែល​អាជ្ញាធរ ប្រកាស​បិទ​ទីតាំង​ជាច្រើន​កន្លែង នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ទាំង​បី​នេះ គឺ​ដោយសារតែ​អត្រា​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ត​កើន​ឡើង​រាល់ថ្ងៃ​។ កាលពី​ថ្ងៃ​ទី​២៤ ខែ កុម្ភៈ ក្រសួងសុខាភិបាល ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី នៅក្នុង​សហគមន៍ ចំនួន ៣៨ នាក់​ទៀត ដែល​ភាគច្រើន​លើស​លុប​ជា​ជនជាតិ​ចិន​។ ក្នុងចំណោម ៣៨ នាក់​នោះ មាន​៣៥ នាក់​ជា​ជនជាតិ​ចិន ២​នាក់​ជា​ជនជាតិ​វៀតណាម និង​មួយ​នាក់​ជា​ពលរដ្ឋ​ខ្មែរ​។ ចំនួន​នេះ ធ្វើ​ឱ្យ​អ្នក​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ ក្នុង​រយៈពេល ៥ ថ្ងៃ​កន្លង​ទៅ​នេះ មាន​សរុប ១៣៩ នាក់ ដែល​ក្នុង​នោះ ១២០ នាក់​ជា​ជនជាតិ​ចិន។

ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ ក្នុង​សហគមន៍​ជា​លើក​ទី​បី​នេះ កើតមាន​ស្រប​ពេល​រដ្ឋាភិបាល​កំពុង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូ​ហ្វាម (Sinopharm) របស់​ចិន ដែល​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​គុណភាព ពី​អង្គការ​សុខភាព​ពិភពលោក (WHO)

គិត​ចាប់​ពី​ថ្ងៃ​ទី១០ ដល់ ថ្ងៃទី២៤ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល បាន​ចាក់​វ៉ាក់សាំង​នេះ ឱ្យ​ក្រុម​មនុស្ស ដែល​មាន​អាទិភាព​ជាង​១​ម៉ឺន​នាក់ (១០,១១៥)​។ ដោយឡែក​ខាង​ក្រសួងការពារជាតិ ហាក់ដូចជា​ស្រូត​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​កងទ័ព ព្រោះ​រហូត​មក​ដល់​ពេល​នេះ យោធា​ជិត​បួន​ម៉ឺន (៣៦.៧៣៥ )​នាក់ បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ។

ពីរ​ថ្ងៃក្រោយ​ការ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្រសួង​សុខាភិបាល បាន​បង្កើន​សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ ឱ្យ​បាន​ទៅដល់​តាម​បណ្ដា​តាម​ខេត្ត​ក្រុង​ចំនួន ១០​ទៀត បន្ថែម​លើ​ទីក្រុង​ភ្នំពេញ​។ បន្ថែម​លើ​វ៉ាក់សាំង​ស៊ីណូហ្វាម​នេះ ក្រសួង​សុខាភិបាល កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ទទួល​ស្គាល់​វ៉ាក់សាំង​ចិន​មួយ​មុខ​ទៀត​របស់​ក្រុមហ៊ុន​ស៊ីណូវ៉ាក់ (SINOVAC) ដែល​គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ដែរ។

ទោះជា​វ៉ាក់សាំង​ចិន​ទាំងនេះ គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ក្តី ក៏​ប្រទេស​មួយ​ចំនួន ដែល​មាន​អត្រា​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើន បាន​យល់ព្រម​ប្រើ​វា​ជា​បន្តបន្ទាប់​ដែរ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​មួយទៀត គឺ​វ៉ាក់សាំង ចនសុន អែនចនសុន (Johnson & Johnson) បាន​ទទួល​ការ​សរសើរ​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ថា មាន​ប្រសិទ្ធភាព ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ​-១៩​។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA)​នេះ នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ សុក្រ ទី ២៦ ខែ កុម្ភៈ ដើម្បី​សម្រេច​ទទួលស្គាល់​វ៉ាក់សាំង Johnson & Johnson ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន។

ភាព​ពិសេស​នៃ​វ៉ាក់សាំង​នេះ គឺ​ត្រូវ​ចាក់​តែមួយ​ដូស ដែល​ខុស​ពី​វ៉ាក់សាំង​មុនៗ ដែល​ត្រូវ​ចាក់​ពីរ​ដូ​ស​។ ជាង​នេះ​ទៅ​ទៀត វ៉ាក់សាំង​នេះ អាច​ស្តុក​ទុក​ក្នុង​សីតុណ្ហភាព​ត្រឹម ២ ទៅ ៨ ដឺក្រេ​ប៉ុណ្ណោះ​។

អង្គការ​សុខភាព​ពិភពលោក បាន​ទទួល​ស្គាល់​វ៉ាក់សាំង​ពីរ​មុខ​របស់​ក្រុមហ៊ុន​អាមេរិក និង​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​អង់គ្លេស ដើម្បី​ឱ្យ​ចែកចាយ​ទូទៅ​ពិភពលោក​តាម​យន្តការ​សមធម៌ ឬ កូវ៉ាក់ (COVAX)​។ វ៉ាក់សាំង ៦ សែន​ដំបូង​នោះ គឺជា​វ៉ាក់សាំង អាស្ត្រាហ្ស៊េណេកា (AstraZeneca) របស់​សាកលវិទ្យាល័យ​អក់ស្វើដ (Oxford University) នៃ​ចក្រភព​អង់គ្លេស (United Kingdom)

អង្គការ​សុខភាព​ពិភពលោក គ្រោង​នឹង​ចែកចាយ​វ៉ាក់សាំង​ទាំងនេះ ទៅ​ប្រទេស​ក្រីក្រ​ឯទៀត ឱ្យ​បាន​ប្រមាណ ២០០ លាន​ដូស ក្នុង​ត្រីមាស​ទីមួយ​នេះ​។ អង្គការ​នេះ គ្រោង​ចែកចាយ​វ៉ាក់សាំង​ទាំងនេះ រហូតដល់ ២​ពាន់​លាន (,០០០,០០០,០០០) ដូស ត្រឹម​ចុង​ឆ្នាំ ២០២១​នេះ។ ពិភពលោក​ទាំងមូល មាន​ប្រជាជន​សរុប​ជិត ៨​ពាន់​លាន​នាក់ (,៨០០,០០០,០០០)

មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណាមួយ ដែល​ថា​កម្ពុជា នឹង​បាន​ទទួល​វ៉ាក់សាំង​ពី​អង្គការ​សុខភាព​ពិភពលោក នៅ​ពេល​ណា​នៅឡើយ​នោះ​ទេ ស្រប​ពេល​ដែល​អង្គការ​មួយ​នេះ ចាប់ផ្ដើម​ផ្តល់​វ៉ាក់សាំង ៦​សែន (៦០០.០០០) ដូស​ដំបូង​ឱ្យ​ប្រទេស​ហ្កាណា (Ghana) មុនគេ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន បាន​នៅឡើយ​ទេ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​។ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​ដូចជា ប្រញាប់ប្រញាល់ និង​សម្រុក​ចាក់​វ៉ាក់សាំង​ចិន​ឱ្យ​ពលរដ្ឋ​ខ្មែរ ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​នាំ​ពាក្យ​ក្រសួងសុខាភិបាល បាន​បន្ត​អំពាវនាវ កាលពី​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃទី ២៣ ខែ កុម្ភៈ ឱ្យ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​ចាក់​វ៉ាក់សាំង ត្រូវ​ប្រញាប់​ចូលខ្លួន​មក​ចាក់​វ៉ាក់សាំង ទៅតាម​ការ​ជូន​​ដំណឹង៖ «ត្រូវ​មាន​ការស្ម័គ្រចិត្ត ប្រសិនបើ​បងប្អូន​មាន​ទទួល​បាន​នូវ​ការ​អំពាវនាវ​ពី​ក្រសួងសុខាភិបាល មាន​ការ​ជូន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល ទៅតាម​ក្រុម​មនុស្ស ដែល​ត្រូវ​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​។ សូម​អញ្ជើញ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​មក​ទទួល​វ៉ាក់សាំង នៅ​តាម​ទីតាំង ដែល​មាន​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ហើយ​យើង​នឹង​ចេញ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ឱ្យ​ការ​ចាក់​វ៉ាក់សាំង​នេះ គឺ​បាន​គ្របដណ្ដប់​នៅ​ទូទាំង​ប្រទេស​របស់»

កម្ពុជា​ផ្ទុះ​ព្រឹត្តិការណ៍​ចម្លង​ក្នុង​សហគមន៍​ជា​លើក​ទី​បី​ហើយ រួម​ទាំង​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ​ទី ២០ ខែកុម្ភៈ​នោះ​។ ប៉ុន្តែ​តួលេខ​នៃ​អ្នក​ឆ្លង​លើក​នេះ មាន​ច្រើន និង​ឆ្លង​លឿន​ជាង​មុន​។ ក្នុង​នោះ ក្រសួងសុខាភិបាល រក​ឃើញ​មេរោគ​កម្លា​យ​ឬ​បំប្លែង​ថ្មី​បី​ករណី​បន្ថែម​ទៀត​។ ប្រការ​នេះ ធ្វើ​ឱ្យ​អ្នកស្រី ឱ វណ្ណឌី​ន ព្រមាន​នៅ​ក្នុង​សន្និសីទ​ថ្ងៃ​ដដែល​នោះ អំពី​គ្រោះថ្នាក់​ដល់​ស្លាប់ ចំពោះ​អ្នក​ឆ្លង​ជំងឺ​នៅ​ពេល​នេះ ៖ «កុំ​គិត​ថា ទេ​កម្ពុជា​អត់​មាន​អ្នក​ស្លាប់​ផង ទៅ​ភ័យ​អី​! កុំ​មើលស្រាល​ទៅលើ​លទ្ធភាព​នៃ​ការ​វាយលុក​របស់​វីរុស​កូ​វីដ​-១៩ ជាពិសេស អា​ប្រភេទ​បំប្លែង​ថ្មី​នេះ វា​នឹង​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​វិវត្ត​ទៅ​រក​សេចក្តី​ស្លាប់​បាន ប្រសិនបើ​បុគ្គល​នោះ មិន​ទទួល​បាន​នូវ​ការពិនិត្យ​ព្យាបាល បាន​ទាន់​ពេល​វេលា ហើយ​មានការ​ថែទាំ​ត្រឹមត្រូវ ពី​ក្រុម​​​​​​គ្រូពេទ្យ​របស់​យើង​ទេ​នោះ»

តួលេខ​នៃ​កា​រកើនឡើង​រាល់ថ្ងៃ នៃ​អ្នក​ឆ្លង​ក្នុង​សហគមន៍​នេះ ធ្វើ​ឱ្យ​មន្ត្រី​នាំពាក្យ​ក្រសួងសុខាភិបាល និង​តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា ព្រមាន​អំពី​ភាពស្​មុគស្មាញ និង​លំបាក​ខ្លាំង​ជាង​ការ​ឆ្លង​ក្នុង​សហគមន៍​លើក​មុនៗ​។ ពួកគាត់​បារម្ភ​ខ្លាំង ថា​ស្ថានភាព​នេះ អាច​ផ្ទុះ​ឡើងជា​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។