ក្រសួង​សុខាភិបាល​ណែនាំ​ពី​វិធានការ​ការពារ​ជំងឺ​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ

ដោយ ម៉ៅ សុធានី
2019-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

ក្រសួង​សុខាភិបាល ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី៤ ខែ​មេសា​នេះ បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព រួមមាន ការ​ពុល​អាហារ និង​ស្រា ក្នុងអំឡុងពេល​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ។

សេចក្ដី​ណែនាំ​បន្ត​ថា​ដោយសារ បញ្ហា​អាកាសធាតុ​ក្តៅ​ខ្លាំង ការ​បរិភោគ​អាហារ​និង​ភេសជ្ជៈ ការ​ចម្អិន​និង​ទុកដាក់​អាហារ មិន​ត្រឹមត្រូវ នោះ​នឹង​បណ្ដាល​ឱ្យ​ក្អួត រាករូស ជាដើម​។ បន្ថែម​ពី​នេះ ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​អាហារ​គ្មាន​អនាម័យ អាហារ​ជូរ​ផ្អូម និង​ការ​ពុល​ស្រា ដែល​ផលិត​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ។

ទន្ទឹម​នឹង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជុំវិញ​រឿង​ម្ហូបអាហារ និង​ពុល​ស្រា​នេះ ក្រសួង​ក្រសួង​កសិកម្ម បាន​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ African Swine Fever ជា​លើកដំបូង នៅ​ខេត្ត​រតនគីរី ជាប់​ព្រំដែន​វៀតណាម។

ក្រសួងកសិកម្ម​បញ្ជាក់ ថា​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​នេះ បាន​ផ្ទុះឡើង តាំងពី​ថ្ងៃទី២២ ខែ​មីនា មក​ម្ល៉េះ នៅ​ក្នុង​ខេត្ត​រតនគីរី ដែល​ធ្វើ​ឱ្យ​ជ្រូក​ប្រមាណ ៤០០​ក្បាល​ងាប់​។ ជ្រូក ១០០ ក្បាល​ទៀត ត្រូវ​សម្លាប់ និង​កម្ទេច​ចោល។

អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​នាំពាក្យ​ក្រសួង​កសិកម្ម ដើម្បី​សុំ​បំភ្លឺ​បន្ថែម​ករណី​នេះ បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន តែងតែ​សម្ដែង​ក្តី​ព្រួយបារម្ភ អំពី​ការ​នាំ​ជ្រូក​មាន​ជំងឺ​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល