ពលរដ្ឋ​ខ្មែរ​៣នាក់​រួមគ្នា​សង់​រូប​សំណាក​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ទុកជា​ការ​គោរព​និង​ចងចាំ

វ៉ែន សុមេធ
2018-09-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសំណាក​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) (ស្ដាំ) ដែល​ត្រូវ​បាន​រចនា​ដោយ​ជាង​គំនូ ចម្លាក់​ក្បាច់​ខ្មែរ និង​សំណង់​លោក សៀន កាម៉ង់ដង់ (ឆ្វេង)។
រូបសំណាក​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) (ស្ដាំ) ដែល​ត្រូវ​បាន​រចនា​ដោយ​ជាង​គំនូ ចម្លាក់​ក្បាច់​ខ្មែរ និង​សំណង់​លោក សៀន កាម៉ង់ដង់ (ឆ្វេង)។
Photo screenshot

មេជាង​គំនូ ចម្លាក់​ក្បាច់ និង​សំណង់​ដែល​ធ្លាប់ធ្វើ​រូបសំណាក​លោក​បណ្ឌិត កែម ឡី និង​អ្នក​ធ្វើ​ការងារ​សង្គម និង​វប្បធម៌ សិល្បៈ​ពីរ​នាក់​ទៀត បាន​សហការគ្នា​សាងសង់​រូបសំណាក់​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ជិត​រួចរាល់​ហើយ ដើម្បី​ទុកអោយ​មនុស្ស​ជំនាន់​ក្រោយ ចងចាំ និង​គោរព​ដឹងគុណ ចំពោះ​វីរៈភាព និង​ការ​លះ​ដ៏​បង់​ខ្ពស់​របស់លោក​ក្នុង​ការជួយ​ដល់​កុមារ និង​ស្ត្រីកម្ពុជា​រាប់​សិប​ឆ្នាំ​មក។ ពួកគេ​ទាំងបី​នាក់ មាន​គម្រោង​ដង្ហែ​រូបសំណាក់​នោះ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆាប់ៗ​ខាងមុខនេះ ហើយក៏​នឹងមាន​គម្រោង​ធ្វើ​ពិធី​រៃអង្គាសប្រាក់ សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​ទៀតផង។

នេះ​គឺជា​សំឡេង​ដាប់​ដុស និង​ខាត់​ជូត​សម្អាត​លើ​រូបសំណាកស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ដែល​ទើប​ចាក់​ពុម្ព​ធ្វើ​អំពី​ស្ពាន់ កាលពី​ថ្ងៃទី​២១ ខែ កញ្ញា នៅផ្ទះ​មេជាង​គំនូ ចម្លាក់​ក្បាច់​ខ្មែរ និង​សំណង់​ដ៏​ល្បីឈ្មោះ​ម្នាក់ ដែល​ធ្លាប់​ធ្វើ​រូបសំណាក លោក​បណ្ឌិត កែម ឡី គឺ​លោក សៀន កាម៉ង់ដង់ ស្ថិតនៅ​ឃុំ​ជ្រៃលាស់ ស្រុក​ពញ្ញាលឺ ខេត្ត​កណ្ដាល

លោក សៀន កាម៉ង់ដង់ រៀបរាប់​ថា លោក​បាន​ធ្វើ​រូបសំណាក់​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ជិត​រួចរាល់​ហើយ។ លោក​គ្រោង​នឹង​បង្ហើយ​រូបសំណាក​នេះ នៅ​សប្តាហ៍​ក្រោយ។ លោក​បន្តថា រូបសំណាក​នេះ គឺ​ធ្វើ​ពាក់​កណ្ដាល​ខ្លួន ពាក់​វ៉ែនតា នៅ​ក្នុង​ទឹកមុខ​ញញឹម​រាក់ទាក់​ពោរពេញ​ដោយ​បេះដូង​មនុស្សធម៌​ដែល​ធ្លាប់​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ និង​ស្ត្រី​កម្ពុជា​ជិត ៣​ទស្សវត្ស​កន្លង​ទៅ៖ «រូបគាត់​បើ​យើង​គិតពី​មនុស្ស​ឈរ​វិញ​ប្រហែល​ឡើង​ដល់​កម្ពស់​៣​ម៉ែត្រ ព្រោះ​ខ្នាត់​ធំ ប៉ុន្តែ​យើង​ធ្វើ​តែ​មួយ​កំណាត់​ខ្លួន ព្រោះ​យើង​ធ្វើ​ទៅតាម​ថវិកា​ផ្ទាល់ខ្លួន ដោយសារ​យើង​មិន​ត្រូវការ​ជំនួយ។ម្យ៉ាងទៀត ពេល​បញ្ចប់​រូបនេះ​ហើយ យើង​ចង់​មានគំនិត​ផ្សេង​វិញ​គឺ​ចង់​បង្កើត​មូលនិធិ​មួយ​ដែល​គេ​ចូលរួម​ជាមួយ​រូបសំណាក​ដើម្បី​យក​ជំនួយ​នោះ​ទៅ​ជួយ​កុមារ​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៀត។មក​ដល់​ពេល​នេះ គឺ​យើង​ចំណាយលុយ​លើ​រូបនេះ ប្រហែល​ជាង​មួយ​ពាន់​ដុល្លារ​ហើយ»

លោក សៀន កាម៉ង់ដង់ បញ្ជាក់​ថា រូបសំណាក​នេះ​កើតឡើង​ដោយ​មាន​ការ​សហការ​គ្នា​ជាមួយ​នឹង​តារា​សម្ដែង និង​ជា​ផលិតករ​ផលិត​វីដេអូ​អប់រំ​ដ៍​ល្បី​មួយរូប​គឺ លោក តាន់ គឹមសួរ និង​បុរស​ម្នាក់​ទៀត ឈ្មោះ ស្រាន់ សុខរុំ ហៅថា ឌីជេ អាចារ្យធំ ដែល​ជា​សកម្មជន​សង្គម និង​ជា​អ្នក​និយម​អភិរក្ស​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ៖ «ខ្ញុំ​ទាំងបី​នាក់​នេះ មាន​បេះដូង​និង​ទឹកចិត្ត​ដូចគ្នា ហើយ​យើង​និយាយ​គ្នា​តែ ១០​នាទី យើង​សម្រេច​ធ្វើ​រូបសំណាក់​លោក​វេជ្ជបណ្ឌិត​តែម្តង ដោយសារ​ទី​១ យើង​សម្លឹង​ឃើញ​វីរៈភាព​គាត់​ធំធេង​បំផុត​សម្រាប់​ខ្មែរ ជា​ពិសេស​កុមារ​ខ្មែរ ដូច្នេះ​ប្រសិនបើ​គ្មាន​គាត់​ទេ ក៏​យើង​មាន​ការ​លំបាក​ដែរ ដូច​ជា​បច្ចុប្បន្ននេះ គឺ​មន្ទីរពេទ្យ​នានា មិន​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា​ទេ អ៊ីចឹង​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ គឺជា​បេះដូង​របស់គាត់។ ដូច្នេះ​យើង​មិនអាច​អោបដៃ​ឈរ​មើល​បានទេ ព្រោះ​យើង​មាន​ជំនាញ មាន​កម្លាំង និង​មាត់​និយាយ យើង​អាច​ធ្វើ​រូបសំណាក់​នេះ​បាន។ យើង​សាងសង់​រូបនេះ​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង បាន​ស្គាល់​ថា ជនជាតិ​បរទេស​រូបនេះ មាន​គុណ​ធំធេង មាន​មេតា្ត ករុណា មុទិតា និង​ឧបេក្ខា គ្រប់​សព្វ​បែបយ៉ាង»។

លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាន​ទទួល​ទទួលមរណៈភាព ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​កំណើត គឺ​ប្រទេស​ស្វីស កាល​ពី​ថ្ងៃទី៩ ខែ​កញ្ញា បន្ទាប់​ពី​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ជា​យូរ​មកប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​បង្ហាញ​អារម្មណ៍​រំជួល​ចិត្ត សោកស្តាយ​ក្រៃលែង។

លោក ស្រាន់ សុខរុំ ហៅ ឌីជេ អាចារ្យ​ធំ រៀបរាប់​ថា ផ្តើមចេញពី​ការគោរព​ស្រឡាញ់ និង​ដឹងគុណ ចំពោះ​ការលះបង់​ដ៏​មហា​ធំធេង​របស់លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ទើប​បណ្តាល​ឲ្យ​លោក​ទាំងបី នាក់​សម្រេចចិត្ត​សាងសង់​រូបសំណាក់​របស់លោក ដើម្បី​ជាការ​តបស្នង​សងគុណ«គ្រួសារ​របស់ខ្ញុំ​ធ្លាប់​ត្រូវបាន​សង្គ្រោះ​សណ្តោស​ប្រណី​ពី​មន្ទីរពេទ្យ​មួយ​នេះ ដែល​ធ្វើ​ឲ្យ​ប្អូនស្រី​របស់ខ្ញុំ​បាន​រស់​មក​ដល់​ពេល​នេះ ចុះ​ទម្រាំ​មហាជន​ខ្មែរ​ទូទាំងប្រទេស​ដែល​គាត់​បាន​ជួយ​កុមារ​ខ្មែរ​យើង​រាប់លាន​នាក់ ដូច្នេះ​តួអង្គ​លោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ គឺ​ប្រៀបដូចជា​គ្រូពេទ្យ​ទេវតា​នៃ​កុមារ​កម្ពុជា​ទៅហើយ។ អ៊ីចឹង​គុណូបការៈ​របស់​គាត់​ធំធេង​ណាស់ ហើយ​គាត់​ជា​ជាតិ​សាសន៍​ដទៃទៀត ហើយ​ហេតុ​អី​បានជា​គត់​ឈឺឆ្អាល​ចំពោះ​ប្រជាជាតិ​ខ្មែរ​យើង​បែបនេះ។ ករណី​ទាំងអស់នេះ យើង​មិន​អាចព្រងើយ​កន្តើយ​បាន​ទេ ប្រសិនបើ​យើង​ដឹងគុណ​វីរៈជន​នៅថ្ងៃនេះ យើង​នឹង​បណ្តុះ​ឲ្យ​មាន​ឆន្ទៈ​វីរៈជន​នៅ​ថ្ងៃក្រោយ»

អ្នក​និយម​អភិរក្ស​សិល្បៈ​វប្បធម៌​បុរាណ​រូប​នេះ បន្ត​ថា ក្រុម​ការងារ​របស់​លោក មាន​គម្រោង​យក​រូប សំណាក​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆាប់ៗ​ខាងមុខ​នេះ បន្ទាប់​ពី​ធ្វើ​រួចរាល់ ប៉ុន្តែ​យ៉ាងណាក្តី លោក មិន​ទាន់​បាន​ជជែក​គ្នា​អំពី​ការស្នើ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​នៅឡើយ​ទេ។ លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹងមិន​ជំទាស់​ចំពោះ​រូបសំណាក​លោក​វេជ្ជបណ្ឌិត​ឡើយ ព្រោះ​អ្វីដែល​លោក​ធ្វើ​មិន​ពាក់ នឹង​រឿង​នយោបាយ​នោះទេ។ ឌី​ជេ អាចារ្យ​ធំ ឲ្យ​ដឹង​បន្ថែម​ថា លោក​មាន​បំណង​ចង់​បង្កើត​មូលនិធិ ឬ​ចង់​ធ្វើ​ពិធី​រៃអង្គាស​ប្រាក់​ពី​សប្បុរសជន​នានា ក្រោយ​សាងសង់​រូបសំណាក​រួចរាល់ ដើម្បី​យកប្រាក់​ទាំងនោះ ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៖ «យើង​ធ្វើ​រូបសំណាក​គាត់​រួចរាល់​សិន ហើយ​បន្ទាប់​មកក្រុម​ការងារ​ខ្ញុំ ដែល​ផ្ដួចផ្ដើម​សង់​រូបសំណាក់​នេះ នឹង​ជជែក​គ្នា ថា​តើ​យើង​នឹង​ធ្វើ​អ្វី​បន្ត​ទៀត ដើម្បី​ប្រែក្លាយ​ការ​សាងសង់​រូបនេះ អោយ​កើត​ជា​ប្រយោជន៍​សម្រាប់​មន្ទីរពេទ្យ ព្រោះ​យើង​ដឹង​ថា គោលបំណង​របស់លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ មិន​ត្រូវការ​រូបគាត់​ប៉ុណ្ណឹង​ទេ គឺ​គាត់​ចង់អោយ​មន្ទីរពេទ្យ​នេះ ដំណើ​ជា​និរន្តរភាព និង​មាន​ជំនួយ​ជា​ថវិកា​សុទ្ធ​ដើម្បី​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​ដែល​តែងតែ​ចំណាយ​ខ្ទង់លាន​ដុល្លារ​ប្រចាំឆ្នាំ»

តាម​គេហទំព័រ​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យ​ដឹងថា វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ត្រូវ​បាន​កាកបាទក្រហម​ស្វីស​បញ្ជូន មក​បំពេញ​បេសកកម្ម​ដំបូង​នៅ​មន្ទីរ​គន្ធបុប្ផា​ក្នុង​ឆ្នាំ១៩៧៤។ បន្ទាប់​មក លោក​ត្រូវ​បង្ខំ​ចិ​ត្ដ​វិល​ទៅ​មាតុភូមិ​វិញ នៅពេល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច។ លោក​បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា និង​វិល​មក​កសាង​ដឹកនាំ​មន្ទីរពេទ្យ​ឡើងវិញ ក្នុង​ឆ្នាំ​១៩៩២ តាម​សំណើ​របស់​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ រហូតដល់​ឆ្នាំ​២០១៧ ទើប​លោក​លាលែង​ពី​ដំណែង ដោយសារ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង។ របាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បង្ហាញថា ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ព្យាបាល​កុមារ​កម្ពុជា​ជិត ១៨​លាន​នាក់។

ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រសិទ្ធិនាម​ជូន​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធ បុប្ផា ថា ជា​គ្រួ​ពេទ្យ​ទេវតា ជា​វីរៈ​បុរស​បេះដូង​មនុស្សធម៌ ដែល​បាន​ពលី​កម្លាំងកាយ​ចិត្ត និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ផង ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ និង​ស្ត្រី​កម្ពុជា​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ​មក​នេះ

ជាងចម្លាក់​ក្បាច់​ខ្មែរ លោក សៀន កាម៉ង់ដង់ ដែល​មហាជន​ស្គាល់​ច្រើន​បន្ទាប់ពី​បង្ហាញ​ស្នាដៃ​សូន្យ​រូប​របស់លោក​បណ្ឌិត កែម ឡី លើកឡើង​ថា អ្វី​ដែល​លោក​បាន​ធ្វើ​ដូចជា​សូន្យ​រូបសំណាក លោក​បណ្ឌិត កែម ឡី និង​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ នេះ គឺ​គ្មាន​បំណង​កេង​យក​ផលប្រយោជន៍​ឬ​បម្រើ​នូវ​នយោបាយ​ណាមួយ​នោះទេ ប៉ុន្តែ​អ្វីដែល​លោក​បាន​ធ្វើ គឺ​កើត​ចេញ​ពី​ឆន្ទៈ និង​បេះដូង​គោរព​ស្រលាញ់​ពិតប្រាកដ ហើយ​លោក​ប្រកាន់​ជំហរ​ថា អ្នកណា​ធ្វើ​ល្អ គឺ​លោក​គាំទ្រ​និង​បូជា​ការ​គោរព​ចំពោះ​អ្នក​នោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល