«ខ្ញុំ​ឆ្លាត ខ្ញុំ​លាង​ដៃ​នឹង​សាប៊ូ» ដើម្បី​លើក​កម្ពស់​ការ​សិក្សា​ដល់​កុមារ

ក្នុង​ទិសដៅ​កាត់​បន្ថយ​ជំងឺ​លើ​កុមារ ដែល​នាំ​ឱ្យ​មាន​ការ​បោះ​បង់​ការ​សិក្សា ក្រសួង​អប់រំ យុវជន និង​កីឡា គាំទ្រ​ដោយ​អង្គការ​យូនីសេហ្វ (UNICEF) និង​អង្គការ ជី.អាយ.ហ្សិត (GIZ) ប្រទេស​អាល្លឺម៉ង់ បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ទិវា​លាង​សម្អាត​ដៃ និង​អនាម័យ ក្រោម​ពាក្យ​ស្លោក​ថា «ខ្ញុំ​ឆ្លាត ខ្ញុំ​លាង​ដៃ​នឹង​សាប៊ូ»។
ដោយ ឡេង ម៉ាលី
2013-11-28
Share
រតនគិរី រាករូស ៣០៥ ១២-កញ្ញា-២០១០: កុមារ​កើត​ជំងឺ​រាកក្អួត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​រតនគិរី
RFA/Kong Youthana

ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់​ផ្ដើម​ផ្សព្វផ្សាយ​យុទ្ធនាការ​ទិវា​លាង​សម្អាត​ដៃ និង​ទិវា​អនាម័យ​លើក​ទី​៦ ដើម្បី​ពង្រឹង​ការ​អនុវត្តន៍​នៅ​តាម​សាលា​រៀន​ទូទាំង​ប្រទេស និង​លុប​បំបាត់​ការ​សាយ​ភាយ​ជំងឺ​អាច​ទប់ស្កាត់​បាន និង​ដើម្បី​លើក​កម្ពស់​ការ​សិក្សា​របស់​កុមារ។

ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ​ដល់​អ្នក​ចូល​រួម​មក​ពី​បណ្ដា​ខេត្ត​ចំនួន ១៤០​នាក់ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ថា ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បញ្ហា​ខ្វះ​អនាម័យ ក៏​ជា​មូលហេតុ​រួម​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​កុមារ​នៅ​តាម​បណ្ដា​ខេត្ត​ក្រីក្រ​ឈប់​រៀន ព្រោះ​តែ​គេ​មាន​ជំងឺ ហើយ​ឪពុក​ម្ដាយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន។ លោក​ថា យុទ្ធនាការ​លាង​សម្អាត​ដៃ និង​អនាម័យ អាច​ជួយ​កាត់​បន្ថយ​ការ​បោះ​បង់​សាលា​របស់​កុមារ។

លោក ហង់ ជួនណារ៉ុន៖ «នៅ​ខេត្ត​ណា​ដែល​លក្ខខណ្ឌ​អនាម័យ​មិន​សូវ​បាន​ល្អ យើង​ក៏​បាន​ឃើញ​ថា អនាម័យ​នេះ គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ ដែល​ធ្វើ​ឱ្យ​កុមារា​កុមារី​បោះ​បង់​ចោល​ការ​សិក្សា ដោយសារ​តែ​នៅ​ពេល​ដែល​កុមារា​កុមារី​នោះ​ឈឺ គឺ​តម្រូវ​ការ​នៅ​ក្នុង​ការ​ចំណាយ​ខាង​ផ្នែក​សុខាភិបាល​ហ្នឹង​ខ្ពស់។ ដូច្នេះ​ហើយ មាតា​បិតា​ក្រីក្រ​ដែល​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​កូន​ចៅ​បាន គឺ​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ការ​ព្យាបាល​កូន។ អ៊ីចឹង​ហើយ បាន​ជា​ធ្វើ​អត្រា​បោះ​បង់​ចោល​ការ​សិក្សា​ហ្នឹង​ខ្ពស់»

ប័ណ្ណ​ផ្សព្វផ្សាយ​មួយ​បាន​ប្រៀបធៀប​ថា ស្តង់ដារ​អនាម័យ​នៅ​ប្រទេស​កម្ពុជា មាន​កម្រិត​ទាប​ជាង​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ក្នុង​អាស៊ាន ហើយ​បាន​ឱ្យ​ខាត​បង់​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ចំនួន ៤៥០​លាន​ដុល្លារ ហើយ​គិត​ក្នុង​ពលរដ្ឋ​កម្ពុជា ម្នាក់ៗ បាត់​បង់​ថវិកា​ជាង ៣២​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ជំងឺ​រាក និង​ជំងឺ​ផ្លូវ​ដង្ហើម ទាក់ទង​នឹង​កង្វះ​អនាម័យ បាន​ស្រូប​យក​ចំណែក​ដ៏​ច្រើន​ពី​ថវិកា​សម្រាប់​ផ្នែក​សុខាភិបាល។

របាយការណ៍​អង្គការ យូនីសេហ្វ បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា មាន​កុមារ​ប្រមាណ ២​ពាន់​នាក់​ស្លាប់​ដោយសារ​ជំងឺ​រាក​នេះ​ជា​រៀង​រាល់​ឆ្នាំ ទាក់ទង​នឹង​កង្វះ​អនាម័យ។

លោក ហង់ ជួនណារ៉ុន ថ្លែង​ថា ក្នុង​ទិសដៅ​កែលំអ​ប្រព័ន្ធ​អប់រំ​ឱ្យ​បាន​សម្រេច​តាម​គោលដៅ «អប់រំ​សម្រាប់​ទាំងអស់​គ្នា» បញ្ហា​អនាម័យ​ត្រូវ​តែ​មាន​ការ​ពង្រឹង និង​លើក​កម្ពស់​ទាំង​នៅ​ក្នុង​អនាម័យ​សិក្សា​នៅ​តាម​សាលា​រៀន និង​គ្រួសារ​នៅ​តាម​សហគមន៍។

លោក​មាន​ប្រសាសន៍​ទៀត​ថា ទោះ​ជា​ប្រទេស​កម្ពុជា បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​បណ្ដើរៗ​ក្ដី ក៏​ការ​ខ្វះ​អាហារូបត្ថម្ភ ឬ​កង្វះ​ចំណី​អាហារ និង​អនាម័យ នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ឡើយ៖ «ការ​កែលំអ​អនាម័យ​នៅ​តាម​គ្រឹះស្ថាន​នេះ គឺ​នឹង​ជួយ​ដល់​កុមារា​កុមារី​កម្ពុជា អាច​រៀន​សូត្រ​ឱ្យ​បាន​យូរ ហើយ​កាត់​បន្ថយ​អត្រា​បោះ​បង់​ចោល​សាលា ហើយ​ចំពោះ​កម្ពុជា ក៏​អាច​នូវ​គោលដៅ​សហស្សវត្ស ជា​ពិសេស នូវ​របៀបវារៈ​ក្រោយ​ឆ្នាំ​២០១៥ ដែល​ផ្ដោត​ជា​សំ​ខាន់​សម្រាប់​វិស័យ​អប់រំ គឺ​ការ​ទទួល​បាន​នូវ​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌ មាន​ន័យ​ថា ទាំង​គ្រួសារ​ក្រីក្រ ក៏​ដូច​ជា​អ្នក​មាន ក៏​អាច​ទទួល​បាន​ដូច​គ្នា​នូវ​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌ ហើយ​ប្រកប​ដោយ​គុណភាព»

ទាំង​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​យូនីសេហ្វ វាយ​តម្លៃ​ថា ការ​រក្សា​អនាម័យ និង​លាង​សម្អាត​ដៃ​តាម​ពាក្យ​ស្លោក​ថា «ខ្ញុំ​ឆ្លាត ខ្ញុំ​លាង​ដៃ​នឹង​សាប៊ូ» គឺ​ជា​ដំណោះស្រាយ​ងាយៗ និង​ចំណាយ​តិច​ក្នុង​ការ​បញ្ចៀស​ជំងឺ​លើ​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល