កម្ពុជា-ហ្វីលីពីន​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

ដោយ ប្រាជ្ញ ចេវ
2016.12.14
ហ៊ុន សែន រ៉ូឌ្រីហ្គោ ឌូតឺតេ ២០១៦ ៨៥៥ នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតី​ហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ជួប​ពិភាក្សា​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

កម្ពុជា-ហ្វីលីពីន ចុះ​កិច្ចព្រមព្រៀង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។ កិច្ចព្រមព្រៀង​កើត​ឡើង​ក្នុង​ជំនួប​ពិសេស​ពិភាក្សា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព​ក្រុង​ភ្នំពេញ។ ក្រៅ​ពី​នេះ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​មួយ​ចំនួន​ទៀត។

ថ្លែង​ក្រោយ​ជំនួប​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ឲ្យ​ក្រុម​អ្នក​កាសែត​ដឹង​ថា កម្ពុជា-ហ្វីលីពីន ព្រមព្រៀង​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​លម្អិត​ថា តើ​កិច្ចព្រមព្រៀង​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នឹង​ធ្វើ​ដោយ​រូបភាព​បែប​ណា​នោះ​ទេ៖ «កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន វិស័យ​ភេរវកម្ម​ផង គ្រឿង​ញៀន​ផង។ យើង​មាន​កិច្ច​សហប្រតិបត្តិការ យើង​ចុះ​ហត្ថលេខា​វិស័យ​នេះ ប៉ុន្តែ​ទាក់ទង​ការ​លម្អិត ខ្ញុំ​អត់​ដឹង​ទេ​បាទ»

ក្នុង​ពេល​លោក ហ៊ុន សែន ជួប​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នេះ​ដែរ ក្រុម​ការងារ​ពិធីការ​របស់​លោក ហ៊ុន សែន មិន​បាន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​រួម​មាន កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) កាសែត​ខេមបូឌា ដេលី (Cambodia Daily) វិទ្យុ​វីអូអេ (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) ចូល​ទៅ​ថត​រូបភាព​ក្នុង​ពេល​ចុះ​កិច្ចព្រមព្រៀង​ឡើយ ខណៈ​ដែល​ស្ថាប័ន​សារព័ត៌មាន​ផ្សេងៗ​ទៀត​អាច​ចូល​ថត និង​យក​ព័ត៌មាន​ក្នុង​ពេល​ចុះ​ហត្ថលេខា។

មន្ត្រី​រដ្ឋាភិបាល លោក អ៊ាង សុផល្លែត ឲ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ វិស័យ​កីឡា និង​វិស័យ​ទេសចរណ៍។ លោក​បន្ត​ថា កម្ពុជា បើក​ចំហ​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ការ​ផលិត ប្រមូល​ទិញ កិន និង​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​ប្រ​ទេស​ហ្វីលីពីន។

ទាក់ទង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នេះ​ដែរ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ចេញ​វិធានការ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ក្នុង​ពេល​លោក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ប្រកាស​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ រយៈពេល ៦​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ អប់រំ បង្កើន​ការ​យល់​ដឹង​តាម​រយៈ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ពី​បញ្ហា​គ្រឿង​ញៀន បិទ និង​ដកហូត​ច្បាប់​ម្ចាស់​អាជីវកម្ម​ណា​ដែល​ពិនិត្យ​ឃើញ​ថា ទីតាំង​នោះ​មាន​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ទប់ស្កាត់​ការ​លួច​លាក់​នាំ​ចូល​គ្រឿង​ញៀន​តាម​ព្រំដែន ព្យាបាល និង​ស្ដារ​នីតិសម្បទា​ដោយ​ពង្រីក​មណ្ឌល​បណ្ដោះអាសន្ន​សម្រាប់​អប់រំ បន្សាប និង​ព្យាបាល​អ្នក​ដែល​រងគ្រោះ​ដោយ​គ្រឿង​ញៀន និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង និង​អង្គការ​អន្តរជាតិ​សំខាន់ៗ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេល។

ចំណែក​វិធានការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ឈ្មោះ​ជា​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ ពិសេស​សម្លាប់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ក្នុង​ចំណោម​ប្រធានាធិបតី​ទាំងឡាយ​របស់​ប្រទេស​នេះ។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹង​ចាកចេញ​ពី​កម្ពុជា នៅ​យប់​ទី​១៤ ខែ​ធ្នូ នេះ បន្ទាប់​ពី​លោក​បាន​មក​ទស្សនកិច្ច​កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។