អង្គការ​សហប្រជាជាតិបើក​កិច្ចប្រជុំ​បន្ទាន់ ស្តីពី​ជំងឺ​ផ្តាសាយ​ជ្រូក

ដោយ ថន ថារ៉ូ
2018-09-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសញ្ញា​អង្គការ​ស្បៀងអាហារ និងកសិកម្ម​របស់​សហប្រជាជាតិ (FAO)
រូបសញ្ញា​អង្គការ​ស្បៀងអាហារ និងកសិកម្ម​របស់​សហប្រជាជាតិ (FAO)
រូប៖ គេហទំព័រ​​អង្គការ FAO

កិច្ចប្រជុំ​បន្ទាន់​មួយ ត្រូវ​បាន​ឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ពុធ ទី៥ ខែកញ្ញា ដើម្បី​ពិភាក្សា​អំពី​ជំងឺ​ផ្តាសាយ​ជ្រូក។

ជំងឺ​ផ្តាសាយ​ជ្រូក ដែល​មាន​កំណើត​ពី​ទ្វីប​អាហ្រ្វិក (African swine fever) ហើយ​កំពុង​រាតត្បាត​ក្នុង​ទ្វីប​អាស៊ី ដែល​គេ​សង្ស័យ​យ៉ាង​ខ្លាំង​ថា ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​មក​ពី​ប្រទេស​ចិន បន្ទាប់​ពី​ប្រទេស​នេះ​ បាន​សំលាប់​សត្វ​ជ្រូក​ចោល​ជា​ច្រើន​ពាន់​ក្បាល។

តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន អាអេហ្វប៉េ (AFP) អង្គការ​ស្បៀងអាហារ និងកសិកម្ម​របស់​សហប្រជាជាតិ (FAO) ជាអ្នករៀបចំនិងដឹកនាំកិច្ចប្រជុំបន្ទាន់ដែលមានរយៈពេល ៣ថ្ងៃ​នេះ ដោយ​មាន​អ្នក​ជំនាញ​ផ្នែក​ជំងឺ​សត្វ និង​គោល​នយោបាយ​កសិកម្ម មក​ពី​ប្រទេស​កម្ពុជា ជប៉ុន ឡាវ ម៉ុងហ្គោលី ភូមា ហ្វីលីពីន កូរេខាងត្បូង ថៃ វៀតណាម និង​ប្រទេស​ចិន​ចូលរួម។

ប្រទេស​ចិន​ជា​ប្រទេស​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​ផលិត និង​ប្រើប្រាស់​សាច់​ជ្រូក​ច្រើន​បំផុត​ ហើយ​បាន​រាយការណ៏​ពី​ករណី​ទីមួយ​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក​នេះ កាល​ពី​ខែ​សីហា ក្នុង​ខេត្ត លីនីង (Liaoning) របស់​ប្រទេស​ចិន ហើយ​ជំងឺ​នេះ​បាន​រីករាល​ដាល​ឆ្លង​ទៅ​ផ្នែក​ខាង​ត្បូង​របស់​ប្រទេស​ចិន​ ដែល​បង្ខំ​ឲ្យ​អាជ្ញាធរ​ចិន​សំលាប់​សត្វ​ជ្រូក​អស់​ជិត​បួន​ម៉ីន​ក្បាល។

ជំងឺផ្តាសាយ ជ្រូកមិនប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែ​បង្ក​ការ​ឆ្លង​ខ្លាំង​ក្នុង​ចំណោម​សត្វ​ជ្រូក​ចិញ្ចឹម និង​សត្វ​ជ្រូក​ព្រៃ ដោយ​អាច​បណ្តាល​ឲ្យ​វា​ងាប់​ដោយសារ​តែ​ហូរ​ឈាម​ក្នុង​ខ្លួន។

ព័ត៌មាន​ស្តីពីសុខភាព​លើ​​​គេហទំព័រ​របស់​អង្គការ​សុខភាព​ពិភព​លោក (World Health Organization) បញ្ជាក់​ថា មេរោគ​វីរុស​នៃ​ជំងឺ​ផ្ដាសាយ​ជ្រូក​ភាគ​ច្រើន​បំផុត មិន​បណ្ដាល​ឲ្យ​មាន​ជំងឺ​ចំពោះ​មនុស្ស ឬ​មិន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ទេ។ ប៉ុន្តែ​នៅ​ប្រទេស​ខ្លះ​បាន​រាយការណ៍​មក​ថា មាន​ករណី​មនុស្ស​ឆ្លង​មេរោគ​វីរុស​នៃ​ជំងឺ​ផ្ដាសាយ​ជ្រូក​ដែរ។ ករណី​​មនុស្ស​ភាគច្រើន​​ដែល​ឆ្លង​មេរោគ​នៃ​ជំងឺ​នេះ គឺ​អ្នក​ទាំង​នោះ​នៅ​ជិតស្និទ្ធ​នឹង​សត្វ​ជ្រូក​ដែល​ឈឺ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល