វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រក​ឃើញ​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​បាត់ដំបង​កើន​ដល់​១៤០​នាក់

ដោយ វណ្ណ វិចារ
2014-12-20
Share
មណ្ឌល​សុខភាព​រកា បាត់ដំបង ៦២២ ២០១៤ ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​មាន​ជំនាញ​ខាង​ពិនិត្យ​ឈាម​រក​ឃើញ​ថា ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កើន​ឡើង។ ការ​រក​ឃើញ​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល បញ្ជូន​សំណាក​ឈាម​របស់​ប្រជាពលរដ្ឋ មក​ពិនិត្យ​រក​មេរោគ​អេដស៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លោក​វេជ្ជបណ្ឌិត ដេលីយ៉េ ហ្វង់តេនីល (Didier Fontenille) ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​ឃុំ​រកា ស្រុក​សង្កែ នៅ​ខេត្ត​បាត់ដំបង កើន​ឡើង​រហូត​ដល់ ១៤០​នាក់​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ។ ចំនួន​នេះ​អាច​នឹង​កើន​ឡើង​បន្ត​ទៀត នៅ​ពេល​ពលរដ្ឋ​កាន់​តែ​ច្រើន សម្រុក​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​នោះ។

នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី សួរ​ព័ត៌មាន​ពី​បញ្ហា​នេះ នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ប្រាប់​ថា លោក​សុំ​មិន​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នក​កាសែត​បន្ត​ទៀត​ទេ ព្រោះ​ក្រុម​ការងារ​ទាំងអស់ ឯកភាព​គ្នា​ឲ្យ​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាម​រោគ លោក មាន ឈីវុន ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឆ្លើយ​សំណួរ​ជាមួយ​អ្នក​កាសែត ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ធ្នូ ត​ទៅ។

លោក មាន ឈីវុន អះអាង​ថា ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ខេត្ត​បាត់ដំបង អាច​តិច​ជាង​ចំនួន​ដែល​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បញ្ជាក់​ប្រាប់​អ្នក​កាសែត។ លោក​បញ្ជាក់​ថា ក្រសួង​សុខាភិបាល ត្រូវ​រង់ចាំ​ការ​សិក្សា​ស្រាវជ្រាវ​ចប់​សព្វគ្រប់ ទើប​អាច​បង្ហាញ​ព័ត៌មាន​ទាំងអស់​ជា​សាធារណៈ​បាន។

ចំណែក​ឯ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក​វេជ្ជបណ្ឌិត ទៀ ផល្លា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុម​ជំនាញ​មក​ពី​ក្រសួង​សុខាភិបាល និង​អង្គការ​នានា កំពុង​បន្ត​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ឃុំ​រកា។ លោក​បន្ថែម​ថា អ្នក​ជំនាញ​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា និង​ឃុំ​ក្បែរៗ​នោះ ឲ្យ​មក​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍ ដើម្បី​ទទួល​បាន​សេវា​ពិគ្រោះ និង​ព្យាបាល​ទាន់​ពេលវេលា។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច យុវ​នីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ដែល​បាន​ចុះ​ទៅ​សិក្សា​ដល់​ទី​កន្លែង​ដែរ​នោះ​មាន​ប្រសាសន៍​ថា ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា នោះ​កើន​ឡើង ហើយ​វា​ជា​សញ្ញា​គួរ​ឲ្យ​រន្ធត់ និង​ព្រួយ​បារម្ភ។ អ្នកស្រី​បន្ត​ថា គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា នឹង​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល ឲ្យ​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​ឃុំ​រកា ដើម្បី​លើក​ទឹក​ចិត្ត​ពលរដ្ឋ​នៅ​ទីនោះ ឲ្យ​បន្ត​រស់នៅ​ដោយ​មាន​សង្ឃឹម​ត​ទៅ​ទៀត។ អ្នកស្រី​បញ្ជាក់​ថា ក្រៅ​ពី​ពិនិត្យ និង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ប្រាកដ ដែល​បណ្ដាល​ឲ្យ​ឆ្លង​រោគ​នេះ៖ «ក្រសួង​សុខាភិបាល ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ជា​ចម្បង ចំពោះ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល»

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រកា ឲ្យ​ដឹង​ថា អ្នក​ភូមិ​កាន់​តែ​ច្រើន​ឡើង បាន​នាំ​គ្នា​ទៅ​ពិនិត្យ​ឈាម​នៅ​មណ្ឌល​សុខភាព។ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បាន​យក​រថយន្ត​ទៅ​ដឹក​ពលរដ្ឋ​មួយ​ចំនួន​យក​ទៅ​ទទួល​ថ្នាំ និង​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។ ក្រុម​ប្រជាពលរដ្ឋ​សង្ស័យ​ថា អ្នក​ដែល​ត្រូវ​ដឹក​យក​ទៅ​ខេត្ត​ទាំង​នោះ ជា​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ ប្រជាពលរដ្ឋ​នៅ​តែ​តក់ស្លុត និង​ព្រួយ​បារម្ភ​ដដែល​ពី​អនាគត​របស់​ពួក​គាត់។

ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​រក​ឃើញ​ថា មាន​ចំនួន ១០៦​នាក់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា លោក​មិន​ជឿ​ថា​រឿង​នេះ​ជា​ការ​ពិត​នោះ​ទេ។ លោក​ថែម​ទាំង​សង្ស័យ​ថា ម៉ាស៊ីន​ពិនិត្យ​ឈាម​មាន​បញ្ហា​ទៀត​ផង។ បន្ទាប់​ពី​នោះ​មក អាជ្ញាធរ​រាជ​រដ្ឋាភិបាល ក៏​បាន​ព្យាយាម​លាក់​បាំង​តួលេខ​នៃ​អ្នក​ឆ្លង​ថ្មី​តែ​ម្តង។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ ដោយ​បើក​ចំហ​ព័ត៌មាន​ទាំងអស់ ដើម្បី​ងាយ​ស្រួល​សិក្សា​ស្រាវជ្រាវ និង​រក​ដំណោះស្រាយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ព្រមាន​ថា រដ្ឋាភិបាល​ត្រូវ​សិក្សា​ឡើង​វិញ​ពី​ស្ថានភាព​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ទូទាំង​ប្រទេស​ទាំង​មូល​តែ​ម្តង ដើម្បី​ទប់ស្កាត់​វិបត្តិ​សង្គម​ដ៏​ធំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល