អ្នកជំនាញ​ផ្នែក​សុខភាព បារម្ភ​ពី​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា

ដោយ សុ ជីវី
2018-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឱសថ​ក្លែងក្លាយ និង​ផុត​កាល​កំណត់​ចំនួន ៥០០​កេស ដែល​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ក្រាប​រឹបអូស​ពី​ក្រុមហ៊ុន រស្មី សួគ៌ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ ២០១៨។
ឱសថ​ក្លែងក្លាយ និង​ផុត​កាល​កំណត់​ចំនួន ៥០០​កេស ដែល​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ក្រាប​រឹបអូស​ពី​ក្រុមហ៊ុន រស្មី សួគ៌ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ ២០១៨។
រូប៖ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ

អ្នកជំនាញផ្នែក​សុខភាព ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ចរាចរណ៍​ឱសថ ឬថ្នាំ​ពេទ្យ​ក្លែងក្លាយ និង​ឱសថ​អន់​គុណភាព​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខមាលភាព​ប្រជាជន និង​ខឿន​សេដ្ឋកិច្ច សង្គម។ ក្តី​បារម្ភ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ គ្រោង​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព នៅ​ដើម​​ខែ​វិច្ឆិកា។

បើទោះបីជាគ្មាន​តួលេខ​ច្បាស់លាស់​ពី​ចំនួន​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា​ក៏​ដោយ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក សុខភាព​មួយ​ចំនួន សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព កំពុង​ចោទ​ជា​បញ្ហា​យ៉ាង​ស្មុគស្មាញ និង​កំពុង​តែ​រីក​រាល​ដាលបង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព អាយុ​ជីវិត​របស់​មនុស្ស​ជាតិ និង​ធ្វើ​ឲ្យ​រេចរឹល​ដល់​ខឿន​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា និង​បណ្តា​ប្រទេស​ដទៃ​ទៀត។

លោកវេជ្ជបណ្ឌិត​ លី​ ចេងហ៊ុយ​ ដែល​ជា​អ្នក​ជំនាញ​ម្នាក់​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ឱសថ​ ឬ​ថ្នាំ​ពេទ្យ​ក្លែង​ក្លាយ និង​អន់​គុណភាព នៅ​តែ​អាច​ចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា ដូច្នេះ​ក្រសួង​សុខាភិបាល និង​ភាគី​ពាក់ព័ន្ធ គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បង្រ្កាប​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​មាន​ប្រសិទ្ធិភាព​ជាង​បច្ចុប្បន្ន៖ «ខ្ញុំ​អត់​មាន​តួលេខ​បច្ចុប្បន្ន​ទេ។ ប៉ុន្តែ​តាម​ខ្ញុំ​ដឹង ដូច​ជា​ពីរ​បី​ឆ្នាំ​មុន ក្រសួង​សុខាភិបាល បាន​ចេញ​ថា ឱសថ​ក្លែង​ក្លាយ​រាល់​ថ្ងៃ​មាន​ប្រហែល​ជាង ២រយ​មុខ។ មែនទែន​ទៅ ផល​ប៉ះពាល់​ធំ​ណាស់ ព្រោះ​ទី១ ឱសថ​ក្លែងកា្លយ​នេះ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខាត​បង់​លុយ ហើយ​មិន​បាន​ទទួល​ព្យាបាល​អី​ទេ។ ទី២ គឺ​បញ្ហា​ស៊ាំ​ជាតិ​ថ្នាំ ហើយ​ទី៣ អត្រា​មរណៈ​របស់​គាត់​កើន​ឡើង។ ខ្ញុំ​ឃើញ​ក្រសួង​សុខាភិបាល និង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ក៏​បាន​ខិតខំ​ធ្វើ​ការងារ​នេះ​ដែរ ប៉ុន្តែ​នៅ​តែ​មាន​ជន​ខិលខូច​មួយ​ចំនួន។ អ៊ីចឹង​ខ្ញុំ​គិត​ថា វិធានការ​ប្រហែល​ជា​ត្រូវ​បើក​ទូលាយ​ជាង​មុន ហើយ​អាច​ច្បាស់លាស់​ជាង​មុន ដើម្បី​កុំ​ឲ្យ​ជន​ខិលខូច ឆ្លៀត​ឱកាស​ទៅ​លើ​អ្នក​ជំងឺ ឬ​ធ្វើ​អាជីវកម្ម​ឱសថ​ក្លែងក្លាយ»

ទាក់ទង​នឹង​រឿង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (...) នៃ​ក្រសួង​មហាផ្ទៃ ក៏​បាន​សហការ​ជាមួយ​ក្រសួង​ការ​បរទេស ក្រសួង​សុខាភិបាល និង​វិទ្យាស្ថាន​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ (IRACM) នៃ​សាធារណរដ្ឋ​បារាំង គ្រោង​នឹង​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព រយៈ​ពេល ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៥-៦ ខែ​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ។ សន្និសិទ​នេះ ក៏​មាន​ការ​ចូលរួម​ពី​ប្រតិភូ និង​ឥស្សរជន​អន្តរជាតិ​នានា មក​ពី​ប្រទេស​បារាំង ចិន ភូមា ថៃ ឡាវ វៀតណាម និង​តំណាង​ជាន់​ខ្ពស់​អង្គការ​សុខភាព ពិភព​លោក (WHO) រួម​ទាំង​ស្ថាប័ន​ស្រាវជ្រាវ​នានា ពាក់ព័ន្ធ​ជាមួយ​វិស័យ​សុខាភិបាល និង​ផលិតផល​សុខាភិបាល។

អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ មួង ឫទ្ធី និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱក វណ្ណឌីន បាន​ទេ ដោយ​ពួក​គេ​ថា ជាប់​រវល់។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកលី សូវ៉ាន់ មិន​ទទួល​ទូរស័ព្ទ។ រីឯ​មន្ត្រី ដែល​ដាក់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​លើ​សេចក្តី​ប្រកាស​ព័ត៌មាន គឺ​លោក ភូ សុផល បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី​នោះ​ទេ អំពី​គោល​បំណង​សំខាន់ៗ នៃ​សន្និសីទ​ទប់​ស្កាត់​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ៖ «ខ្ញុំ​សូម​អធ្យាស្រ័យ​ដែរ​ថា ពេល​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ ដោយសារ​ខ្ញុំ​ត្រូវ​ឆ្លង​ថ្នាក់​ដឹក​នាំ​សិន ទើប​អាច​បក​ស្រាយ​ជូន​បង​បាន។ និយាយ​រួម​ទាល់តែ​មាន​កម្មវិធី​នោះ​តែ​ម្តង»

ជាញឹកញាប់ គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​ជំនាញ​តែងតែ​រឹប​អូស​យក​ផលិតផល​ខូច​គុណភាព និង​ឱសថ​ក្លែងក្លាយ​ទៅ​បំផ្លាញ​ចោល​ចាប់​ពី​រាប់​សិប​តោន​ដល់​រាប់​រយ​តោន។ ជាក់​ស្តែង កាល​ពី​ថ្ងៃ​ទី១៦ សីហា ឆ្នាំ២០១៨ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​ទីតាំង​នាំ​ចូល និង​ចែក​ចាយ​ឱសថ​មួយ​កន្លែង ឈ្មោះ «រស្មី សួគ៌» ដែល​មាន​ទីតាំង​នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ ដោយ​រឹបអូស បាន​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត និង​ខុស​ស្ដង់ដារ​ចំនួន ២៣មុខ សរុប​ចំនួន ៥០០កេស ស្មើ​នឹង​ជាង ១៣ម៉ឺន​គ្រាប់ និង​ជិត ៧ម៉ឺន​កញ្ចប់ ព្រមទាំង​ឱសថ​ផុត​សុពលភាព​ចំនួន ១២មុខ​ទៀត សរុប ២០ កេស​ថែម​ទៀត។

លោកវេជ្ជបណ្ឌិត​ លី​ ចេងហ៊ុយ​ ពន្យល់​ថា ប្រសិន​បើ​អ្នក​ជំងឺ ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នេះ គឺ​មាន​ន័យ​ស្មើ​នឹង​មិន​បាន​ព្យាបាល ហើយ​ខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​ការ​បាត់បង់​អាយុ​ជីវិត​ទៀត​ផង៖ «ការ​ប្រើ​ឱសថ​ក្លែងក្លាយ​នេះ ស្មើ​នឹង​អត់​ព្យាបាល ហើយ​អាច​បង្កើត​ជំងឺ​ឲ្យ​រឹតតែ​ធ្ងន់ធ្ងរ។ ប្រសិន​បើ​ឱសថ​នេះ ក្លែងក្លាយ​ក្នុង​កម្រិត​មួយ ឧទារហណ៍​ថា វា​មាន​គុណភាព​តែ ៥០ភាគ​ទេ។ ឧទារហ៍​ថា បរិមាណ​វា​ត្រូវ ៥រយ​មីលីក្រាម អ៊ីចឹង​កាល​ណា​វា​មាន​តែ ២៥០មីលីក្រាម អ៊ីចឹង​បើ​សិន​វា​ជា​ថ្នាំ​ផ្សះ ដូចជា ថ្នាំ​អាល់ម៉ុកហ្ស៊ីលីន (Amoxillin) ចឹង​ប្រើ​យូរ​ទៅ វា​ធ្វើ​ឲ្យ​មេរោគ​វា​ធន់​ជាមួយ​នឹង​ថ្នាំ។ ដូច្នេះ​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព ហើយ​ថ្ងៃ​ក្រោយ​គាត់​ប្រើ​ថ្នាំ​លែង​ត្រូវ»

លោកវេជ្ជបណ្ឌិត​ លី​ ចេងហ៊ុយ បន្ថែម​ថា ដើម្បី​ជៀស​ផុត​ពី​ការ​ប្រើប្រាស់​ឱសថ​ក្លែង​ក្លាយ​នោះ អ្នក​ទិញ​ថ្នាំ​ គួរ​តែ​ទៅ​រក​ថ្នាំ​នៅ​កន្លែង​លក់​ថ្នាំ ដែល​មាន​ច្បាប់​អនុញ្ញាត និង​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ លោក វេជ្ជបណ្ឌិត បញ្ជាក់​ថា ឱសថ​ក្លែង​ក្លាយ​ភាគ​ច្រើន​ដាក់​លក់​នៅ​តាម​ឱសថស្ថាន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​អាច​មាន​ដែរ នៅ​តាម​ឱសថស្ថាន​មាន​ច្បាប់​អនុញ្ញាត​ខ្លះ ដោយសារ​ពួក​គេ​ចង់​បាន​ប្រាក់​ចំណេញ​ច្រើន​ជា​ដើម៖ «ជា​ផ្លូវការ​ពឹង​ផ្អែក​ទៅ​លើ​លេខកូដ​របស់​ក្រសុខាភិបាល ដែល​បិទ​នៅ​លើ​ឱសថ នេះ​ទី​មួយ​សំខាន់​ជាង​គេ។ ទី២ គឺ​ឱសថ​នេះ​មាន​ដាក់​ជា​អក្សរ​ខ្មែរ ហើយ​ក្រុមហ៊ុន​ចែកចាយ​ត្រឹមត្រូវ​អត់។ទី៣ យើង​មើល​ទៅ​លើ​ថា តើ​ថ្នាំ​នោះ វា​ស្ថិត​នៅ​លើ​ទីតាំង​ឱសថស្ថាន ដែល​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។អ៊ីចឹង​វា​មាន​កត្តា​ជា​ច្រើន​ផ្គុំ​គ្នា។ យើង​ក៏​ត្រូវ​មើល​ទៅ​លើ​ឈ្មោះ​ថ្នាំ ដែល​វេជ្ជបណ្ឌិត​សរសេរ​ឲ្យ​ទៅ ហើយ​ផ្ទៀង​ជាមួយ​ថ្នាំ​ដែល​ឱសថស្ថាន​ឲ្យ។ បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ គឺ​គាត់​ទៅ​ទិញ​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា និង​ដោយ​ខ្លួន​ឯង ដូច្នេះ​ទើប​គាត់​ប្រឈម។ គាត់​គិត​ថា ទិញ​ឱសថ​ដូច​ទិញ​នំប៉័ង​អ៊ីចឹង​ទៅ»

ភាពអនាធិបតេយ្យនៃ​ការ​លក់​ថ្នាំ​ពេទ្យ​ក្លែងក្លាយ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ថា គឺ​ជា​ភាព​បរាជ័យ​ធំ​មួយ​ទៀត នៃ​ការ​គ្រប់គ្រង​របស់​ក្រសួង​សុខាភិបាល។ កន្លង​មក ​ក្រសួង​សុខាភិបាល​បាន​ត្រឹម​តែ​ចេញ​សេចក្តី​ជូន​ដំណឹង​ហាម​ឃាត់​ការ​លក់​ដូរ និង​ចរាចរណ៍​ផលិត​ផល​ឱសថ​ក្លែង​ក្លាយ​ ប៉ុន្តែ​មិន​បាន​ចាត់​វិធានការ​តាម​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ចំ​ពោះ​​ក្រុម​ហ៊ុន​ ឬ​អ្នក​នាំ​ចូល​ផលិតផល​ឱសថ​ក្លែង​ក្លាយ​នេះ។

យោង​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​របរ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយវេជ្ជសាស្ត្រ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបរបរ វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល ចែង​ថា អ្នក​លក់​ឱសថ​ក្លែង​ក្លាយ ត្រូវ​ទទួល​ទោស​ដាក់​ពន្ធនាគារ​ពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ហើយ​ក្នុង​ករណី​ឱសថ​ក្លែង​ក្លាយ​នេះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយ​អចេតនា អ្នក​លក់​ត្រូវ​មាន​ទោស ជាប់​ពន្ធនាគារ​ពី ១ឆ្នាំ​ទៅ ៣ឆ្នាំ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល