លោក ហ៊ុន សែន ប្ដេជ្ញា​រក្សា​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​មិន​ឲ្យ​ដួល​រលំ

ដោយ យាង សុជាមេត្តា
2017.07.24
អ្នក​ជំងឺ គន្ធបុប្ផា ៦២០ ក្រុម​គ្រួសារ​យក​កុមារ​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា អង្គុយ​រង់ចាំ​នៅ​ខាង​មុខ​មន្ទីរពេទ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៥។
RFA/Sireymuny

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​សន្យា​ថា​នឹង​រក្សា​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា មិន​ឲ្យ​ដួល​រលំ​ឡើយ បើ​ទោះ​ជា​មិន​មាន​ជំនួយ​បន្ត​ទៀត​ពី​ប្រទេស​ស្វីស (Switzerland) ឬ​ដៃគូ​ពាក់ព័ន្ធ​ក្តី។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៦-២០២៥ នា​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​សុខាភិបាល រៀបចំ​ផែនការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ធានា​និរន្តរភាព​កិច្ច​ដំណើរការ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោក ហ៊ុន សែន ថា​កម្ពុជា មាន​លទ្ធភាព​ធ្វើ​កិច្ច​ការងារ​នេះ ដែល​វា​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​កុមារ​កម្ពុជា។ លោក ហ៊ុន សែន ក៏​ទទួល​ស្គាល់​ដែរ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា ជា​មន្ទីរពេទ្យ​ដែល​មាន​វិន័យ​ល្អ មាន​គុណភាព សេវា​ខ្ពស់ និង​ផ្តល់​ការ​ព្យាបាល​ដល់​កុមារ​កម្ពុជា ដោយ​មិន​គិត​ថ្លៃ៖ «ដូច្នេះ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សុខាភិបាល ត្រូវ​តែ​ធានា​ថា មន្ទីរពេទ្យ​មួយ​នេះ បើ​ទោះ​ជា​អត់​ជំនួយ​ពី​ស្វីស អត់​ជំនួយ​ពី​ខាង​ផ្នែក​ដៃគូ យើង​នៅ​តែ​ធានា​ថា មន្ទីរពេទ្យ​នេះ​នៅ​តែ​ជា​មន្ទីរពេទ្យ​ដែល​ធានា​នូវ​សេវា​ធម្មតា​ដូច​ពេល​នេះ»

ការ​ប្រកាស​ធានា​ការ​បន្ត​ដំណើរការ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​ថ្មី​ទៀត​នៅ​ពេល​នេះ ស្រប​ពេល​ដែល​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជា​ជនជាតិ​ស្វីស គឺ​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) កំពុង​ឈឺ​ធ្ងន់ និង​សម្រាក​ព្យាបាល​នៅ​ក្រៅ​ប្រទេស។

កាល​ពី​ថ្ងៃ​ទី​២៨ មីនា ក្រុមប្រឹក្សាភិបាល​របស់​មូលនិធិ​គន្ធបុប្ផា នៅ​ទីក្រុង​ហ្សូរិក (Zurich) ប្រទេស​ស្វីស ឲ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ ហើយ​តែងតាំង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មូលនិធិ​គន្ធបុប្ផា គឺ​លោក​វេជ្ជបណ្ឌិត ភីធីរ ស្ទូដឺរ (Peter Studer) មក​គ្រប់គ្រង​ជំនួស​ជា​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​ដំណើរការ​ដោយ​ឯករាជ្យ ផ្ដល់​សេវា​ថែទាំ​សុខភាព​កុមារ និង​មាតា​ដោយ​ឥត​គិត​ប្រាក់ និង​ធានា​នូវ​គុណភាព​ខ្ពស់។

ដោយសារ​តែ​សេវា​ប្រកប​ដោយ​គុណភាព​ល្អ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ពលរដ្ឋ​ចាត់​ទុក​ថា ជា​មន្ទីរពេទ្យ​គំរូ​មួយ​ដែល​មន្ទីរពេទ្យ​រដ្ឋ​ផ្សេង​ទៀត​គួរ​យក​គំរូ​តាម​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជូន​ពលរដ្ឋ។

ក្នុង​រយៈពេល​ប្រមាណ ២៥​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង ៥៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ព្យាបាល​កុមារ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ថវិកា​ទាំងនោះ​បាន​មក​ពី​រដ្ឋាភិបាល​ស្វីស រដ្ឋាភិបាល​កម្ពុជា និង​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។