លោក ហ៊ុន សែន ទទួល​ស្គាល់​ថា អាជ្ញាធរ​ពិបាក​គ្រប់គ្រង​ឱសថ​ក្លែង​ក្លាយ ដែល​លក់​លើ​អ៊ីនធឹណិត

ដោយ សន ចាន់រដ្ឋា
2018.11.06
ឱសថក្លែងក្លាយ ២០១៨ ឱសថ​ក្លែងក្លាយ និង​ផុត​កាល​កំណត់​ចំនួន ៥០០​កេស ដែល​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ក្រាប​រឹបអូស​ពី​ក្រុមហ៊ុន រស្មី សួគ៌ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ ២០១៨។
រូប៖ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ទទួល​ស្គាល់​ថា អាជ្ញាធរ​របស់​ខ្លួន​មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ឱសថ​ក្លែងក្លាយ​មួយ​ចំនួន ដែល​កំពុង​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឹណិត។

មេ​ដឹក​នាំ​របប​នេះ ក៏​អះអាង​ថា ​នឹង​នៅតែ​បន្ត​នីតិវិធី និង​ចាត់វិធានការ​នានា ដើម្បី​កាត់បន្ថយ​ការ​ធ្វើ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា។ សង្គម​ស៊ីវិល​បាន​លើកឡើង​ថា ការហូរ​ចូល​នៃ​ឱសថ​ក្លែងក្លាយ​មក​កម្ពុជា​អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន ​សែន ​លើកឡើង​ថា ឱសថ​ក្លែងក្លាយ​មួយចំនួន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឹណិត មិន​មាន​ប្រភព​ច្បាស់លាស់ និង​ស្រដៀង​ទៅ​នឹង​ឱសថ​ពិតប្រាកដ ដែល​ជា​ហេតុ​នាំឱ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​គ្រប់គ្រង។

ថ្លែង​កាលពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ចំពោះ​មុខ​តំណាង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ក្នុង​សន្និសីទ​ថ្នាក់​តំបន់ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន អះអាង​ថា ការ​រីករាល​ដាល ​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា អាច​កើត​ឡើង​ទៅ​បាន​ដោយ​សារ​តម្លៃ​ឱសថ​ក្លែងក្លាយ​មាន​តម្លៃ​ទាប យន្តការ​គ្រប់គ្រង​ឱសថ​របស់​ខ្លួន​គ្មាន​ប្រសិទ្ធភាព និង​ជំនាញ​ផ្នែក​ពិនិត្យ​ឱសថ​ក្លែងក្លាយ​នៅ​មាន​កម្រិត៖ «ការ​រីក​រាល​ដាល​ជំនួញ​ឱសថ​ក្លែងក្លាយ ​និង​អន់​គុណភាព​នេះ​អាច​បណ្តាល​មកពី​កត្តា​ជាច្រើន រួម​មាន​តម្លៃ​ឱសថ​ពិត​ប្រាកដ​ ត្រឹមត្រូវ​មាន​តម្លៃ​ខ្ពស់​ យន្តការ​នៃ​ការគ្រប់គ្រង​គុណភាព​ឱសថ​ក្នុងពេល​ផលិត និង​ចរាចរ​នៅ​លើ​ទីផ្សារ​មិន​មាន​ប្រសិទ្ធិភាព ការបណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល​ស្តីពី​ជំនាញ​ត្រួតពិនិត្យ​គុណភាព​ឱស​ថ ​ព្រមទាំង​ការផ្សព្វផ្សាយ​ដល់​ប្រជាជន​ និង​ការត្រួតពិនិត្យ​ឱសថ​ដោយ​សមត្ថកិច្ច​នៅ​មាន​កម្រិត។ កត្តា​ទាំងអស់​នេះ​ផ្តល់​ឱកាស​ដល់​ពួក​ឧក្រិដ្ឋ​ជន ​អាច​កេង​យក​​ប្រយោជន៍​ពី​សង្គមជាតិ ហើយ​បាន​គម្រាម​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព និង​អាយុ​ជីវិត​របស់​ប្រជាជន»

លោក ហ៊ុន សែន ក៏​បាន​អះអាង​ថា របប​របស់​លោក​នឹង​បន្ត​អនុវត្តន៍​នូវ​យន្ត​ការ និង​វិធានការ​មួយ​ចំនួន​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​ឱសថ​ក្លែងក្លាយ​ទាំង​នេះ។

យន្ត​ការ​ទាំង​នេះ​រួមមាន​ការធ្វើ​បច្ចុប្បន្នកម្ម ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​ឆ្នាំ​ ២០១៦ ​ដល់​ ២០២០ ​ការជំរុញ​វិសាលភាព​គ្របដណ្តប់​សុខភាព​សកល​នៅ​កម្ពុជា​ការលើកកម្ពស់​គុណភាព​សុវត្ថភាព​ប្រសិទ្ធភាព​សេវា​សុខភាព និង​ពង្រឹង​ការអនុវត្តន៍​ច្បាប់ និង​បទបញ្ញតិ្ត​ស្តីពី​ការ​គ្រប់គ្រង​ ត្រួត​ពិនិត្យ​គុណភាព និង​ការ​ប្រើប្រាស់​ឱសថ។ ក្រៅ​ពី​នេះ​លោក​ ហ៊ុន សែន ក៏​ស្នើ​សុំ​ដល់​តំណាង​ប្រទេស​អាស៊ាន​ឱ្យ​លើក​យក​បញ្ហា​ឱសថ​ក្លែង​ក្លាយ​ទាំង​នេះ​ដាក់​ចូល​ទៅ​ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស​អាស៊ាន។

ពេល​ថ្មីៗ នេះ​ ក្រសួង​សុខាភិបាល​បាន​ព្រមាន​ជា​បន្តបន្ទាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ជា​ច្រើន​ដែល​បាន​ផ្សព្វផ្សាយ​លក់​នូវ​ផលិតផល​ឱសថ​តាម​បណ្តាណ​សង្គម​ហ្វេសប៊ុក។

ឱសថ​ដែល​ក្រសួង​បាន​ហាមឃាត់ ​ភាគ​ច្រើន​ទាក់ទង​នឹង​ថ្នាំ​ចាក់ ​លេប ​និង​ថ្នាំ​លាប ​ដើម្បី​ជួយ​ព្យាបាល​សុខភាព ថែរក្សា​សម្រស់ ថ្នាំ​ជំនួយ​សុខភាព ថ្នាំ​បំប៉ន​ផ្លូវភេទ​ជា​ដើម​។ ក្រសួង​អះអាង​ថា ឱសថ​ដែល​បាន​ធ្វើ​អាជីវកម្ម​តាម​អ៊ីនធឹណិត​ទាំង​នេះ​ ​មិន​​បាន​ចុះ​បញ្ជិរការ​ត្រឹមត្រូវ​ ​គ្មាន​ការអនុញ្ញាតិ​ពី​ក្រសួង​ ធ្វើ​ការផ្សព្វផ្សាយ​លើក​ពី​ការពិត និង​មាន​ឱសថ​ខ្លះ​មាន​ផ្ទុក​សាធាតុ​គីមី ​ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់​សុខភាព​របស់​ប្រជា​ពលរដ្ឋ។

ក្រសួង​សុខាភិបាល​បាន​ព្រមាន​ម្ចាស់​គណនី​ទាំង​នោះ តាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ ​ប្រសិនបើ​នៅ​បន្ត​ចរាចរ​ឱសថ​ក្លែងក្លាយ​ទាំងអស់​នេះ។

អាស៊ី​សេរី​ក៏​ធ្លាប់​បាន​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយចំនួន ដែល​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ទាំង​នេះ​នៅលើ​អ៊ីនធឹណិត​ផងដែរ។ អ្នក​លក់​ឱសថ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខ្លះ​បាន​អះអាង​ថា មិន​បាន​ដឹង​ច្បាស់​ថា​ឱសថ​ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​មាន​ច្បាប់​អនុញ្ញាតិ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​បន្ទាប់ពី​ក្រសួង​បាន​ប្រកាស​ឱ្យ​បញ្ឈប់​ពួក​គេ​ក៏​លុប​ចោល​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ចោល​វិញ៖ «ពី​ដំបូង​ខ្ញុំ​មិន​បាន​ដឹង​នោះ​ទេ ព្រោះ​ដោយសារ​សួរ​គេ​ទៅ គេ​ថា​របស់​ហ្នឹង​មាន​ច្បាប់​ត្រឹមត្រូវ​ ​មាន​ការនាំចេញ​ ​នាំចូល​ត្រឹមត្រូវ​អ៊ីចឹង​។ ​ដល់​ពេល​ខ្ញុំ​ដឹង​ ​ខ្ញុំ​ក៏​ឈប់​លក់​ទៅ​ ​ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាន​លក់​ចេញ​ដាច់​ទេ។ ផេក ​(Page) ដែល​ខ្ញុំ​ផ្សាយ​ ​(Boost)​ ​លក់​ផលិតផល​បុរស​ហ្នឹង​ ​ក៏​ក្រុមហ៊ុន​ហ្វេសប៊ុក​គេ​រាំង​ខ្ទប់ (Block) មិន​ឱ្យ​យើង Boost ដែរ​ហ្នឹង។ ​វា​ជាប់​ក្នុង​បញ្ជីខ្មៅ​ ​(Blacklist) ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ​អ៊ីចឹង​ក៏​គេ​មិន​ឱ្យ​ Boost ​ដែរ។ តាំងពី​ពេល​នោះ​មក​ ​ខ្ញុំ​មិន​ដែល​លក់​ទៀត​ទេ​។ ​ខ្ញុំ​ទើបតែ​ Boost លើក​ទី​មួយ ហើយ​ក៏​ក្រុមហ៊ុន​ហ្វេសប៊ុក​ចាប់​ទៅ​ រាំង​ខ្ទប់​ផេក​ទៅ ក៏​ខ្ញុំ​លែង​លក់​ ​ខ្ញុំ​អត់​ដែល​លក់​ទៀត​ទេ​ឥលូវនេះ។ (ខ្ញុំ) ឈប់​យូរ​ហើយ»

រដ្ឋធម្មនុញ្ញ​មាត្រា​ ៦៤ ​ចែង​យ៉ាង​ច្បាស់​ថា​ ​រដ្ឋ​ត្រូវ​ហាមឃាត់​ និង​ផ្តន្ទាទោស​ជា​ទម្ងន់​លើ​ជន​ដែល​នាំចូល​ ​ឬ​ផលិត​ទំនិញ​ក្លែងក្លាយ ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នកប្រើប្រាស់។

សង្គម​ស៊ីវិល​ស្នើ​ដល់​ក្រសួង​សុខាភិបាល​ ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង ​ដោយ​នាំ​ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ ​ឬ​អ្នកនាំចូល​ផលិតផល​ឱសថ​ក្លែងក្លាយ​ទាំងអស់​ យក​មក​ផ្តន្ទាទោស​ ​ប្រសិនបើ​រកឃើញ​ថា​ពួកគេ​ពិតជា​បាន​ធ្វើ​ល្មើស​ច្បាប់​មែន​នោះ​ ​មិន​មែន​គ្រាន់​តែ​​​ប្រកាស​ហាមឃាត់​តែ​មួយ​មុខ​បែបនេះ​ទេ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ​លោក​ សន ​ជ័យ​ ​លើកឡើង​ថា​ចំណាត់ការ​របស់​ក្រសួង​ទាក់ទង​នឹង​ផលិតផល​ឱសថ​ក្លែងក្លាយ​កន្លងទៅ គឺ​គ្រាន់តែ​ជា​ការរត់​តាម​ពីក្រោយ​ក្រុមហ៊ុន​ ​ឬ​អ្នកចែកចាយ​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​កន្លងទៅ​ ​ឃើញ​មាន​ការរឹបអូស ​ផលិតផល​ឱសថ​ក្លែងក្លាយ​ យក​ទៅ​បំផ្លាញ​ចោល​ដែរ​ ប៉ុន្តែ​កម្រ​ឃើញ​ក្រសួង​ចាត់វិធានការ​ ចំពោះ​ម្ចាស់​អាជីវកម្ម​ ​ឬ​អ្នក​នាំ​ចូល​ទាំង​នោះ​ណាស់។

លោក​ជឿជាក់​ថា មូលហេតុ​សំខាន់​នៃ​ការ​ហូរ​ចូល​ឱសថ​ក្លែងក្លាយ​ទាំង​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ៖ «វា​មាន​ទិដ្ឋភាព​ថ្មី​នៃ​ការ​លេច​ចេញ​នូវ​រូប​ភាព​ប្រភេទ​ពាក់​កណ្តាល​ឱស​ថ ពាក់​កណ្តាល​អាហារ​បំប៉ន ​ហើយ​មួយ​ទៀត​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រភេទ​ផលិតផល​ជួយ​កម្លាំង​ផ្លូវ​ភេទ​ជា​ដើម។ ពេល​ខ្លះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន គេ​បង្ហាញ​ឱ្យ​ឃើញ​ថា វា​អាច​ព្យាបាល​ជំងឺ​បាន ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​យើង​ហ្នឹង​គាត់​កំពុង​មាន​បញ្ហា​ហ្នឹង​ស្រាប់ អ៊ីចឹង​ទៅ​ឮ​សូរ​គេ​ផ្សព្វផ្សាយ​អំពី​ភាព​អស្ចារ្យ​នៃ​ផលិតផល​នីមួយៗ ហ្នឹង ក៏​ចាប់ផ្តើម​រក​ទិញ។ ពេល​ដែល​ឱកាស​នៃ​ចែកចាយ​ហ្នឹង​ វា​ទូលំទូលាយ​​បែប​នេះ គឺ​ទាំង​ offline ​និង​ online ​ធ្វើឱ្យ​វិធានការ​នៃ​ការ​បង្ក្រាប​ហ្នឹង​ វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ​ដោយសារ​តែ​វិធានការ​បង្រ្កាប​សព្វ​ថ្ងៃ​នេះ នៅ​តែ​ជា​វិធានការ​បង្រ្កាប​បែប​ប្រពៃណី»

លោក សន ជ័យ ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​ដាក់ចេញ​នូវ​វិធានការ​ផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង និង​ជាក់​ស្តែង​ជាង​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ធានា​ថា ឱសថ​ក្លែងក្លាយ​នឹង​អាច​ចរាចរ​លើ​ទីផ្សារ​កម្ពុជា​បាន​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។