និស្សិត​កូរ៉េខាងត្បូង​ពីរ​នាក់​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា​ដោយ​អាការ​ចុកពោះ​ខ្លាំង

ដោយ ថន ថារ៉ូ
2019.01.16

អាជ្ញាធរ​កូរ៉េខាងត្បូង នឹង​ធ្វើ​កោសល្យវិច័យ​លើ​និស្សិត​ពីរ​រូប ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​បី​ក្រុម​គ្រូពេទ្យ​ក្នុង​ប្រទេស​កម្ពុជា រក​មិន​ឃើញ​ពី​មូល​ហេតុ​ដែល​បណ្ដាល​អោយ​អ្នក​ទាំងពីរ​នាក់​ស្លាប់​នោះ។

សារព័ត៌មាន​កូរ៉េ ថាមស៍ (The Korea Times) ផ្សាយ​​ឲ្យ​​ដឹង​ថា អ្នក​ជំនាញ​នៃ​មន្ទីរ​ធ្វើ​កោសល្យ​វិច័យ​​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង នឹង​វះ​ពិនិត្យ​សាកសព​របស់​និស្សិត​ស្រី​កូរ៉េ​ទាំង​ពីរ​រូប នៅ​ពេល​ដែល​សាកសព​របស់​ពួកគេ ត្រូវ​បាន​បញ្ជូន​មក​ពី​ក្រុង​ភ្នំពេញ​​ក្នុង​ពេល​ខាងមុខនេះ។

វេជ្ជបណ្ឌិត​នៃ​សាកលវិទ្យាល័យ​កុនយ៉ាន (Konyang) នៃ​ប្រទេស​កូរ៉េខាងត្បូង លោក វ៉ាង វ៉ុនមីង (Hwang Won-min) បាន​ប្រាប់​ក្រុម​អ្នកកាសែត​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​១២ មករា ថា ក្រុម​គ្រូពេទ្យ​របស់​លោក បាន​ធ្វើ​តេស្ត​សំណាក​ឈាម​ដោយ​សង្ស័យ​ថា ពួកគេ​មាន​ជំងឺ​គ្រុនពោះវៀន ប៉ុន្តែ​លទ្ធផល​ពិសោធន៍​មិនបាន​រក​ឃើញ​ដូច្នេះ​ទេ។ លោក​បន្ត​ថា ក្រុម​គ្រូពេទ្យ​របស់​លោក​ថា ពួក​នាង​ទាំងពីរ​អាច​មាន​ជំងឺ​ដោយសារ​មេរោគ​ឆ្លង ដូចនេះ​ក្រុម​គ្រូពេទ្យ​កូរ៉េខាងត្បូង ត្រូវការ​ពេលវេលា​នឹង​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត ដើម្បី​​ឲ្យ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់​របស់​និស្សិត​ទាំងពីរ​រូប​នេះ។

និស្សិត​កូរ៉េខាងត្បូង​ពីរ​នាក់​នេះ ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ថ្ងៃទី៨ មករា បន្ទាប់ពី​ពួក​នាង​ទាំងពីរ​នាក់ មាន​អាការ​ឈឺ​ក្នុង​ពោះ​ខ្លាំង។ បន្ទាប់ពី​ទទួល​បាន​ការ​ព្យាបាល​ដោយ​គ្រូពេទ្យ​កម្ពុជា​រួចហើយ ពួក​នាង​ទាំងពីរ​ក៏​វិល​ត្រលប់​ទៅ​សណ្ឋាគារ​ដែល​គេ​ស្នាក់នៅ​វិញ​នៅ​ថ្ងៃ​បន្ទាប់ តែ​អាការរោគ​ចុកពោះ​នោះ​បាន​វិល​មកវិញ ហើយ​ធ្វើ​​ឲ្យ​​និស្សិត​ម្នាក់​ស្លាប់​នៅ​យប់​ថ្ងៃ​ទី​៩ មករា ហើយ​ម្នាក់ទៀត​ស្លាប់​នៅ​ថ្ងៃ​ទី​១០ មករា។

តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កម្ពុជា និស្សិត​ទាំងពីរ​រូប​ស្លាប់​ដោយសារ​ការ​គាំងបេះដូង។ មុន​ពេល​និស្សិត​ទាំងពីរ​នាក់​មាន​អាការ​ឈឺ​ចុកចាប់​ក្នុង​ពោះ ពួកគេ​ទាំងពីរ​រួម​ជាមួយ​និស្សិត​ពីរ​នាក់​ផ្សេងទៀត បាន​ញាំ​អាហារ​ភីហ្សា (Pizza) និង​ស្រាបៀរ​នៅ​ក្នុង​ហាង​មួយ​ជិត​សណ្ឋាគារ​ដែល​គេ​ស្នាក់នៅ។ ទោះ​យ៉ាង​នេះ​ក្តី និស្សិត​ពីរ​នាក់​ផ្សេងទៀត ដែល​បរិភោគ​អាហារ​ជាមួយគ្នា មិន​បាន​ឈឺ​នោះ​ទេ។ និស្សិត​កូរ៉េខាងត្បូង​ទាំងពីរ​នាក់​នេះ ធ្វើការ​ជា​អ្នកស្ម័គ្រចិត្ត​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​និស្សិត​កូរ៉េ ១៤​នាក់ និង​គ្រូ​របស់​គេ ៣​នាក់​ផ្សេងទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។