ក្រសួង​សុខាភិបាល​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ករណី​ពុល​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ មិថុនា

ដោយ មួង ណារ៉េត
2019-06-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
Photo: RFA

ក្រសួងសុខាភិបាល​ជូនដំណឹង​ដល់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ ករណី​មាន​ពុល​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ មិថុនា ក្រោយពី​មានការ​ប្រកាស​ជា​សាធារណៈ​ពី​មេដឹកនាំ​បក្ស​កាន់អំណាច និង​មេ​បក្ស​ប្រឆាំង ឱ្យ​អ្នកគាំទ្រ​បក្ស​របស់​ខ្លួន​ជួបជុំគ្នា​ហូប​នំ​បញ្ចុក។ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ការ​បង្ហាញ​កម្លាំង​ដាក់គ្នា​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ​រូបភាព​ពី​ការ​កៀរគរ​ប្រមូលផ្ដុំ​មនុស្ស​ទៅជា​ការ​ជួប​ជុំគ្នា​ហូប​បញ្ចុក​វិញ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ និង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល លោក លី សុវ៉ាន់ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា គ្រប់​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​ទាំងអស់ បាន​ត្រៀមលក្ខណៈ​សង្គ្រោះ​បន្ទាន់ ដោយមាន​រថយន្ត​ចល័ត រថយន្ត​សង្គ្រោះ​ប្រចាំការ​២៤​ម៉ោង ក្នុង​ករណី​មាន​ពលរដ្ឋ​ពុល​នំ​បញ្ចុក៖ «យើង​បាន​ជម្រាប​ជូន​មន្ត្រី​សង្គ្រោះ​បន្ទាន់​នៅ​ទូទាំង​ប្រទេស​ហ្នឹង ឱ្យ​ត្រៀមលក្ខណៈ ជានិច្ច​ក្នុង​ការ​តាមដាន​សុខភាព​របស់​ប្រជាពលរដ្ឋ បើ​សិន​ជា​មាន​ការងារ​អ្វី​ត្រូវ​ចុះ​អន្តរាគមន៍​ជាបន្ទាន់​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា មិន​អាច​មាន​ករណី​នេះ​កើតឡើង​បានទេ​។ ប៉ុន្តែ​យើង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាង​មិច ត្រៀម​លក្ខណៈ​ជានិច្ច​ក្នុង​ការ​បង្ការ​ទុកជាមុន​។ នៅ​ភូមិ​ណា ឃុំ​ណា​ក៏​ដោយ​បើសិន​ជា​មាន​ករណី កើតឡើង​សូម​រាយការណ៍​ជាបន្ទាន់​មក​លេខ​១១៥»

លោក លី សុវ៉ាន់ ក៏​អំពាវនាវ​ដល់​អ្នកចូលរួម​រៀបចំ​នំ​បញ្ចុក​ទាំងអស់ ទាំង​អ្នកធ្វើ​នំ​បញ្ចុក អ្នកធ្វើ​ទឹក​សម្ល និង​រៀបចំ​បន្លែ លាង​ឱ្យ​បាន​ស្អាត និង​ត្រូវ​រក្សា​អនាម័យ​ឱ្យ​បាន​ខ្ពស់ ដើម្បី​ជៀសវាង​ពី​ការ​ពុល​ដោយហេតុ​ណាមួយ។

អតីត​ចៅសង្កាត់​អូរចារ នៅ​ក្រុង​បាត់ដំបង កញ្ញា ស៊ិន ពៅចាន់រ៉ូហ្សេត ឱ្យ​ដឹង​ថា អាហារដ្ឋាន​របស់​កញ្ញា​ដែល​មាន​លក់​នំ​បញ្ចុក នឹង​បិទ​មួយថ្ងៃ​នៅ​ថ្ងៃទី៩ មិថុនា ព្រោះថា​មានការ​ជួបជុំគ្នា​ពិសា​នំ​បញ្ចុក​តាម​ភូមិ​ស្រុក​ដែល​ពលរដ្ឋ​ធ្វើ​ហូប​ដោយ​ខ្លួនឯង។ ទោះបីជា​យ៉ាងណា កញ្ញា ពៅចាន់រ៉ូហ្សេត បញ្ជាក់​ថា នឹង​ចូលរួម​ហូប​នំ​បញ្ចុក​ជាមួយ​ក្រុម​រួម​ការងារ​គណបក្ស​សង្គ្រោះជាតិ ប្រសិនបើ​មានការ​ណាត់គ្នា​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ថ្ងៃអាទិត្យ​ទី​៩ មិថុនា​៖ «ការ​ជួបជុំ​បញ្ជាក់​ពី​ការ​សាមគ្គី​ហ្នឹង ទៅតាម​បងប្អូន​យើង​ដែល​យល់ឃើញ​រៀងខ្លួន​ទេ​។ ឧទាហរណ៍​ថា បើ​ស្អែក​ហ្នឹង ខ្ញុំ​បាន​ចូលរួម​ជាមួយ​អតីត​អ្នក​រួម​ការងារ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក ពួក​ខ្ញុំ​មិនដែល​បាន​ជួបជុំគ្នា​ទាល់តែសោះ។ ដូច្នេះ​ហើយ ខ្ញុំ​ខ្លួនឯង​ក៏​ត្រូវ​ស្វែងរក​អតីត​មិត្ត​រួម​ការងារ គេ​ធ្វើ​កម្មវិធី​នំ​បញ្ចុក ខ្ញុំ​នឹង​ទៅ​ចូលរួម​ជាមួយ​ពួកគាត់​ទាំងអស់​គ្នា ដើម្បី​បាន​សួរសុខទុក្ខ​នឹករលឹក​គ្នា ធ្លាប់​ធ្វើការ​ជាមួយគ្នា​ដប់​ម្ភៃ​មក​ហើយ កន្លងមក»

កាលពី​ថ្ងៃទី៦ មិថុនា លោក ហ៊ុន សែន បាន​ប្រកាស​​ជា​សាធារណៈ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ទាំងអស់ នាំគ្នា​ហូប​នំ​បញ្ចុក ដូចគ្នា​នឹង​ទៅ​ការ​អំពាវនាវ​របស់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​កំណត់​យក​ថ្ងៃ​ទី៩ មិថុនា ជា​ថ្ងៃ​ជួបជុំគ្នា​ហូប​នំ​បញ្ចុក។ ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា ជម្លោះ​នយោបាយ​ទាំងពីរ​បក្ស មិន​អាច​ឈាន​ដល់​មាន​កិច្ច​ចរចារ​បញ្ចប់​ជម្លោះ​នឹង​គ្នា​បានទេ​។ លោក ហ៊ុន សែន អះអាង​ថា មូលហេតុ​ដែល​លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ហូប​នំ​បញ្ចុក​ជាមួយ​គ្នា​នេះ គឺ​គ្រាន់តែ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការប្រើប្រាស់​និង​បង្កើន​ទីផ្សារ​អង្ករ និង​បន្លែ​ក្នុងស្រុក​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា ប្រសិនបើ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា នោះ​ទិវា​នំ​បញ្ចុក​នឹង​ក្លាយ​ជា​ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ។

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​រវាង​ក្រុម​អ្នកគាំទ្រ​បក្ស​ទាំងពីរ ដែល​ធ្វើតាម​ការ​បង្គាប់​បញ្ហា​ពី​អ្នកនយោបាយ​នេះ គ្រាន់តែ​ជា​ការ​បង្ហាញ​កម្លាំង​ដាក់គ្នា​ទៅវិញទៅមក ដោយ​ប្រែក្លាយ​រូបភាព​ពី​ការ​កៀរគរ និង​ប្រមូលផ្ដុំ​មនុស្ស ទៅជា​ការ​ជួប​ជុំ​គ្នា​ហូប​បញ្ចុក​វិញ​ប៉ុណ្ណោះ​។ លោក​បណ្ឌិត មាស នី យល់ថា ការ​ងាក​មក​រក​ការ​ជួប​ជុំ​គ្នា​បែបនេះ អាច​ជា​មធ្យោបាយ​មួយ ដើម្បី​បញ្ចៀស​និង​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់គ្នា និង​ឈប់​ចង់​គំនុំ​គ្នា​តទៅទៀត​៖ «​បាទ​! ខ្ញុំ​មើល​ទៅ​វា​មានតែ​ប៉ុណ្ណឹង ហើយ​មិនមែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​រឿង​ដែល​ធ្វើ​រាល់​អាទិត្យ​ទេ​។ គ្រាន់តែ​ចង់​ថា កម្លាំង​ស្អែក​នេះ កម្លាំង​ខាង​គណបក្ស​កាន់អំណាច​ហ្នឹង បើ​មក​ហូប​នំ​បញ្ចុក​វា​គគ្រឹកគគ្រេង​ប៉ុណ្ណា។ អានេះ​ជាមួយ​ផ្នែក​ដើម្បី​ឌឺដង​ទៅ​ខាង​សង្គ្រោះ​ជាតិ​ដែល​ខំ​ប្រមូលផ្ដុំ​ហូប​នំ​បញ្ចុក​ប៉ុន្មាន​ថ្ងៃមុន​ហ្នឹង​។ រឿង​តែ​ប៉ុណ្ណឹង​ទេ ល្បែង​ក្មេង​ទាំងពីរ​នាក់​ហ្នឹង គឺ​មានតែ​ប៉ុណ្ណឹង​ទេ គឺ​អត់​មានអី​លើស​ពី​ហ្នឹង​ទេ»

អ្នកវិភាគ​និង​សង្គម​ស៊ីវិល​លើកឡើង​ថា រឿងរ៉ាវ​ដែល​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​នោះ គឺ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ជាមួយ​គណបក្សប្រឆាំង ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា​របស់​អន្តរជាតិ ជាពិសេស​ពី​សហគមន៍​អឺរ៉ុប ដែល​កំពុង​ពិនិត្យ​និង​ពិចារណា​ក្នុង​ការ​ព្យួរ​អនុគ្រោះ​ពន្ធ EBA ដល់​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

special free eat food noodle poison coming...poison food special deliverty coming...poison poison poison and u want to live free or die like in a 2nd killing fields again...don't join of mass killing again

Be red alert...to all khmer pple and get be smart thinking before any worst scenario coming to u or everybody out there,don't let anyone to bullying u around,or keeping to killing u around.No any khmer leaders,or world leaders history try to appeal its pple comes to join free noodle eater either...it's so weird like HS and Pol Pot did during the killing fields"please don't go or risk your life...this very trick...mass killing trap awaiting u".No any countries eat food noodle for friendship,or peace at all.Just think how about the pple who rate food noodle on the streets everyday for many generations by without any leader appeal it"is not friendship,or isn't peace...?my friend.Everybody can afford to eat this food noodle at anytime they wan"this old trick khmer rouge still alive today"watch out there...u can eat anywhere if u want,but not like this is unsafety at all.

Jun 10, 2019 05:15 PM

គេហទំព័រ​ទាំងមូល