សង្គម​ស៊ីវិល​ផ្នែក​សុខភាព​បន្ត​ពូជ​ព្រួយ​បារម្ភ​ពី​កំណើន​នៃ​ការ​រួម​ភេទ​ក្នុង​ចំណោម​យុវ​សិស្ស

ដោយ យ៉ង ចាន់តារា
2015-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២១-ធ្នូ-២០១៥៖ គេហទំព័រ​នៃ​គម្រោង​របស់​ក្រសួង​អប់រំ ស្ដីពី "យុវវ័យ​ឆ្លាត អនាគត​ល្អ" ដែល​ជា​គម្រោង​សិទ្ធិ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ​របស់​យុវជន។
២១-ធ្នូ-២០១៥៖ គេហទំព័រ​នៃ​គម្រោង​របស់​ក្រសួង​អប់រំ ស្ដីពី "យុវវ័យ​ឆ្លាត អនាគត​ល្អ" ដែល​ជា​គម្រោង​សិទ្ធិ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ​របស់​យុវជន។
Screenshot from www.youthchhlat.org

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ​របស់​យុវជន សម្ដែង​ក្តី​ព្រួយ​បារម្ភ​នៅ​ពេល​ឃើញ​យុវជន​វ័យ​ក្មេង​នៅ​កម្ពុជា ឆាប់​ប្រឡូក​ក្នុង​ទំនាក់​ទំនង​ផ្លូវ​ភេទ ដែល​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​សុខភាព និង​អនាគត​របស់​ពួក​គេ។ អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​ក្រសួង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជាង​នេះ ក្នុង​ការ​អប់រំ​សុខភាព​ផ្លូវ​ភេទ និង​ការ​បន្ត​ពូជ ដើម្បី​ធានា​បាន​នូវ​ធនធាន​យុវជន​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃ​មុខ។

នាយក​ប្រតិបត្តិ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន លោក អ៊ូ រតនៈ នៅ​ថ្ងៃ​ទី​២១ ធ្នូ អំពាវនាវ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​បញ្ចូល​មេរៀន​ស្ដីពី​សុខភាព​ផ្លូវ​ភេទ រួម​មាន ឥរិយាបថ​ផ្លូវ​ភេទ និង​ការ​រួម​ភេទ ជាដើម ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង ទាំង​ក្នុង​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ និង​ឯកជន។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន ដែល​ជា​ស្ថាប័ន​ឈាន​មុខ​មួយ​ផ្ដោត​លើ​សុខភាព​បន្ត​ពូជ​របស់​យុវជន រក​ឃើញ​ថា មាន​យុវ​សិស្ស​ថ្នាក់​មធ្យម​សិក្សា​កាន់​តែ​ច្រើន បាន​ប្រឡូក​ចូល​ក្នុង​ការ​រួម​ភេទ​ទាំង​វ័យ​ក្មេង និង​ក្នុង​វ័យ​សិក្សា៖ «ទាំង​ម្ចាស់​ផ្ទះ​សំណាក់ កន្លែង​កម្សាន្ត​ទាំងអស់ មិន​មែន​មាន​ន័យ​ថា យើង​បើក​មក​ឲ្យ​តែ​មាន​ក្រុម​គោលដៅ មាន​អតិថិជន​ចូល យើង​ចេះ​តែ​ឲ្យ​ចូល​ទេ។ រាល់​ថ្ងៃ យើង​ឃើញ​អ៊ីចឹង។ កន្លែង​មួយ​ចំនួន​គាត់​អត់​ខ្វល់​ថា​តើ​អតិថិជន​នោះ​ជា​នរណា​ទេ មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សង្គម​ទេ? សំខាន់​ឲ្យ​តែ​បាន​លុយ។ អ៊ីចឹង​គាត់​អត់​មាន​គិត​ថា​កូន​សិស្ស​ហ្នឹង​ស្ថិត​ក្នុង​វ័យ​រៀន តើ​ហេតុ​អ្វី​គាត់​ត្រូវ​មក​កន្លែង​ហ្នឹង? គាត់​ត្រូវ​ទៅ​សាលា​រៀន។ ពួក​គាត់​អត់​មាន​យក​ចិត្ត​ទុក​ដាក់ អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​បាន​មើល​ពី​ការងារ​ទាំងអស់​នេះ។ អ៊ីចឹង​កន្លែង​នេះ វា​ជា​កង្វះ​មួយ​នៃ​ការ​តាម​ដាន​របស់​ឪពុក​ម្តាយ សាលា​រៀន អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ដែល​បាន​ផល​ប្រយោជន៍​ពី​យុវជន ត្រូវ​តែ​គិត​ពិចារណា​រឿង​ហ្នឹង ជាពិសេស ការ​ដាក់​បញ្ចូល​កម្មវិធី​អប់រំ​បញ្ហា​ហ្នឹង​នៅ​ក្នុង​សាលា មិន​ទាន់​បាន​ក្លាយ​ទៅ​ជា​កម្មវិធី​អាទិភាព​នៅ​ឡើយ​ទេ»

លោក អ៊ូ រតនៈ អះអាង​ថា ការ​រួម​ភេទ​ទាំង​វ័យ​ក្មេង និង​ក្នុង​វ័យ​សិក្សា​បែប​នេះ នឹង​នាំ​មក​នូវ​ផល​វិបាក​ជាច្រើន​ដល់​យុវ​សិស្ស​ខ្លួន​ឯង។ ផល​វិបាក​ទាំង​នោះ រួម​មាន ការ​បោះបង់​ចោល​ការ​សិក្សា ការ​មាន​ផ្ទៃ​ពោះ​ដោយ​អចេតនា និង​ការ​ឆ្លង​ជំងឺ ជាដើម ជាពិសេស​លោក​មាន​ក្តី​បារម្ភ​ចំពោះ​ឥរិយាបថ​របស់​យុវជន​វ័យ​ក្មេង ដែល​ខ្វះ​ការ​អប់រំ​អំពី​សុខភាព​ផ្លូវ​ភេទ និង​ការ​រួម​ភេទ៖ «យើង​កម្រ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ ឬ​និយាយ​ពី​បញ្ហា​សុខភាព​បន្ត​ពូជ និង​វ័យ​ផ្លូវ​ភេទ ឥរិយាបថ​នៃ​ការ​រួម​ភេទ​ដោយ​សុវត្ថិភាព ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​នៅ​ក្នុង​វ័យ​ប៉ុណ្ណឹង។ ភាគ​ច្រើន​យើង​គិត​ថា ពួក​គាត់​អត់​ទាន់​ប្រព្រឹត្ត​ផ្លូវ​ភេទ​ទេ ប៉ុន្តែ​ជាក់ស្តែង​ក្នុង​ជីវិត​ពួក​គាត់ បាន​ឆ្លង​កាត់​រឿង​ជាច្រើន​ក្នុង​ជីវិត ដែល​មនុស្ស​ចាស់ ឬ​មនុស្ស​ធំ​មួយ​ចំនួន​អត់​ដឹង។ អ៊ីចឹង​កន្លែង​ហ្នឹង​ហើយ ពេល​ដែល​គាត់​ចាប់​ផ្ដើម​ប្រព្រឹត្ត​ផ្លូវ​ភេទ មាន​ន័យ​ថា ការ​ប្រព្រឹត្ត​ផ្លូវ​ភេទ​របស់​ពួក​គាត់​ជា​ការ​ប្រព្រឹត្ត​ដោយ​ប្រថុយ​ប្រថាន និង​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ផ្លូវ​ភេទ​របស់​គាត់​មាន​សុវត្ថិភាព។ គាត់​អត់​ដឹង​ពី​របៀប​ប្រើ​ស្រោម គាត់​អត់​ដឹង​ថា ពេល​ដែល​មាន​ផ្ទៃ​ពោះ​ត្រូវ​ទៅ​រំលូត​កូន​នៅ​កន្លែង​ណា? គាត់​អត់​ដឹង​ពី​ថា តើ​ពេល​រួម​ភេទ​អាច​ប្រឈម​មុខ​ការ​ឆ្លង​ជំងឺ​អ្វី​ខ្លះ?»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បញ្ជាក់​ថា ក្រសួង​បាន​ដាក់​បញ្ចូល​មេរៀន​ស្ដីពី​ការ​ថែទាំ​សុខភាព​ផ្លូវ​ភេទ​សម្រាប់​សិស្ស​នារី ទៅ​ក្នុង​មេរៀន​បំណិន​ជីវិត​នៅ​ថ្នាក់​មធ្យម​សិក្សា ដើម្បី​ឲ្យ​សិស្សានុសិស្ស​មាន​ការ​យល់​ដឹង​បន្ថែម​ពី​ការ​ថែទាំ​សុខភាព​ផ្លូវ​ភេទ​របស់​ខ្លួន៖ «គាត់​ស្ថិត​ក្នុង​ភាព​ជា​យុវវ័យ ជា​រួម​អាយុ​ចន្លោះ​ពី​អាយុ ១២​ឆ្នាំ​ដល់ ១៨​ឆ្នាំ។ អ៊ីចឹង​ទាមទារ​នូវ​ការ​យល់​ដឹង​ពី​សុខភាព។ ទី​ពីរ បញ្ហា​ទំនាក់​ទំនង​ផ្លូវ​ភេទ។ អ៊ីចឹង​ក្នុង​ចន្លោះ​នេះ គឺ​យើង​តាម​គោលការណ៍​ពីរ។ ទី​មួយ គឺ​បង្រៀន​ក្នុង​មុខវិជ្ជា​បំណិន​ជីវិត ដោយ​មាន​ការ​ពន្យល់​បាន​ច្បាស់​ទៅ​ដល់​សិស្សានុសិស្ស»

ក្រៅ​ពី​នេះ ក្រសួង​អប់រំ បាន​បង្កើត​គម្រោង "យុវវ័យ​ឆ្លាត អនាគត​ល្អ" ជា​គម្រោង​សិទ្ធិ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ​របស់​យុវជន។ គម្រោង​នេះ រួម​បញ្ចូល​នូវ​ការ​ចងក្រង និង​ការ​អនុវត្ត​ប្រព័ន្ធ​រៀន​តាម​អេឡិចត្រូនិក និង​សេវាកម្ម​សំណួរ​ចម្លើយ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ចល័ត និង​អ៊ីនធឺណិត ដែល​អាច​ឲ្យ​យុវជន​សួរ​សំណួរ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវ​ភេទ និង​បន្ត​ពូជ​ដោយ​ត្រឹមត្រូវ គ្មាន​ការ​វិនិច្ឆ័យ និង​រក្សា​ការ​សម្ងាត់។

សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៥០​ម៉ឺន​នាក់ (៥០៤.៧៧១​នាក់) និង​ថ្នាក់​អនុវិទ្យាល័យ​មាន​ចំនួន​ជាង ៣០​ម៉ឺន​នាក់ (៣០៤.១៦៥​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល