សង្គម​ស៊ីវិល​និង​យុវជន​ស្នើ​នាយករដ្ឋមន្ត្រី​ពន្លឿន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង

ដោយ វ៉ែន សុមេធ
2017-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ពិសា​ស្រាបៀ​ក្នុង​ឱកាស​ជួបជុំ​ញាតិ​មិត្ត កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៧។ RFA
ពលរដ្ឋ​ពិសា​ស្រាបៀ​ក្នុង​ឱកាស​ជួបជុំ​ញាតិ​មិត្ត កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៧។ RFA
Photo: RFA

អង្គការ​សង្គម​ស៊ីវិល និង​អ្នកតស៊ូ​មតិ​រឿង​គ្រឿង​ស្រវឹង ស្នើ​សុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿន​ដំណើរការ​នៃ​ការ​តាក់តែង​ច្បាប់​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង​ឱ្យ​បាន​ឆាប់រហ័ស ដោយសារ​ពួកគេ​មើល​ឃើញ​ថា គ្រឿង​ស្រវឹង​កំពុង​បំពុល និង​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សង្គម តាមរយៈ​ឥទ្ធិពល​អវិជ្ជមាន​របស់​វា។ ការ​អំពាវនាវ​នេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី សម្ដែង​មោទនភាព​ដែល​លោក​អាច​កាត់បន្ថយ​អត្រា​នៃ​ការ​ជក់បារី​ក្នុងចំណោម​ប្រជាពលរដ្ឋ និង​យុវជន​បាន​ដោយ​ជោគជ័យ តាមរយៈ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល។

អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន សំណូមពរ​យ៉ាង​ទទូច​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​ការ​បង្កើត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង ឱ្យ​ចេញ​ជា​រូបរាង​ឡើង បន្ទាប់​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​ស្ងប់ស្ងាត់​បាត់​ឈឹង មិន​ឃើញ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​យក​មក​ជជែក​ដេញដោល ឬ​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត​នោះ។

ការ​អំពាវនាវ​របស់​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ស្រវឹង​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ មាន​ប្រសាសន៍​ថា លោក​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខុមាលភាព​របស់​កម្មករ​-​កម្ម​ការិនី​រោងចក្រ។ លោក​អះអាង​ថា ឆ្លង​តាម​ការ​ចុះ​ជួប​កម្មករ​-​កម្ម​ការិនី​ប្រមាណ​ជិត ៣០​ម៉ឺន​នាក់ កាល​ពី​ពេល​កន្លងទៅ លោក​សង្កេត​ឃើញ​ថា អត្រា​នៃ​ការ​ជក់បារី​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​ខ្លាំង បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេង។

លោក ហ៊ុន សែន ដែល​ទើបនឹង​ឈប់​ជក់បារី កាលពី​ឆ្នាំ ២០១៤ ក្រោយ​ព្យាយាម​អស់​រយៈពេល ១៤​ឆ្នាំ​នោះ ថ្លែង​ដោយ​មោទនភាព​ថា នេះ​ជា​ជោគជ័យ​នៃ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ស្តី​អំពី​ការកាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​ជក់បារី«ជា​មោទនភាព​នៃ​ជន​ជាតិ​របស់​យើង​អំពី​ការ​កាត់​បន្ថយ​ការ​ជក់​បារី គឺ​យើង​មិន​មាន​កំណើន​អ្នក​ជក់​បារី​នៅ​កម្ពុជា​ទេ ក្នុង​ចំណោម​យុវជន​ សូម្បី​តែ​មនុស្ស​ចាស់​ក៏​លែង​ជក់​បារី​ដែរ​ឥលូវ​នេះ ខណៈ​ប្រទេស​ដទៃ​រារាំង​លែង​កើត​ហើយ។ កំណើន​យុវជន​ជក់​បារី​នៅ​ប្រទេស​ក្រៅ​ មាន​កាន់​តែ​ច្រើន​ទៅៗ»

ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​រឹត​បន្តឹង​ទៅលើ​ផលិតផល​ថ្នាំជក់​តាមរយៈ​ការ​បង្កើត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់ និង​ការ​ហាមឃាត់​ការ​ជក់​បារី​នៅ​តាម​ទី​សាធារណៈ និង​នៅ​កន្លែង​ធ្វើ​ការ​ជាដើម ព្រមទាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ថ្នាំជក់​ណា ដែល​មិន​អនុវត្ត​តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ក្រោម​ច្បាប់​ទាក់ទង​នឹង​ផលិតផល​ថ្នាំជក់។

ចំណាត់​ការ​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​នេះ គឺ​ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ដែល​បណ្ដាល​មក​ពី​ផលិតផល​ថ្នាំជក់។

ទោះបីជា​យ៉ាងណា មក​ទល់​នឹង​ពេលនេះ អន្តរាគមន៍​ដ៏​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល ធ្វើឡើង​តែ​ទៅលើ​ផលិតផល​ថ្នាំជក់​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​គ្រឿង​ស្រវឹង​ដែល​ត្រូវ​បាន​ក្រុម​អ្នកសង្កេតការណ៍​វាយ​តម្លៃ​ថា កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ដោយ​មនុស្ស​ស្ទើរ​គ្រប់​វ័យ​នៅ​ទូទាំង​ប្រទេស​នោះ មិនទាន់​ឃើញ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​ជាក់ស្ដែង​ណាមួយ​នៅឡើយ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ (YCUD) លោក យង់ គិមអេង ថ្លែង​ថា ការ​ប្រើប្រាស់​ផលិត​ផល​ថ្នាំជក់​ត្រូវ​បាន​កាត់បន្ថយ​ក្រោយពេល​មានការ​ប្ដេជ្ញា​ចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល។ ដូច្នេះ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដែល​កំពុង​កើតមាន​ពេញបន្ទុក​នោះ ក៏​អាច​នឹង​កាត់បន្ថយ​បាន​ដូចគ្នា បើសិនជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខ​ធ្វើ​អន្តរាគមន៍។ លោក​ថា បើ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​ត្រូវ​បាន​អនុម័ត និង​អនុវត្ត​មែន​នោះ វា​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​កម្ពុជា ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​រីក​រាល​ដាល​នៃ​ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង«ជា​អង្គការ​សង្គម​ស៊ីវិល​ យើង​ចង់​ឃើញ​សម្តេច​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ជំរុញ​ឱ្យ​ច្បាប់​នេះ​ចេញ​ឱ្យ​បាន​ឆាប់​ ព្រោះ​ថា​ច្បាប់​នេះ​បាន​ធ្វើ​សេចក្ដី​ព្រាង​រួច​ហើយ នៅ​តែ​គណៈរដ្ឋមន្ត្រី​ប្រជុំ​សម្រេច​ ហើយ​បញ្ជូន​ទៅ​សភា​ដើម្បី​អនុម័ត។ វា​លឿន​ទេ ព្រោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​នៅ​ក្នុង​ដៃ​ក្រសួង​សុខាភិបាល​ហើយ ហើយ​បើ​សិន​ជា​សម្ដេច​នាយករដ្ឋមន្ត្រី​ជំរុញ​តែ​បន្តិច​ ច្បាប់​នេះ​នឹង​អាច​អនុម័ត​បាន​ ហើយ​និង​កាត់​បន្ថយ​ហិង្សា និង​បញ្ហា​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ដ៏​សន្ធឹក​សន្ធាប់​នោះ​ បាន​ជា​បណ្ដើរ​ៗ​ហើយ»

ផលិតផល​គ្រឿង​ស្រវឹង ដូចជា ស្រា និង​ស្រា​បៀរ ជាដើម ត្រូវ​បាន​រក​ឃើញ​ថា ជា​មូលហេតុ​នៃ​បញ្ហា​ជាច្រើន​នៅ​កម្ពុជា។ របាយការណ៍​ស្រាវជ្រាវ​ថ្នាក់​ជាតិ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ បង្ហាញ​ថា គ្រឿង​ស្រវឹង និង​គ្រឿងញៀន គឺជា​បញ្ហា​ដ៏​ធំ​របស់​យុវជន ហើយ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ។ ចំណែក​ឯ​ស្ថាប័ន មូលនិធិ​អាស៊ី​វិញ រក​ឃើញ​ថា គ្រឿង​ស្រវឹង​គឺជា​កត្តា​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​អំពើ​ហិង្សា​ប្ដី​ប្រពន្ធ ឬ​ដៃគូ​ស្និទ្ធស្នាល ហើយ​ស្រដៀង​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​គ្រឿង​ស្រវឹង ជា​ទំនិញ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សង្គម។

ដោយឡែក របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចេញផ្សាយ កាលពី​ចុង​ឆ្នាំ​២០១៥ វិញ ក៏​បង្ហាញ​ដែរ​ថា ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍ ជិត ៥​ពាន់ ករណី (.៥៩៥) មាន ១១​ភាគរយ បង្ក​ឡើង​ដោយ​អ្នកបើកបរ​ស្រវឹង។

និស្សិត​ឆ្នាំ​ទី ៤​ផ្នែក​នីតិសាស្ត្រ និង​ជា​យុវជន​សកម្ម​ក្នុង​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង លោក ហេង គឺមហុង យល់​ឃើញ​ថា ការ​អូស​បន្លាយ​នៃ​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង អាច​បណ្ដាល​មក​ពី​បញ្ហា​ទំនាស់​ផលប្រយោជន៍ ត្បិត​វា​ជា​ឧស្សាហកម្ម​មួយ​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។ ហេតុ​ដូចនេះ​អន្តរាគមន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ការ​បង្កើត​ច្បាប់​នេះ គឺជា​រឿង​ចាំបាច់​បំផុត។

យុវជន​ដែល​ប្ដេជ្ញា​ចិត្ត​មិន​ប្រើប្រាស់​គ្រឿង​ស្រវឹង​រូប​នេះ សម្ដែង​សុទិដ្ឋិនិយម​ថា បើសិនជា​ច្បាប់​នេះ​លេចចេញ​ជា​រូបរាង​មែន នោះ​បញ្ហា​សង្គម​មួយ​ចំនួន​ដូចជា អំពើ​ហិង្សា ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម បញ្ហា​អសន្តិសុខ​សង្គម និង​ភាព​ក្រីក្រ​ជាដើម អាច​នឹង​ដោះ​ស្រាយ​បាន​ដោយ​មាន​ប្រសិទ្ធភាព«យុវជន​ និង​ពលរដ្ឋ​កម្ពុជា​យើង​មាន​ឥរិយាបថ​ដោយ​ឡែក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន គឺ​គាត់​ប្រើប្រាស់​ដោយ​លើក​ដាច់​ច្រើន​ និង​ជោកជាំ​តែម្ដង​ អញ្ចឹង​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ យើង​នឹង​ឃើញ​ចំណុច​ ៤ នៅ​ក្នុង​ច្បាប់​នេះ​ដែល​ស្រប​ទៅ​នឹង​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ នោះ​គឺ​ការ​ដំឡើង​ពន្ធ​លើ​ផលិត​ផល​គ្រឿង​ស្រវឹង ដែល​ជា​ចំណុច​មួយ​អាច​ឱ្យ​គ្រឿង​ស្រវឹង​កាន់​តែ​មាន​តម្លៃ​ថ្លៃ​ ហើយ​អត្រា​ប្រើប្រាស់​គ្រឿង​ស្រវឹង​នឹង​ធ្លាក់​ចុះ។ ទីពីរ​គឺ​ទាក់​ទង​នឹង​ទីកន្លែង​នៃ​ការ​លក់​គ្រឿង​ស្រវឹង។ ទីបី គឺ​ការកំណត់​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​។ យើង​តែង​តែ​បារម្ភ​នៅ​ពេល​ទំហំ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​កាន់តែ​ធំ​ធេង និង​បំផ្លើស​ បំភ័ន្ត​ខុស​ពី​ការ​ពិត​។ ចំណុច​ទីបួន គឺ​ការ​កំណត់​អាយុ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក៏​ជា​កត្តា​មួយ​សំខាន់​ដែរ ព្រោះ​យើង​ឃើញ​ថា នៅ​កម្ពុជា​យើង​គឺ​សេរី​មែន​ទែន​សម្រាប់​ការ​ប្រើប្រាស់»

សេចក្ដី​ព្រាង​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង មាន ១១​ជំពូក និង​៣៩​មាត្រា មាន​គោលបំណង​ការពារ​សុខភាព​សាធារណៈ បរិស្ថាន និង​កាត់បន្ថយ​ផល​ប៉ះពាល់​ទៅលើ​សេដ្ឋកិច្ច និង​សង្គម។ បន្ថែម​ពី​លើ​នេះ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ក៏​មាន​គោលបំណង​ចាត់វិធានការ​ក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង លើកកម្ពស់​ការ​យល់​ដឹង និង​ការចូលរួម​របស់​សាធារណជន​អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង ព្រមទាំង​ជំរុញ​ការអប់រំ និង​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង។

អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង អះអាង​ថា បើសិនជា​មាន​ច្បាប់​នេះ​មែន កម្ពុជា​នឹង​អាច​កាត់បន្ថយ​ហានិភ័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង ដូចជា​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។ លើស​ពី​នេះ ច្បាប់​នេះ​នឹង​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​សុខ​ភាព​សាធារណៈ សុខុមាលភាព​សង្គម សីលធម៌​សង្គម ព្រមទាំង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ និង​បង្កើត​ភាពជា​ដៃគូ​ពិតប្រាកដ​រវាង​បុរស និង​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គំនិត លោក ហ៑ុន សែន គឹតពីរឿងខ្លាចគេដណ្តើមអំណាចខ្លួនប៉ុណ្ណោះ
ចំពោះរឿង ជីវភាព សុខភាព ប្រជាពលរដ្ឋ គាត់មិនខ្វល់ឡើយ
ដូចជា មន្ទីពេទ្យគ្មានគុណភាព បណ្តាលអោយប្រជាពលរដ្ឋ ឈឺស្លាប់ទាំងក្មេង ជាដើម លះ........

Dec 21, 2017 08:22 AM

គេហទំព័រ​ទាំងមូល