ក្រុមអង្គការ​ផ្នែក​សុខភាព​ស្នើសុំ​ឲ្យ​របប​លោក ហ៊ុន សែន អនុវត្ត​វិធានការ​ផាក​ពិន័យ​លើ​អ្នក​ផ្សព្វផ្សាយ និង​លក់​បារី

ដោយ សុ ជីវី
2018-10-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​កាយរឹទ្ធិ​ចុះ​ហែក​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បារី នៅ​ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣។
ក្រុម​យុវជន​កាយរឹទ្ធិ​ចុះ​ហែក​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បារី នៅ​ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣។
RFA

ក្រុមអង្គការដែលធ្វើការពាក់ព័ន្ធនឹងបញ្ហា​សុខភាព រក​ឃើញ​ថា ក្រុមហ៊ុន​ផលិត​ថ្នាំ​ជក់ ឬ​បារី នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​​ដល់​អ្នក​ផ្សព្វផ្សាយ ឬ​លក់​បារី​ដដែល ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់ ស្តីពី​ការ​ត្រួត ពិនិត្យ​ថ្នាំ​ជក់​នៅ​មានភាពធុរលុង។ អង្គការ​ទាំង​នេះ អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​ក្រសួង​សុខាភិបាល អនុវត្ត​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​​ជក់​​ឲ្យ​​មាន​​ប្រសិទ្ធិភាព ដើម្បី​​កាត់​​បន្ថយ​ការ ផ្សព្វផ្សាយ​បារី និង​អ្នក​ជក់​បារី។

ថ្វីដ្បិតកម្ពុជាមានច្បាប់ស្តីពីការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ ដែល​មាន​គោលដៅ ហាម​ឃាត់​គ្រប់​ទម្រង់​មិន​ឲ្យ​ផ្សាយ​​ពាណិជ្ជកម្ម​​ផលិតផល​​ថ្នាំជក់ ឬ​បារី តាំង​ពី​ឆ្នាំ២០១៥ ក្តី អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា សកម្មភាព​នៃ​ការ​ផ្សព្វផ្សាយ​លក់​បារី នៅ​តាម​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​តាម​តូប​លក់​នានា នៅ​ទូទាំង​ប្រទេស នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល ដោយសារ​​តែ​​ក្រុមហ៊ុន​​ថ្នាំ​​ជក់​​មិន​ខ្លាច​ញញើត​ច្បាប់ និង​បាន​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​លក់​បារី។

អ្នកស្រាវជ្រាវការលក់បារី លោក កៅ សុវណ្ណតារា បាន​ប្រាប់​អាស៊ី​សេរី បន្ទាប់​ពី​សិក្ខាសាលា​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​អង្កេត​ស្តីពី​ការ​​លើក​​ទឹក​​ចិត្ត​​របស់​ក្រុមហ៊ុន​ចំពោះ​អ្នក​លក់ និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​នៅ​កម្ពុជា នា​ថ្ងៃ​ទី១ ខែ​​តុលា​​ថា ទោះ​បី​ជា​ច្បាប់​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម ​បារី​ក្តី ក្រុមហ៊ុន​បារី នៅ​តែ​ឆ្លៀត​ឱកាស​បាន​ដដែល។ លោក​​​បញ្ជាក់​​​ថា​ ក្រុមហ៊ុន​​បាន​​ផ្លាស់ប្តូរ​​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់ មក​ជា​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​លក់​រាយ ដើម្បី​​ជំរុញ​ការ​​លក់​​ផលិផល​​បារី​​ឲ្យ​​បាន់​​តែ​​ដាច់ និង​ទូលំទូលាយ៖ «ច្បាប់​កាល​ពី​ឆ្នាំ២០១៥​ បាន​ហាម​ឃាត់​ការ​ផ្សពផ្សាយ​ផលិតផល​​ថ្នាំ​​ជក់។ អ៊ីចឹង​រាល់​ការ​ផ្សាយ​​ពាណិជ្ជកម្ម យើង​​ឃើញ​​ថា ពី​​មុន​​មាន​​ផ្សាយ​​តាម​​ទូរទស្សន៍​ និង​ផ្សាយ​តាម​ប៉ាន់ណូ​ធំៗ ប៉ុន្តែ​ឥឡូវ ក្រុមហ៊ុន​​បាន​​បង្វែ​​ការ​​ផ្សាយ​​ទ្រង់ទ្រាយ​​បែប​​នេះ ទៅ​ជា​ការ​លើក​ទឹក​ចិត្ត​របស់​ក្រុមហ៊ុន ដែល​នេះ​​គឺ​​ជា​​ការ​​ផ្សាយ​​ពាណិជ្ជកម្ម​ដូច​គ្នា ហើយ​​​វា​​​ខុស​​នឹង​ច្បាប់ ដែល​​ខាង​​ក្រុមហ៊ុន ត្រូវ​​ទទួល​​ការ​​ផាក​ពិន័យ ដើម្បី​ឲ្យ​ក្រុមហ៊ុន​កាត់​បន្ថយ​ការ​ផ្សាយ»

លោក កៅ សុវណ្ណតារា ឲ្យដឹងថា អ្នក​លក់​បារី​ចំនួន ៣រយ​នាក់ ដែល​ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​ជួប​ធ្វើ​សម្ភាស​នោះ គឺ​​រក​​ឃើញ​​ថា ជិត ៥០​ភាគ​រយ​នៃ​អ្នក​លក់​បារី បាន​សារភាព​ថា ក្រុមហ៊ុន​បាន​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដល់​ពួក​គាត់​ដូច​ជា លុយ និង​វត្ថុ ឬ​សម្ភារៈ​ប្រើប្រាស់​ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ពាណិជ្ជ​កម្មបារី និង​ការ​តាំង​កញ្ចប់​បារី​ឲ្យ​មាន​ការ​ទាក់ទាញ​អតិថិជន។

អ្នកស្រាវជ្រាវការលក់បារីរូបនេះ ស្នើសុំ​ក្រសួង​ស្ថាប័ន្ធ​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​សុខាភិបាល បន្ត ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ អ្នក​ប្រើប្រាស់​ថ្នាំ​ជក់​នៅ​កម្ពុជា ព្រោះ​កម្ពុជា ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​លើ​អនុសញ្ញា ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់៖ «កាល​ណា​រឹត​បន្តឹង​ច្បាប់ គឺ​ធ្វើ​ឲ្យ​អ្នក​លក់​មិន​សូវ​លក់​ជា​ចំហ ហើយ​អ្នក​ប្រើប្រាស់ ក៏​មិន​សូវ​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ដូច​គ្នា។ មួយ​ទៀត គឺ​រដ្ឋាភិបាល​គួរ​តែ​មាន​ជា​ឡាយសិន (License) សម្រាប់​អ្នក​លក់ ដែល​មិន​អាច​ឲ្យ​អ្នក​លក់​ចេះ​តែ​លក់​បាន​គ្រប់​គ្នា​នោះ​ទេ»

រីឯនាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ មើល​ឃើញ​ថា ក្រោយ​ពី​អនុម័តច្បាប់ស្តីពីការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់​ឆ្នាំ២០១៥ មក គឺ​ស្ថានភាព​នៃ​ការ​ត្រួត ពិនិត្យ​ថ្នាំ​ជក់ ហាក់មានការរីកចម្រើន​ច្រើន​ទៅ​មុខ។ ប៉ុន្តែ​យ៉ាង​ណា​ក្តី លោក​វេជ្ជបណ្ឌិត យល់​ស្រប​ថា នៅ​មាន​បញ្ហា​សំខាន់ៗ មួយ​ចំនួន​ទៀត ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល ប្រឹងប្រែង​ពង្រឹង​ការ​អនុវត្ត ច្បាប់​បន្ថែម​ទៀត ដូចជា​ ការ​ចាប់​ផ្តើម​វិធានការ​ផាក​ពិន័យ​លើ​អ្នក​លក់​រាយ និង​ក្រុមហ៊ុន ដែល​បន្ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បារី​បំពាន​មាត្រា​ច្បាប់៖ «ថ្នាំ​ជក់​នេះ បាន​បង្ក​ជំងឺ​ជា​ច្រើន​សម្រាប់​អ្នក​ជក់​បារី និង​អ្នក​មិន​ជក់​បារី ប៉ុន្តែ​ស្រូប​ផ្សេង​បារី ហើយ​ជំងឺ​ទាំង​អស់​នោះ មាន​ច្រើន​ណាស់​ដែល​ប៉ះពាល់​ដល់​គ្រប់​សរីរាង្គ ប៉ុន្តែ​ខ្ញុំ​សូម​លើក​យក​ជំងឺ​តែ ៥ទេ ដែល​ជា​ជំងឺ​ចម្បងៗ បង្កើត​ដោយ​ការ​ជក់​បារី គឺ​ទី១ មហារីក​សួត ទី២ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ទី៣ ជំងឺ​ហើម​សួត ទី៤ ជំងឺ​ស្ទះ​សរសៃ​ឈាម បេះដូង និង​ទី៥ ជំងឺ​ត្បៀត​រាំរ៉ៃ»

ការស្រាវជ្រាវ​កន្លង​មក​រក​ឃើញ​ថា នៅ​កម្ពុជា​មាន​អ្នក​ស្លាប់​ជាង ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ក្នុង​ចំណោម​អ្នក​ជក់ និង​ចុក​ថ្នាំ សរុប ២​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល