លោក ស ខេង ប្រកាស​ផ្តល់​រង្វាន់​ដល់​អ្នក​មាន​ស្នាដៃ​បង្ក្រាប​គ្រឿង​ញៀន

ដោយ ប្រាជ្ញ ចេវ
2016.12.22
ស ខេង ២០១៦ ៨៥៥ នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ប្រកាស​ផ្តល់​រង្វាន់​ដល់​អ្នក​មាន​ស្នាដៃ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន ដែល​ជា​វិធានការ​សរសើរ និង​លើក​ទឹក​ចិត្ត។ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម យល់​ថា ដើម្បី​អាច​បង្ក្រាប​គ្រឿង​ញៀន​បាន លុះត្រា​បង្ក្រាប​ឈ្មួញ​ធំ​មាន​អំណាច​នៅ​ពី​ក្រោយ ព្រោះ​ក្រុម​នេះ​ជា​អ្នក​នាំ​គ្រឿង​ញៀន​ចូល។

ការ​ផ្តល់​រង្វាន់​ដល់​អ្នក​មាន​ស្នាដៃ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន ដែល​ជា​វិធានការ​មួយ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ យុទ្ធនាការ​នេះ​មាន​រយៈពេល ៦​ខែ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

ក្នុង​សន្ទរកថា​របស់​លោក ស ខេង ក្នុង​នាម​ជា​ប្រធាន​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក្នុង​ឱកាស​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ ថ្ងៃ​ទី​២២ ខែ​ធ្នូ។ លោក ស ខេង បញ្ជា​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​បង្ក្រាប​គ្រឿង​ញៀន និង​ត្រូវ​ធ្វើ​របាយការណ៍​ប្រចាំ​ថ្ងៃ សប្ដាហ៍ ខែ និង​ត្រីមាស ពី​ថ្នាក់​ក្រោម​ទៅ​ថ្នាក់​លើ ដើម្បី​បូក​សរុប។ ទន្ទឹម​នឹង​ការ​បូក​សរុប​នេះ​ដែរ លេខាធិការដ្ឋាន​ត្រូវ​រៀបចំ​ប្រជុំ​ទៀងទាត់​ពីរ​សប្ដាហ៍​ម្តង ចំណែក​ក្រសួង​ស្ថាប័ន នឹង​ប្រជុំ​មួយ​ខែ​ម្តង។

លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​នេះ ត្រូវ​រៀបចំ​បើក​កិច្ច​ប្រជុំ​ទូលាយ​ជាមួយ​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន​ឯកជន ក្រុម​សិល្បៈ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។

ជុំវិញ​ការ​ផ្តល់​រង្វាន់​ដល់​អ្នក​មាន​ស្នាដៃ​ក្នុង​ការ​បង្ក្រាប​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ ដើម្បី​បំភ្លឺ​ពី​ទំហំនៃ​រង្វាន់​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ។

រីឯ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​បាន​ជោគជ័យ មិន​មែន​ត្រឹម​បង្ក្រាប​អ្នក​ជួញដូរ​តូចតាច​ទេ ប៉ុន្តែ​ត្រូវ​បង្ក្រាប​មន្ត្រី​ធំ ឬ​ឈ្មួញ​មាន​អំណាច ដែល​ជា​អ្នក​នាំ​គ្រឿង​ញៀន ដែល​ជា​អ្នក​ធ្វើ​ចរាចរ​គ្រឿង​ញៀន។ លោក​បន្ត​ថា បើ​បង្ក្រាប​ក្រុម​ទាំងនេះ​បាន រដ្ឋាភិបាល​មិន​ចាំបាច់​ចំណាយ​លុយ​ផ្តល់​រង្វាន់​ទេ គឺ​អាច​បង្ក្រាប​គ្រឿង​ញៀន​បាន​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក​បណ្ឌិត មាស នី គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​កម្ពុជា បង្ក្រាប​គ្រឿន​ញៀន​បាន​ទេ៖ «ព្រៃ​ឈើ​ជា​ទ្រង់ទ្រាយ​មួយ​យើង​មើល​ឃើញ​ថា ដឹក​ជា​ដុំៗ រដ្ឋាភិបាល​បង្ក្រាប​អត់​បាន​ផង ចុះ​ទម្រាំ​គ្រឿង​ញៀន​ទៀត វា​មាន​ភាព​ស្មុគស្មាញ​ជាង​ព្រៃ​ឈើ ដែល​គ្រឿង​ញៀន​គេ​លាក់​កំបាំង​តូចៗ ឈើ​ធំៗ​ផង​បង្ក្រាប​មិន​ផង»

កាល​ពី​ពេល​ថ្មីៗ​នេះ កម្ពុជា-ហ្វីលីពីន ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។ រដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់​ថា នៅ​ពេល​នេះ ការ​ចរាចរ ជួញដូរ​គ្រឿង​ញៀន កំពុង​រីក​រាលដាល​គួរ​ឲ្យ​បារម្ភ​ពី​ទីក្រុង​រហូត​ដល់​ជនបទ​ដាច់ស្រយាល។

យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​អះអាង​ថា កម្ពុជា មិន​មែន​ជា​ប្រទេស​ផលិត​គ្រឿង​ញៀន ឬ​ប្រភព​នៃ​គ្រឿង​ញៀន​ទេ ដោយ​គ្រាន់​តែ​មាន​ការ​លួចលាក់​នាំ​ចូល​ពី​ក្រៅ​ប្រទេស​តាម​របៀង​ព្រំដែន និង​ជើង​ហោះហើរ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ទី​៣ និង​មួយ​ចំនួន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

ក្នុង​ឆ្នាំ​២០១៦ នេះ នគរបាល និង​កង​រាជ​អាវុធហត្ថ បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន ៤.១៩១​ករណី (បទល្មើស​ប្រើប្រាស់ ១.១១២​ករណី) ចាប់​បាន​ជន​សង្ស័យ​សរុប ៩.៨០២​នាក់ (អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ៣.៦១១​នាក់) និង​រឹប​អូស​គ្រឿង​ញៀន​បាន​ជាច្រើន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។