មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​អំពាវនាវ​សប្បុរសជន​ឲ្យ​ជួយ​ផ្ដល់​មូលនិធិ

ដោយ ហង្ស សាវយុត
2015.12.14
ពិនិត្យ​ជំងឺ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ៨៥៥ គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប កំពុង​ពិនិត្យ​កុមារ​ដែល​មាន​បញ្ហា​បេះដូង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hang Savyouth

ប្រធាន​គ្រប់គ្រង​ជំនួយ​អន្តរជាតិ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ មន្ទីរពេទ្យ​នេះ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ពី ៦​លាន ៣​សែន ទៅ ៦​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ព្យាបាល​ជំងឺ និង​សង្គ្រោះ​កុមារ​កម្ពុជា ដោយ​មិន​គិត​ថ្លៃ។

ថវិកា​ដែល​ត្រូវ​ចំណាយ​សម្រាប់​ព្យាបាល​ជំងឺ ជាពិសេស​ការ​វះ​កាត់​បេះដូង​ឲ្យ​កុមារ​ផង​នោះ គឺ​មាន​ទំហំ​ធំធេង ដែល​មន្ទីរពេទ្យ​កំពុង​ប្រឈម​មុខ​នឹង​ភាព​ខ្វះខាត ហើយ​ត្រូវ​ការ​សប្បុរសជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ។

តារា​ភាពយន្ត​ខ្មែរ និង​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​មួយ​រូប​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារាំង កំពុង​ប្រឹងប្រែង​រៃអង្គាស​មូលនិធិ​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដើម្បី​យក​ថវិកា​ទៅ​ប្រគល់​ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្ត​សៀមរាប ប្រើប្រាស់​ក្នុង​ការ​ជួយ​ព្យាបាល​ជំងឺ​កុមារ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ។

តារា​ភាពយន្ត​ខ្មែរ និង​ជា​ប្រធាន​មូលនិធិ​កុមារ​សាវិន​កម្ពុជា ព្រម​ទាំង​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​អង្គការ​បារាំង សេ.ជេ.អែហ្វ (CJF) ដែល​ជា​អ្នក​បាន​រៀបចំ​កម្មវិធី​រៃអង្គាស​មូលនិធិ​សប្បុរសធម៌​កាល​ពី​រាត្រី​ថ្ងៃ​ទី​១២ ខែ​ធ្នូ កន្លង​ទៅ គឺ​លោក សាវិន ហ្វីលីព (Savin Philip)។ លោក​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន លោក​មាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង នៅ​ពេល​ដែល​ឃើញ​កុមារ​ខ្មែរ​ក្រីក្រ​ជាច្រើន​ឈឺ ហើយ​អាណាព្យាបាល​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ នាំ​ពួក​គេ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​នោះ។ លោក ហ្វីលីព មាន​ទស្សនៈ​ទៀត​ថា កុមារ គឺ​ជា​ទំពាំង​ស្នង​ឫស្សី ប្រសិន​បើ​កុមារ​មាន​សុខភាព​មិន​ល្អ សម្រាប់​ថ្ងៃ​អនាគត គឺ​សង្គម​មួយ​ក៏​មិន​មាន​ពលរដ្ឋ​មាន​សុខភាព​ល្អ​ដែរ។ លោក សាវិន ហ្វីលីព បញ្ជាក់​ថា ដោយសារ​តែ​លោក​មើល​ឃើញ​បញ្ហា​បែប​នេះ ទើប​លោក​ប្រឹងប្រែង​អញ្ជើញ​តារា​សម្ដែង តារា​ចម្រៀង​ខ្លះ​នៅ​ក្នុង​ប្រទេស ព្រម​ទាំង​មិត្តភ័ក្ដិ​ខ្មែរ និង​បរទេស​ជាច្រើន​រូប ធ្វើ​កម្មវិធី​សប្បុរសធម៌​រៃអង្គាស​លុយ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្ត​សៀមរាប ដែល​តែង​តែ​ព្យាបាល​កុមារ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ៖ «ខ្ញុំ​រំភើប​មែន​ទែន ដោយសារ​អ្នក​ចូលរួម​ច្រើន មាន​អ្នក​តំណាង​មន្ទីរពេទ្យ​កុមារ​អង្គរ អ្នកស្រី នីគី (Niki) ហើយ​និង​ក្រុមប្រឹក្សាភិបាល​ជាច្រើន​ទៀត។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​ដល់​អ្នក​មាន​ទ្រព្យ​ធន​ទាំងឡាយ​នៅ​កម្ពុជា ឲ្យ​បង្កើត​វប្បធម៌​ចែក​រំលែក​មួយ ដើម្បី​ជួយ​ដល់​កុមារ»

ប្រធាន​គ្រប់គ្រង​ជំនួយ​អន្តរជាតិ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ លោក ឡុង ចិន្តា ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ មន្ទីរពេទ្យ​នេះ​តែង​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ​ដោយ​មិន​រើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ និង​សាសនា ប្រមាណ​ពី ៥០០ ទៅ ៦០០​នាក់​ក្នុង​មួយ​ថ្ងៃៗ។ មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប បាន​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ជួយ​ព្យាបាល​ជំងឺ​កុមារ​ខ្មែរ​ច្រើន​ប្រភេទ មាន​ជំងឺ​ធ្ងន់ ជំងឺ​ស្រាល ព្រម​ទាំង​ជួយ​វះ​កាត់​ជំងឺ​បេះដូង​ឲ្យ​កុមារ​ផង។ លោក ឡុង ចិន្តា បញ្ជាក់​ទៀត​ថា ក្នុង​មួយ​ឆ្នាំៗ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ចំណាយ​ថវិកា​ជាង ៦​លាន​ដុល្លារ​អាមេរិក ហើយ​មន្ទីរពេទ្យ​នេះ​កំពុង​ប្រឈម​មុខ​នឹង​គ្មាន​ថវិកា​គ្រប់គ្រាន់៖ «ឥឡូវ​មន្ទីរពេទ្យ​មិន​ទាន់​មាន​កញ្ចប់​ថវិកា​សុវត្ថិភាព​ណា​មួយ​នៅ​ឡើយ​ទេ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប មេត្តា​ផ្ដល់​មូលនិធិ​ជួយ​ជ្រោមជ្រែង​មន្ទីរពេទ្យ​កុមារ​អង្គរ ទៅ​តាម​លទ្ធភាព»

មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប កើត​ចេញ​ពី​ស្ថាបនិក​សំខាន់​មួយ​រូប​ដែល​ជា​អ្នក​ថត​រូប​ជនជាតិ​ជប៉ុន កាល​ពី​អំឡុង​ឆ្នាំ​១៩៩៩។ មន្ទីរពេទ្យ​នេះ បាន​ទទួល​ព្យាបាល​ជំងឺ​កុមារ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ​ប្រមាណ​ជិត ១០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។