អ្នក​ដំណើរ​លើ​កប៉ាល់ Westerdam ដែល​លោក ហ៊ុន សែន ទៅ​ទទួល មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត១៩

ដោយ មួង ណារ៉េត
2020.02.15
ហ៊ុន សែន កូរ៉ូណា ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន

អ្នក​ដំណើរ​ម្នាក់ ដែល​ជិះ​លើ​កប៉ាល់ វ៉េសស្ទើរដាម (Westerdam) ហើយ​ដែល​លោក ហ៊ុន សែន ទៅ​ទទួល​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​នោះ ឥឡូវ​នេះ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​​ផ្ទុក​​ជំងឺ​​រលាក​​ផ្លូវ​ដង្ហើម កូវិត-១៩ (Covid-19)

ក្រសួងសុខាភិបាលកម្ពុជា មិនទាន់ជឿលើលទ្ធផលពិនិត្យរបស់ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​លើ​អ្នកដំណើរចុះកប៉ាល់ នៅក្រុងព្រះសីហនុ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត-១៩ នោះ ពេលគាត់ទៅដល់ប្រទេសម៉ាឡេស៊ី​នោះ​ទេ។ កាល​ពី​រាត្រី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ គឺ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ដំណឹង​ពី​ការ​រក​ឃើញ​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ពិនិត្យ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​ម្តង​ទៀត ដែល​ក្រសួង​សុខាភិបាល​កម្ពុជា ប្រើ​ពាក្យ​ថា “ឲ្យ​មាន​សុក្រឹត​ឡើង​វិញ។”

ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ បាន​រក​ឃើញ​រោគ​សញ្ញា ជំងឺ​​រលាក​​ផ្លូវ​​ដង្ហើម កូវិត១៩ (Covid-19) នេះ នៅ​លើ​ស្រ្តី​ជន​ជាតិ​អាមេរិក វ័យ ៨៣ឆ្នាំ ដែល​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​អ្នក​ដំណើរ​ ១៤៤ នាក់​ផ្សេង​ទៀត តាម​ជើង​​យន្តហោះ​​ពី​​ភ្នំពេញ​​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ។ មនុស្ស​ទាំង ១៤៥ នាក់​នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ ១.៤៥៥នាក់ និង​បុគ្គលិក ៨០២ នាក់​នៅ​លើ​កប៉ាល់ វ៉េសស្ទើរដាម (Westerdam) ដែល​របប​ក្រុងភ្នំពេញ​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ និង​បន្ត​ដំណើរ​តាម​ជើង​យន្តហោះ ទៅ​កាន់​ប្រទេស​រៀងៗ ខ្លួន។

នៅ​មុន​ពេល​លោក ហ៊ុន សែន ចុះ​ទៅ​ទទួល​ស្វាគមន៍​ដល់​កប៉ាល់ ដោយ​ចាប់​ដៃ ឱប​ ថើប និង​ថត​រូប​ជាមួយ​អ្នក​ដំណើរ​ទាំង​នោះ​ម្នាក់​ម្តងៗ អម​ដោយ​ការ​ហុច​បាច់​ផ្កា​ផង​នោះ  អាជ្ញាធរ​កម្ពុជា រាយការណ៍​ថា គ្មាន​នរណា​ម្នាក់​នៅ​កប៉ាល់​នោះ មាន​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី នេះ​មិន​មែន​ជា​ករណី​ទី​មួយ​ទេ ដែល​អ្នក​ធ្វើ​ដំណើរ​មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ​កូវិត-១៩ នេះ ត្រូវ​បាន​រក​ឃើញ​ ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ កាល​ពី​ចុង​ខែ មករា មាន​ជន​ជាតិ ៣នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​នេះ ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដែរ។

ក្នុង​ចំណោម​អ្នក​ដំណើរ​លើ​កប៉ាល់​ជាង ២ពាន់​នាក់​នោះ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា បាន​ពិនិត្យ​សំណាក​ទៅ​លើ​អ្នក​ដំណើរ​តែ​ចំនួន ២០នាក់​ទេ។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រទេស​កម្ពុជា ដោយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD តាំង​ពី​មាន​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីត-១៩នេះ មក​កម្ពុជា​ពិនិត្យ​រក​វីរុស​បង្ក​ជំងឺ​កូរ៉ូណា​នេះ ទៅ​លើ​មនុស្ស​ប្រមាណ​តែ​ពី ៧០ ទៅ ៨០នាក់តែប៉ុណ្ណោះ។ ចំនួន​នេះ​បូក​បញ្ចូល​អ្នក​ដំណើរ ២០នាក់ ដែល​ទើប​ចុះ​ពី​កប៉ាល់​នោះ​ផង។ ប្រការ​នេះ ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ពី​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ថា វីរុស​នេះ អាច​ឆ្លង​រាលដាល ដោយ​គេ​មិន​បាន​ដឹង។

ប៉ុន្តែ អ្នក​វិភាគ​នយោបាយ​ និង​សង្គម មើល​ឃើញ​ការ​យក​ព្រឹត្តិការណ៍​អនុញ្ញាត​ឲ្យ​កប៉ាល់​ទេសចរ​ចូល​ចត និង​អ្នក​ដំណើរ​ឆ្លង​កាត់​កម្ពុជា​នេះ​ថា គ្រាន់​តែ​ជា​ចេតនា និង​ល្បិច​ឃោសនា​នយោបាយ​របស់​របប​ក្រុង​ភ្នំពេញ ក្នុង​ការប៉ុនប៉ង​​បន្សាប​ភាពអាម៉ាស់រឿងទណ្ឌកម្ម EBA និង​ការ​រិះគន់​រឿង​មិន​យក​ចិត្ត​ទុក្ខ​ដាក់​និស្សិត​ខ្មែរ​នៅ វូហាន (Wuhan) ប៉ុណ្ណោះ មិន​មែន​ជា​ចេតនា​គោរព​សិទ្ធិ​មនុស្ស ដោយ​ស្មោះ​ស​នោះ​ទេ។

បើ​ទោះ​បី​ជា​លោក គឹម សុខ មិន​ជំទាស់​កាយវិការ​មនុស្សធម៌ ប្រសិន​បើ​អំពើ​មនុស្ស​ធម៌​នោះ​ធ្វើ​ឡើង​ដោយ​ភាព​ស្មោះ​ស​ក៏​ដោយ​ ក៏ប៉ុន្តែ​លោក​យល់​ថា អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​ទាំង​ទូង​ស្គរ​បំពង​សំឡេង​យ៉ាង​ហ៊ឹកហ៊ាក់ ដោយ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ផ្សព្វផ្សាយ​យ៉ាង​គគ្រឹក​អឺងកង​តាម​គ្នា​ទាំង​ព្រម​បែបនេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចរិត​មេ​ដឹក​នាំ​បែប​កុម្មុយនិស្ត ដែល​ធ្វើ​នយោបាយ​បែប​ប្រជាភិថុតិ បង្កើត​ព្រឹត្តិការណ៍ ដើម្បី​បំភាន់​មតិ​ពលរដ្ឋ និង​យក​ជីវិត​មនុស្ស​មួយ​នគរ ទៅ​លេង​ល្បែង​យក​មុខ​មាត់​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ៖ «វិធីសាស្ត្រ​របស់​កុម្មុយនិស្ត គឺ​គ្មាន​អ្វី​ក្រៅពី​ការ​ប្រើ​វិធី​ឃោសនា​ និង​ហួង​ហែង​តែ​ឯង​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ដូច្នេះ ការ​បក​ស្រាយ​របស់​គាត់​ ទាក់ទង​ទៅ​នឹង​កាយវិការ​មនុស្ស​ធម៌ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​គាត់​និយាយ​នេះ វា​ជា​ឥរិយាបថ វិធី​កុម្មុយនិស្ត​ ដែល​ប្រើ​ដើម្បី​​បំភ្លៃ និង​បន្លំ​ទេ»

អ្នក​វិភាគ​ដែល​ហ៊ាន​និយាយ​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ ថា​លោក ហ៊ុន សែន កុហក​ខ្លួន​ឯង​ទេ នៅ​ពេល​និយាយ​អំពី​ការ​ចេះ​ឈឺ​ឆ្អាល​រឿង​សិទ្ធិ​មនុស្ស និង​សិទ្ធិ​រស់រាន​មាន​ជីវិត​នេះ។ លោក គឹម សុខ ថា លោក ហ៊ុន សែន ឆ្លៀត​ឱកាស ដើម្បី​កេង​ចំណេញ​នយោបាយ ដោយ​យក​ឈ្មោះ​ជន​បរទេស ដែល​នៅ​លើ​កប៉ាល់ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​អាមេរិក អង់គ្លេស និង​កាណាដា ព្រោះ​លោក​ជឿ​ថា អ្នក​ទាំង​នោះ រួម​ទាំង​រដ្ឋាភិបាល​របស់​ពួក​គាត់​ផង ច្បាស់​ណាស់ ច្បាស់​ជា​និយាយ​សរសើរ​សមាន​ចិត្ត​នេះ។

ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​បោះបង់​ចោល​ពលរដ្ឋ​ខ្លួន​ឯង ដែល​ជា​និស្សិត កំពុង​រៀន​នៅ​ក្រុង​វូហាន ចំនួន ២៣ នាក់ ឲ្យ​នៅ​ប្រឈម​គ្រោះថ្នាក់​នៅ​ទីនោះ ដោយ​មិន​ទៅ​ស្រោចស្រង់​ពួក​គាត់ ទោះ​ពួក​គាត់​ដង្ហោយ​សុំ​ឲ្យ​ជូន​មក​កម្ពុជា​វិញ តាំង​ពី​ផ្ទុះ​ករណី​មេរោគ​នេះ​ដំបូង​ម្ល៉េះ មិន​មែន​បង្ខំឲ្យ​អ្នក​ទាំង​នោះ​នៅ​បន្ត​រួមសុខ​រួម​ទុក្ខ​ជាមួយ​ពលរដ្ឋ​ចិន ដែល​កំពុង​ភ័យ​ព្រួយ​រឿង​ឆ្លង​រោគ​នេះ​ទេ៖ «ចំណុច​ដែល​អាម៉ាស់​ធំ​បំផុត»

លោក គឹម សុខ ចាត់​ទុក​កាយវិការ​របស់​លោក​ ហ៊ុន សែន ដែល​ប្រវេប្រវា​បិទបាំង​បញ្ហា​របស់​កម្ពុជា​នេះ ថា​ជា​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​បន្ថែម។ ឧក្រិដ្ឋកម្ម​ទី​មួយ គឺ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​កាត់ EBA ដោយ​សារ​តែ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។ ឧក្រិដ្ឋកម្ម​ទី​ពីរ គឺ​កើត​ចេញ​ពី​ការ​ប្រវេប្រវា​ចង់​បង្វែរ​ស្ថានការណ៍ និង​បិទ​បាំង​បញ្ហា​របស់​កម្ពុជា​នេះ ដែល​លោក ហ៊ុន សែន ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ ១៦លាន​នាក់ ប្រឈមមុខនឹង​គ្រោះថ្នាក់ នៃ​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម កូវិត-១៩ ដោយ​ការ​ប្រថុយប្រថាន​ស្វាគមន៍​កប៉ាល់​ទេសចរ​នេះ។

លោក​ហៅ​ព្រឹត្តិការណ៍​ចុង​ក្រោយ​នេះ​ថា ជា​ល្បែង​ដែល​ចង​ជាតិ និង​រាស្ត្រ ដូច​ករណី EBA ដែរ។ ប៉ុន្ត ករណី​មេរោគ​រលាក​ផ្លូវ​ដង្ហើម​នេះ បើ​រីក​ធំ​វិញ កម្ពុជា​នឹង​វិនាស​ធំ និង​លឿន​ជាង​បាត់ EBA ទៅទៀត។

កប៉ាល់​ទេសចរណ៍ Westerdam នេះ បាន​ចេញ​ដំណើរ​ពី​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ គឺ​ក្រោយ​ផ្ទុះ​ករណី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត-១៩ នៅ​ទីក្រុង វូហាន (Wuhan) ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន​យ៉ាង​ពេញ​បន្ទុក។ កប៉ាល់​នេះ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ឈប់​សំចត​ចុង​ក្រោយ​នៅ​ទីក្រុង​យ៉ូកូហាម៉ា (Yokohama) ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ។

ប៉ុន្តែ ប្រទេស​ជប៉ុន មិន​អនុញ្ញាត​ឲ្យ​ចូល​ចត ដោយ​បារម្ភ​អំពី​បញ្ហា​ឆ្លង​ជំងឺ​នេះ។ ប្រទេស ៤ទៀត រួម​ទាំង​ប្រទេស​ថៃ​ផង ក៏​មិន​ឲ្យ​ចូល​ចត ដោយសារ​ហេតុ​ផង​ដូច​គ្នា។ ប៉ុន្តែ​កម្ពុជា​ព្រម​ឲ្យ​ចូល​ចត ដោយ​លោក ហ៊ុន សែន អះអាង​ថា ដោយសារ​តែ​កម្ពុជា​មាន​សន្តិភាព ទើប​លោក​ហ៊ាន​សម្រេច​ទទួល​យក​កប៉ាល់​នេះ។

ដូច្នេះ​ពេល​ដែល​កប៉ាល់​នោះ​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​នេះ គឺ​ទើប​តែ​បាន​រយៈ​ពេល ១៣ថ្ងៃ​ប៉ុណ្ណោះ រាប់​ចាប់​ពី​ថ្ងៃ​ដែល​ចេញ​ទីក្រុង​ហុងកុង។ ត្រឹម ១៣ថ្ងៃ​នោះ លទ្ធផល​ពិនិត្យ​ជំងឺ​របស់​វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា បង្ហាញ​ថា គ្មាន​អ្នក​ផ្ទុក​ជំងឺ​នេះ​ទេ នៅ​លើ​កប៉ាល់។

ប៉ុន្តែ ការ​ពិនិត្យ​សំណាក​នេះ គឺ​ផ្ដោត​លើ​អ្នក​សង្ស័យ​តែ ២០នាក់​ប៉ុណ្ណោះ។ គ្មាន​សេចក្ដី​រាយការណ៍​ណា​មួយ ដែល​ថា ការ​ពិនិត្យ​រក​រោគ​សញ្ញា ដោយ​យក​សំណាក​មក​ពិនិត្យ​នេះ ធ្វើ​ឡើង​ចំពោះ​អ្នក​ដំណើរ និង​បុគ្គលិក​លើ​នាវា​ទាំង​ជាង ២ពាន់​នាក់​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ញញឹម​បិទ​មាត់​មិន​ជិត ពេល​ចាប់​ដៃ ហុច​ផ្កា ឱប និង​ថើប និង​ថតរូប​ជា​មួយ​អ្នក​ដំណើរ​ជា​ច្រើន ដែល​ចុះ​ពី​លើ​កប៉ាល់​នោះ។ លោក​ថែម​ទាំង​ថ្លែង​សារ ដោយ​ភាព​ជឿ​ជាក់ និង​ប្ដេជ្ញា​ហ៊ាន​ស្លាប់ បើ​លោក​ឆ្លង​រោគ​ពី​អ្នក​ដំណើរ​បរទេស​ណា​ម្នាក់៖ «ថ្ងៃ​នេះ បើ​ខ្ញុំ​មក​ទទួល​ប្រជាពលរដ្ឋ​នៃ​បណ្ដា​ប្រទេស ៤១សញ្ជាតិ​ វា​ក៏​សម​នឹង​ពលិកម្ម ដែល​ខ្ញុំ​ធ្វើ​​ដើម្បី​មនុស្ស​ជាតិ​ផង​ដែរ។ តើ​ឲ្យ​យើង​និយាយ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​អ្វី​ទៅ ប្រសិនបើ​សិទ្ធិ​រស់រាន​មានជីវិត​ មិន​ត្រូវ​បាន​គោរព​ផង​នោះ? កម្ពុជា​យក​ការ​ទទួល​ខុសត្រូវ​មួយ​ លើ​បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ចម្បង ហើយ​ដំបូង​បំផុត ត្រូវ​គោរព​ដល់​ការ​រស់រាន​មាន​ជីវិត​របស់​មនុស្ស សិទ្ធិ​មិន​ត្រូវ​បាន​គេ​រើសអើង និង​សិទ្ធិ​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ​ដោយ​សុវត្ថិភាព»

តើ​អ្នក​ដំណើរ​ទាំង​នោះ ពិត​ជា​វិល​ត្រឡប់​ទៅ​ប្រទេស​ដើម​របស់​ខ្លួន​វិញ ដោយ​សុវត្ថិភាព​ដែរ ឬ​យ៉ាង​ណា បើ​ឥឡូវ​នេះ​អ្នក​រួម​ដំណើរ​ម្នាក់ មាន​ផ្ទុក​មេរោគ​នេះ ដែល​គាត់​អាច​មាន​វា តាំង​ពី​កាល​នៅ​ជិះ​កប៉ាល់​ជា​មួយ​គ្នា​មក​ម្ល៉េះ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។