យុទ្ធនាការបង្ការភាពក្រិះក្រិន រួមបញ្ចូលគ្នារបស់គម្រោង "នូរីស” ក្រោមប្រធានបទ "លូតលាស់ទាំងអស់គ្នា" នៃអង្គការសង្គ្រោះកុមារ (Save the Children) កំពុងតាមដានដានលើភាពលូតលាស់របស់កុមារក្រោមអាយុ ២ឆ្នាំ ជាង ១ពាន់នាក់នៅស្រុកចំនួនពីរ នៃខេត្តពោធិ៍សាត់ គឺស្រុកកណ្ដៀង និងស្រុកបាកាន។
អាជ្ញាធរ និងតំណាងអង្គការមួយនេះ ប្ដេជ្ញារួមគ្នាផ្ដល់ចំណេះដឹងដល់មាតាបិតានៅតាមសហគមន៍ក្នុងការថែទាំកុមារ និងផ្ដល់ចំណីអាហារឲ្យបានត្រឹមត្រូវ ដើម្បីបង្ការជំងឺក្រិះក្រិន ដែលសម្ពោធឲ្យដំណើរជាផ្លូវការគម្រោងនេះ នៅថ្ងៃទី៧ ខែមេសា។
តំណាងអង្គការសង្គ្រោះកុមារ បារម្ភពីការកើនឡើងនៃជំងឺក្រិះក្រិនរបស់កុមារកម្ពុជា ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ខណៈកុមារកម្ពុជា ចំនួន ៣២ភាគរយ មានស្ថានភាពក្រិះក្រិន។ បញ្ហានេះ បានធ្វើឲ្យកម្ពុជា ខាតបង់ថវិកាជាតិប្រមាណ ១២៨លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងមួយឆ្នាំៗ។
មន្ត្រីជំនាញផ្នែកទំនាក់ទំនង និងគ្រប់គ្រងផ្នែកចំណេះដឹងនៃអង្គការសង្គ្រោះកុមារ គឺអ្នកស្រី សេន ហ្សឺនសាហី មានប្រសាសន៍ថា គម្រោងបង្ការភាពក្រិះក្រិនដំណើរការនៅខេត្តពោធិ៍សាត់ បាន ១ឆ្នាំកន្លះ ហើយគម្រោងនឹងបន្តរយៈពេល ៣ឆ្នាំកន្លះទៀត ដើម្បីពង្រឹងសមត្ថភាព និងប្ដូរឥរិយាបទរបស់សហគមន៍។
អ្នកស្រីថា អង្គការបានចាប់ដៃគូជាមួយអាជ្ញាធរខេត្ត និងមន្ទីរជំនាញចំនួនបីទៀត គឺមន្ទីរសុខាភិបាល មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរកសិកម្ម ដើម្បីអនុវត្ដគម្រោង ឬយុទ្ធនាការបង្ការភាពក្រិះក្រិនលើកុមារនេះ៖ «បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅខេត្តពោធិ៍សាត់ នៅជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភមានលក្ខណៈធ្ងន់ធ្ងរ ដោយសារក្នុងចំណោមកុមារបីនាក់ មានកុមារម្នាក់ហើយមានបញ្ហាកង្វះអាហារូបត្ថម្ភ។ មូលហេតុដោយសារស្ត្រីមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់នៅពេលមានផ្ទៃពោះ ហើយមិនបានទទួលសេវាសុខភាពប្រកបដោយគុណភាព និងទាក់ទងនឹងស្ថានភាពអនាម័យរបស់គាត់»។
ទាក់ទងនឹងការអនុវត្តគម្រោងនេះ អភិបាលរងខេត្តពោធិ៍សាត់ លោក ពេជ្រ ហន ថ្លែងថា សក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ មានបី គឺវិស័យកសិកម្ម ព្រៃឈើ និងនេសាទ ដែលធ្វើឲ្យពលរដ្ឋមានលទ្ធភាពរកប្រាក់ ឬចំណីអាហារសម្រាប់ទ្រទ្រង់សុខភាពកូនតូចៗ។ លោកបន្ទោសថា ពលរដ្ឋដែលរស់នៅជិតប្រភពទឹក ឬត្រីសាច់ខ្លះ មិនសូវចេះកែច្នៃ ឬផ្ដល់អាហារត្រឹមត្រូវដល់កូនតូចៗនោះទេ។
លោក ពេជ្រ ហន បញ្ជាក់ថា រូបលោក និងអភិបាលខេត្តពោធិ៍សាត់ នឹងជ្រោមជ្រែងលើយុទ្ធនាការបង្ការភាពក្រិះក្រិនរបស់កុមារ ដើម្បីឲ្យគម្រោងនេះអប់រំដល់មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ៖ «យើងជំរុញតែរឿងអាហារូបត្ថម្ភ។ ប៉ុន្តែអាបញ្ហាចំណាកស្រុកគួរលើកពីបញ្ហានេះ! ដូចកើតកូនបានបួនខែគាត់ (ម្ដាយ) យកទៅផ្ញើយាយ ព្រោះខ្ញុំ និងប្ដីទៅដកដំឡូងឲ្យគេ ឬធ្វើចំណាកស្រុកបានផ្ញើលុយមកក្នុង១ខែ ២០ ឬ ៣០ម៉ឺនរៀល ម៉ែជួយមើលកូនទៅ គាត់អត់ដឹងពីបញ្ហា។ ប៉ុន្តែបើសិនជាម្ដាយនៅអាចផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់»។
តំណាងសហគមន៍ និងជាសមាជិកទ្រទ្រង់សុខភាពភូមិកញ្ជរម្នាក់មកពីស្រុកកណ្ដៀង គឺលោកស្រី ពុំ ពិចិត្ត ឲ្យដឹងថា នៅក្នុងមូលដ្ឋានលោកស្រីមានកុមារខ្វះអាហារូបត្ថម្ភជាច្រើននាក់ ប៉ុន្តែកុមារដែលមានស្ថានភាពក្រិះក្រិនមានពីរនាក់។ លោកស្រីថា នឹងផ្សព្វផ្សាយនូវចំណេះដឹងដែលទទួលបានពីអង្គការ និងមន្ត្រីជំនាញសុខាភិបាលទៅអាណាព្យាបាលកុមារ ដើម្បីបង្ការភាពក្រិះក្រិន៖ «សព្វថ្ងៃនេះកុមារក្នុងសហគមន៍ខ្ញុំមានការខ្វះខាត ប៉ុន្តែចាប់តាំងពីពួកខ្ញុំបានចុះផ្សព្វផ្សាយក្នុងសហគមន៍មក មានមាតាបិតាហ្នឹងចេះអប់រំកូន និងចេះធ្វើអាហារដើម្បីកូនហូបឲ្យមានសុខភាពល្អ ជៀសផុតពីភាពក្រិះក្រិន»។
មន្ត្រីអង្គការសង្គ្រោះកុមារ ឲ្យដឹងថា គម្រោងបង្ការភាពក្រិះក្រិន កំពុងត្រូវបានអនុវត្តនៅខេត្តសៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់។ ជំងឺក្រិះក្រិនធ្វើឲ្យកុមារមិនលូតលាស់ទាំងរាងកាយ ស្មារតី និងលទ្ធភាពការងារ ហើយមិនអាចព្យាបាលបាននោះទេ។ ប៉ុន្តែភាពក្រិះក្រិន អាចបង្ការបាននៅអំឡុងពេល ១ពាន់ថ្ងៃដំបូង នៃជីវិត គឺចាប់ពីពេលដែលស្ត្រីមានផ្ទៃពោះ រហូតដល់កុមារមានអាយុ ២ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។