តុលាការ​ខេត្ត​សៀមរាប​បញ្ជា​ឱ្យ​សមត្ថកិច្ច​បិទ​ឡ​ធ្វើ​នំប៉័ង​បណ្ដោះអាសន្ន

ដោយ ហង្ស សាវយុត
2015.03.30
ពុល​នំបុ័ង​សៀមរាប ៦២០ សិស្ស​សាលា និង​ឪពុក​ម្ដាយ​ជាច្រើន​រយ​នាក់​នៅ​ក្នុង​ឃុំ​ពង្រលើ ស្រុក​ជីក្រែង ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប កំពុង​ព្យួរ​សេរ៉ូម​ដោយសារ​ពុល​ចំណី​អាហារ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

មន្ត្រី​មន្ទីរ​សុខាភិបាល​អះអាង​ថា រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មីនា នេះ កុមារ​និង​ប្រជាពលរដ្ឋ​ដែល​ពុល​នំប៉័ង​ប៉ាតេ នៅ​ឃុំ​ពង្រលើ និង​ឃុំ​សង្វើយ ស្រុក​ជីក្រែង ជាង ៨០០​នាក់ មាន​សុខភាព​ប្រសើរ​ឡើង​វិញ​ហើយ ដោយ​ពួកគេ​នាំ​គ្នា​ចេញ​ពី​មន្ទីរពេទ្យ​វិល​ទៅ​ផ្ទះ​ជា​បន្ត​បន្ទាប់។ ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប ដែល​យក​សំណល់​នំប៉័ង​ពី​កន្លែង​កើត​ហេតុ ព្រម​ទាំង​វត្ថុ​ធាតុ​ដើម​ខ្លះ​ពី​កន្លែង​ផលិត​ទៅ​ពិសោធ​ដើម្បី​រក​ជាតិ​ពុល​នោះ គឺ​នៅ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ។

សមត្ថកិច្ច​ចម្រុះ​មាន​ប៉ូលិស​សេដ្ឋកិច្ច មន្ត្រី​កាំកុងត្រូល និង​មន្ទីរ​ឧស្សាហកម្ម​របស់​ខេត្ត​សៀមរាប បាន​សម្រេច​បិទ​ឡ​នំប៉័ង​យីហោ​ពន្លឺ​ព្រះអាទិត្យ នៅ​ក្នុង​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម មិន​ឱ្យ​ផលិត​លក់​នៅ​លើ​ទីផ្សារ​ជា​បណ្ដោះអាសន្ន​សិន។

ការ​សម្រេច​បិទ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កុមារ និង​ប្រជាពលរដ្ឋ​ជាង ៨០០​នាក់​នៅ​ឃុំ​ពង្រលើ និង​ឃុំ​សង្វើយ ស្រុក​ជីក្រែង បាន​ពុល​នំប៉័ង​ប៉ាតេ​ដែល​គេ​ទិញ​ពី​កន្លែង​ផលិត​យីហោ​ពន្លឺ​ព្រះអាទិត្យ​នេះ។

ប្រធាន​ការិយាល័យ​ប៉ូលិស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប គឺ​លោក សឿន សេន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មីនា ថា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​បិទ​ឡ​ផលិត​នំប៉័ង​យីហោ​ពន្លឺ​ព្រះអាទិត្យ​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​លទ្ធផល​ពិសោធន៍ ថា​តើ​នំប៉័ង​ដែល​ផលិត​ចេញ​ពី​កន្លែង​នោះ​មាន​ជាតិ​ពុល​ដែរ ឬ​ក៏​យ៉ាង​ណា។

មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ដដែល​បញ្ជាក់​ថា ការ​បិទ​ទ្វា​កន្លែង​ផលិត​នំប៉័ង​ជា​បណ្ដោះអាសន្ន​នេះ ដើម្បី​ការពារ​ហានិភ័យ​នៅ​ក្នុង​ពេល​ដែល​លទ្ធផល​នៃ​ការ​ពិសោធ​មិន​ទាន់​ចេញ៖ «​ចំពោះ​ឡ​នំប៉័ង​ហ្នឹង​រង់ចាំ​នៅ​ពេល​ដែល​ការ​ពិសោធ​ចេញ​លទ្ធផល បើសិនជា​អត់​មាន​ជាតិ​ពុល​អី​ទេ គឺ​យើង​នឹង​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ឱ្យ​បន្ត​អាជីវកម្ម​វិញ»

​ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​ទាក់ទង​ជាមួយ​លោក គី ស៊ូឡុង ម្ចាស់​ឡ​នំប៉័ង​យីហោ​ពន្លឺ​ព្រះអាទិត្យ​នេះ ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​បិទ​មិន​ឱ្យ​ផលិត​ជា​បណ្ដោះអាសន្ន​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​កុមារ​និង​ប្រជាពលរដ្ឋ​ចំនួន ៨០៦​នាក់ ដែល​ទៅ​ចូលរួម​ទិវា​ប្រឆាំង​ពលកម្ម​កុមារ​ហើយ​អង្គការ​ចែក​នំប៉័ង​ឱ្យ​ទទួល​ទាន ពុល​តាំង​តែ​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា រហូត​មក​ដល់​ពេល​នេះ​មាន​សុខភាព​ប្រសើរ​វិញ​ភាគ​ច្រើន​ហើយ។

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មីនា គឺ​កុមារ​និង​ប្រជាពលរដ្ឋ​ដែល​ពុល​នំប៉័ង​ប៉ាតេ ភាគ​ច្រើន​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​វិល​ត្រឡប់​ទៅផ្ទះ​វិញ៖ «អ្នក​ជំងឺ​សង្គ្រោះ​អស់​ហើយ នៅ​តែ​អ្នក​មិន​ទាន់​ចេញ​អស់​ពី​ពេទ្យ។ ម្សិលមិញ ថ្ងៃ​មិញ​នេះ​គេ​ចេញ​ទៅ​ផ្ទះ​អស់ នៅ​សល់​មនុស្ស ១០-​២០​នាក់​ទេ...»

ទោះ​យ៉ាង​ណា​វេជ្ជបណ្ឌិត​ដដែល​បារម្ភ​ថា ក្នុង​ចំណោម​អ្នក​ដែល​ពុល​នំប៉័ង​ប៉ាតេ​ខ្លះ បើ​ទោះ​បី​ជា​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​ពេល​នេះ​ក៏ដោយ ក៏​អ្នក​មាន​សុខភាព​ទន់​ខ្សោយ​នឹង​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​រលាក​ពោះវៀន និង​បញ្ហា​ក្រពះ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។