មន្ត្រី​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​នៅ​មណ្ឌលគិរី​ក្រោយ​ពលរដ្ឋ​ពុល​ទឹក​ស្លាប់​ជាង​១០​នាក់

ដោយ អាស៊ីសេរី
2018-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ
ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ
Social Media

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​មួយ​ចំនួន ឋិត​ក្នុងស្រុក​កែវស៊ីម៉ា ខេត្ត​មណ្ឌលគិរី។

មន្ត្រី​ឃ្លាំមើល​បរិស្ថាន​នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ដែល​តាមដាន​បញ្ហា​នេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ឧសភា​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​អាជីវកម្ម​រ៉ែ​មាស​មួយ​ចំនួន នៅ​ឃុំ​ស្រែឈូក និង​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ជាប់​ព្រំប្រទល់ ស្រុក​ស្នូល ខេត្ត​ក្រចេះ។ លោក​បន្ថែម​ថា ចំណុច​ដែល​អាជ្ញាធរ​ចុះ​អង្កេត​នោះ​ជា​តំបន់​ដែល​សំបូរ​ដោយ​អាជីវកម្ម​រុករក​រ៉ែ​មាស រួម​ទាំង​មាន​អាជីវកម្ម​លក្ខណៈ​សហគមន៍​ផង ឋិត​​ក្នុង​ឃុំ​ចុងផ្លាស់ និង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា៖ «ក្រសួង​ជំនាញ​ហ្នឹង​ត្រូវតែ​ធ្វើ​របាយការណ៍​ដាក់​ជូន​រដ្ឋាភិបាល ដើម្បី​មាន​វិធានការ​មាន​វិធានការ​ផ្លូវច្បាប់ ដោយសារតែ​ករណី​ហ្នឹង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​សង្ស័យ​មាន​សារធាតុពុល។ បើ​ធ្វើ​កោសល្យវិច័យ​រក​ឃើញ មាន​ជាតិពុល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់ ត្រូវ​បញ្ជូន​សុំរឿង​ទៅ​តុលាការ»

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី លោក សាន់ ដារឹទ្ធ បាន​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​ថា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល រួម​ទាំង​អាជ្ញាធរ​ខេត្ត​មណ្ឌលគីរី បាន​ចុះ​ពិនិត្យ​ករណី​នេះ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ក៏ប៉ុន្តែ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ ទើប​ត្រឡប់​មក​វិញ និង​ដាក់​ផែនការ​ចុះទៅ​ម្ដងទៀត​នៅ​ថ្ងៃ​ទី២១ ឧសភា។ លោក​ថា ក្រសួង​នឹង​ចាត់វិធានការ​ច្បាប់​ដល់​ក្រុមហ៊ុន​ណា ដែល​ប្រើ​សារធាតុ​គីមី​ចូល​ព្រែក និង​អូរ បង្ក​ប៉ះពាល់​អាយុ​ជីវិត និង​សុខភាព​ពលរដ្ឋ។

មន្ត្រី​សង្គម​ស៊ីវិល​បង្ហើប​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ សង្ស័យ​លើ​អាជីវកម្ម​ក្រុមហ៊ុន​រុករក​រ៉ែ​មាស ឈ្មោះ រ៉ុង ឆេង ដែល​ប្រើ​សារធាតុ ស្យានីដ (Cyanide) ចម្រាញ់​មាស បង្ហូរ​កាកសំណល់​ចូល​ទឹក បង្ក​ឲ្យ​កម្រិត​ទឹក​មាន​ជាតិ​ពុល​ខ្ពស់​បំផុត អាច​សម្លាប់​ជីវិត​មនុស្ស​ភ្លាមៗ។ ក្រៅ​ពី​នេះ​ក្រុមហ៊ុន រ៉ុង ឆេង មាន​ទីតាំង​អាជីវកម្ម​ជាប់​ទឹកអូរ​ធម្មជាតិ​នៅ​តំបន់​នោះ។

ការ​ចុះ​ស៊ើបអង្កេត​បាតុភាព​នេះ ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធិ ថ្លែង​កាល​ពី​ពេល​ថ្មីៗ ​នេះ​ថា ធាតុ​ពិត​ដែល​នៅ​ពីក្រោយ ករណី​ស្លាប់​នៅ​ក្រចេះ និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បណ្ដាល​មក​ពី​ការប្រើប្រាស់​ថ្នាំ​គីមី​មាន​ឈ្មោះថា ក្រូម (Chromium) និង ស្យានីដ ដែល​គេ​ប្រើ​សម្រាប់​ចម្រាញ់​រ៉ែ​មាស។ លោក​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​ក្នុង​ពេល​ឆាប់ៗ ចំពោះ​អាជីវកម្ម​រ៉ែ ដែល​ប្រើ​សារធាតុ​លាង​មាស​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​​ពលរដ្ឋ​ខេត្ត​ក្រចេះ និង​មណ្ឌលគិរី ពុល និង​ស្លាប់​ជាច្រើន​នាក់។

កាលពីដើម​ខែ​ឧសភា ពលរដ្ឋ​រស់នៅ​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ស្លាប់ ១៨​នាក់ និង​ជាង ៣​រយ​នាក់​ធ្លាក់ខ្លួន​ឈឺ ក្រោយពី​ប្រើ​ទឹក​ព្រែកទេរ មាន​សារធាតុពុល។ រីឯ​ពលរដ្ឋ​នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​អាការៈ​ខុស​ប្រក្រតី​ជាង ៨០នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល