ពលរដ្ឋ​ធ្វើ​ដំណើរ​​​​​​តាម​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត​​​ត្អូញ​រឿង​ស្អុយ​ក្លិន​សំរាម

0:00 / 0:00

គំនរ​សំរាម​នៅ​ក្រោម​​ស្ពាន​មិត្តភាព​ខ្មែរ-​ថៃ នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ បាន​ជះ​ក្លិន​ស្អុយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវទេសចរ និង​អ្នក​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ច្រក​អន្តរជាតិ​នេះ​ជា​ប្រចាំ​ ហើយ​អាជ្ញាធរ​ពុំ​ទាន់​មាន​វិធានការ​បោសសំអាត​នៅ​ឡើយ។

ប្រជាពលរដ្ឋ​អំពាវនាវ​​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ រៀបចំ​សណ្ដាប់​ធ្នាប់​បោសសំអាត​បរិស្ថាន​ក្រោម​ស្ពាន​នោះ​ និង​នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៥ ​​ក្រុង​​​ឲ្យ​បាន​ស្អាត​​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​​សុខភាព​ និង​អារម្មណ៍​របស់​អ្នក​​ធ្វើ​ដំណើរ។

​​​​​​​​​​​​​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ភាគ​ច្រើន​យើង​សង្កេត​ឃើញ​ពួកគាត់​ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​គល់​ស្ពាន​នោះ​ តែង​យក​ដៃ​ក្ដោប​ច្រមុះ និង​ត្អូញត្អែរ​ស្រដៀង​គ្នា​ថា​ មាន​​​ក្លិន​ស្អុយ​ពិបាក​ដក​ដង្ហើម។

ក្រុម​អ្នក​រត់​ម៉ូត​ឌុប​នៅ​គល់​ស្ពាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​​ និង​អ្នក​ធ្វើ​ដំណើរ​ថ្លែង​ថា​ ក្លិន​ស្អុយ​គំនរ​សំរាម​នៅ​ក្រោម​ស្ពាន​មិត្ត​ភាព​ខ្មែរ-​ថៃ នៅ​​ក្រុង​ប៉ោយប៉ែត​​ បាន​ជះ​ក្លិន​អាក្រក់​ប៉ះពាល់​​ដល់​សតិ​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ​​អស់​​ជា​ច្រើន​ខែ​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​បោសសំអាត​ ឬ​​ទប់ស្កាត់​រៀបចំ​ឲ្យ​មាន​កន្លែង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ស្អាត និង​សមរម្យ​នោះ​ទេ។

អ្នក​ដំណើរ​ថ្លែង​ខណៈ​ឈប់​តាម​ចិញ្ចើម​ថ្នល់​មុខ​កាស៊ីណូ​​​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​គួរ​បណ្ដោយ​​ឲ្យ​ច្រក​ទ្វារ​អន្តរជាតិ​ ដែល​ជា​តំបន់​ធ្វើ​ដំណើរ​ចេញ​ចូល​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មាន​ក្លិន​ស្អុយ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ៖ «ខ្ញុំ​មក​ពី​ភ្នំពេញ​ដែរ​ នៅ​ពេល​ខ្ញុំ​ចូល​មក​ដល់​ក្រុង​ប៉ោយប៉ែត ខ្ញុំ​មាន​អារម្មណ៍​ថា ទីក្រុង​នេះ​មាន​ភាព​កខ្វក់ មិន​ចង់​ឲ្យ​រស់​នៅ​ទេ។ បាទ! ខាង​សមត្ថកិច្ច​មិន​សូវ​រវីរវល់​ទេ​រឿង​បរិស្ថាន បាន​ខាង​ក្រុមហ៊ុន​កាស៊ីណូ​ទេ​ដែល​គេ​ធ្វើ​ការ​បោស​សំអាត​ខ្លះ​នោះ។ ខ្ញុំ​ចង់​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ផាក​ពិន័យ​ទៅ​លើ​អ្នក​ចោល​សំរាម​អនាធិបតេយ្យ»

​វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ដោយ​លេខ​ទូរស័ព្ទ​​ដែល​លោក​​ប្រើ​ប្រាស់​នោះ ត្រូវ​បាន​អ្នក​ទទួល​ឆ្លើយ​យ៉ាង​ខ្លី​ថា ច្រឡំ​លេខ​ ហើយ​បិទ​ទូរស័ព្ទ​វិញ។

ប៉ុន្តែ​អភិបាល​ក្រុង​ប៉ោយប៉ែត​ លោក​ ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​ថា​ កន្លង​ទៅ​អាជ្ញាធរ​ក្រុង​តែង​​ធ្វើ​ការ​​បោសសំអាត​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ​ជា​ប្រចាំ។ លោក​បញ្ជាក់​ថា គំនរ​សំរាម​នៅ​​ក្រោម​​ស្ពាន​ច្រក​ទ្វារ​ចេញ​ចូល​មិត្ត​ភាព​ខ្មែរ-​ថៃ​នោះ ជា​កំហុស​របស់​ប្រជាពលរដ្ឋ​ទេ​ ដែល​ពួកគាត់​ច្រើន​នាំ​គ្នា​យក​សំរាម​​បោះចោល​ពាសវាលពាសកាល​ បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ​​​សំអាត​នោះ៖ «យើង​មាន​កន្លែង​ឲ្យ​គាត់​ដាក់​សំរាម​ត្រឹមត្រូវ ប៉ុន្តែ​បងប្អូន​មួយ​ចំនួន​គាត់​អត់​គោរព​តាម​ទេ កន្លែង​ត្រង់​ណា​ក៏​ចោល​សំរាម​ដែរ»

លូ​ទឹក​ស្អុយ​ហូរ​តាម​ក្រោម​ស្ពាន​មិត្តភាព​ខ្មែរ-​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១៥
លូ​ទឹក​ស្អុយ​ហូរ​តាម​ក្រោម​ស្ពាន​មិត្តភាព​ខ្មែរ-​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១៥ (RFA/Hum Chamroeun)

យ៉ាង​ណា​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​អះអាង​ថា ពួកគេ​ក៏​ចង់​រួម​ចំណែក​ជាមួយ​សមត្ថកិច្ច​ធ្វើ​ឲ្យ​ក្រុង​ប៉ោយប៉ែត ស្រស់​ស្អាត​​ដែរ។ ប៉ុន្តែ​ពួកគាត់​បញ្ជាក់​ថា សំរាម​ដែល​ជះ​ក្លិន​ស្អុយ​តាម​ដង​ផ្លូវ​ និង​​ក្រោម​​ស្ពាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ ដោយសារ​អាជ្ញាធរ​មិន​​​រៀប​ចំ​សណ្ដាប់​ធ្នាប់​ទុក​ដាក់​ធុង​​សំរាម​​ឲ្យ​បាន​ល្អ ដើម្បី​ងាយ​ស្រួល​ដល់​ការ​​ទុក​ដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «បើ​សមត្ថកិច្ច​មាន​បច្ចេកទេស​ដាក់​ធុង​សំរាម​ត្រឹមត្រូវ ដូច​នៅ​ប្រទេស​គេ​នោះ​ បញ្ហា​ក្លិន​ស្អុយ​សំរាម​វា​នឹង​មិន​កើត​ទៀត​មាន​ឡើយ។ សមត្ថកិច្ច​ចាត់​វិធានការ​តែ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ទេ ចំពោះ​អ្នក​ដែល​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​ចោល​សំរាម​ពាសវាលពាសកាល​ ដែល​បាន​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ មិន​បាន​ដេញ ឬ​រៀបចំ​ទុកដាក់​សំរាម​នោះ​ទេ»

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍ ថា អាជ្ញាធរ​​ក៏​ចង់​ប្រើ​វិធាន​ការ​ក្ដៅ​​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ប្រជាពលរដ្ឋ​ណា​​ដែល​បោះ​កាក​សំណល់​ចោល​ពាសវាលពាសកាល​តាម​ដង​ផ្លូវ​នោះ​ដែរ ប៉ុន្តែ​​ដោយសារ​ការ​យោគយល់​អនុគ្រោះ​ឲ្យ​ប្រជាពលរដ្ឋ​ទេ៖ «ច្បាប់​បរិស្ថាន​គេ​មាន​តើ! គឺ​អ្នក​ដែល​ដាក់​សំរាម​ពាសវាលពាសកាល​ជាប់​គុក​ពី ៣ ទៅ ៦​ខែ ក្នុង​ករណី​ណែ​នាំ​អ្នក​ចោល​សំរាម​ហើយ​មិន​ស្ដាប់»

យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​ក្លិន​ស្អុយ​សំរាម​នេះ​ បើ​យើង​ប្រៀប​ធៀប​ទៅ​ប្រទេស​ថៃ​វិញ​ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​​​ក្រុង​ប៉ោយប៉ែត​នោះ​ ​​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ។ នៅ​ប្រទេស​ថៃ ទាំង​ការ​រៀប​ចំ​ទុកដាក់​សំរាម​ និង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ច្រក​ចេញ​ចូល​ និង​នៅ​​តាម​ដង​ផ្លូវ​គេ​រៀប​ចំ​បាន​ល្អ ហើយ​ពុំ​មាន​ក្លិន​ស្អុយ​ដូច​​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​លើ​ដង​ផ្លូវ និង​កន្លែង​លក់ដូរ​នានា​របស់​ថៃ មាន​ធុង​ទុក​ដាក់​សំរាម​គ្រប់គ្រាន់ និង​សណ្ដាប់ធ្នាប់ ដែល​ខុស​ពី​ខាង​កម្ពុជា នៅ​លើ​ដង​ផ្លូវ​ពាសពេញ​ដោយ​សំរាម​ធំ​ក្លិន​ស្អុយ ដែល​ភ្ញៀវ​ទេសចរ​លាន់​មាត់​ស្ទើរ​តែ​គ្រប់គ្នា​អំពី​បរិស្ថាន​មិន​ស្អាត​នៃ​ច្រកចេញ​ចូល​អន្តរជាតិ​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្លិន​ស្អុយ​គំនរ​សំរាម​តាម​ដង​ផ្លូវ និង​នៅ​ក្រោម​ស្ពាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នោះ ពុំ​មែន​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក​បញ្ជាក់​ថា ករណី​នេះ​ជា​កំហុស​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​វិញ​ទេ ដែល​ខ្វះ​ការ​​យក​ចិត្ត​ទុកដាក់ និង​ថែរក្សា​បរិស្ថាន​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ៖ «អ៊ីចឹង​លោក​អភិបាល​ក្រុង​គួរតែ​កែ​ចិត្ត​កែ​គំនិត​ពិនិត្យ​មើល​រឿង​នេះ​សា​ជា​ថ្មី កុំ​ឲ្យ​ពិនិត្យ​មើល​ទៅ​លើ​កញ្ចប់​លុយ​កាក់​កាស៊ីណូ​អី​ច្រើន​ពេក! ពិនិត្យ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​សង្គម​ឲ្យ​បាន​ច្រើន​ផង»

​ក្លិន​ស្អុយ​គំនរ​សំរាម និង​ការ​ខ្វះ​អនាម័យ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្រុង​ប៉ោយប៉ែត ចាប់​​ពី​គល់​ស្ពាន​​មិត​ភាព​ខ្មែរ-​ថៃ រហូត​ដល់​ផ្សារ​កណ្ដាល គឺ​​មាន​គំនរ​សំរាម និង​ក្លិន​ស្អុយ​តាម​ដង​ផ្លូវ​ជា​និច្ច។ ក្លិន​ស្អុយ​នេះ​ពិសេស​ធំ​ក្លិន​កាន់​តែ​ខ្លាំង​នៅ​ពេល​ភ្លៀង​ធ្លាក់ និង​មាន​រុយរោម​ច្រើន។ កង្វះ​អនាម័យ និង​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​នេះ គឺ​ជា​ឧបសគ្គ​របស់​អ្នក​លក់​ដូរ​ដែរ ដែល​ភ្ញៀវ​ទេសចរ​មិន​ចង់​ស្នាក់​នៅ​កម្សាន្ត​នៅ​ក្រុង​ប៉ោយប៉ែត នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់ ឬ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ថែម​ទាំង​ភ្ញៀវ​ទេសចរ​បរទេស​ផង។

លោក ស៊ុំ ច័ន្ទគា ពន្យល់​ថា​ បញ្ហា​ទាំង​នេះ​បាន​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ជា​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ដង​ផ្លូវ​នោះ​ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​បោស​សំអាត​ឲ្យ​បាន​ស្អាត ដើម្បី​ជា​មុខមាត់​ដល់​ប្រទេស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។