មន្ត្រីជំនាញលើកឡើងថា ឈាមរបស់អ្នកស្ម័គ្រចិត្តបរិច្ចាគនៅមិនទាន់មានចំនួនគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់មន្ទីរពេទ្យនៅឡើយទេ បើធៀបទៅនឹងតម្រូវការឈាមនៅក្នុងប្រទេសកម្ពុជា។ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្នើឲ្យសាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ និងត្រូវជឿជាក់ថា ឈាមបរិច្ចាគនោះមិនត្រូវបានអ្នកណាយកទៅលក់ដូរទេ។
អំណោយឈាមស្ម័គ្ររបស់មហាជនទូទៅនៅតែមិនទាន់គ្រប់គ្រាន់ ខណៈដែលអ្នកដែលមន្ទីរពេទ្យខែត្រទូទាំងប្រទេស ត្រូវការឈាម ១៥០ប្លោកក្នុងមួយថ្ងៃ និងមន្ទីរពេទ្យនៅភ្នំពេញ ត្រូវការឈាម ១០០ប្លោកក្នុងមួយថ្ងៃ។
ថ្លែងក្នុងឱកាសប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមថ្ងៃទី១៤ ខែមិថុនា លោកវេជ្ជបណ្ឌិត ហុក គឹមចេង នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ឲ្យដឹងថា សព្វថ្ងៃនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមជួបការលំបាកក្នុងការផ្គត់ផ្គងឈាមដោយសារតែអ្នកស្ម័គ្របរិច្ចាគឈាមពុំមានចំនួនគ្រប់គ្រាន់ និងទៀងទាត់។
លោកបន្តថា មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការពេលវេលាច្រើនទៀតដើម្បីអាចទទួលបានអំណោយឈាមស្ម័គ្រចិត្តមួយរយភាគរយ៖ «ខ្ញុំយល់ឃើញថា យើងត្រូវធ្វើការអប់រំបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋលោកបរិច្ចាគឈាមគ្រប់គ្នា និងទៀងទាត់»។
សាធារណជនមួយចំនួននៅសង្ស័យថា ឈាមដែលសប្បុរសជនបានផ្ដល់អំណោយឈាម ត្រូវគេយកទៅលក់ដូរ។ ទោះបែបនេះក្តី លោកវេជ្ជបណ្ឌិត ហុក គឹមចេង នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អះអាងម្ដងហើយម្ដងទៀតថា ពុំមានករណីនេះកើតឡើងឡើយ។
អ្នកស្រី មិត្ត ស៊ីណាត ដែលធ្លាប់បានទទួលអំណោយឈាមស្ម័គ្រចិត្តចំពេលកូនរបស់ស្រីត្រូវការឈាមក្នុងពេលវះកាត់នោះ ប្រាប់ថា អំណោយឈាមស្មើនឹងការសង្គ្រោះអាយុជីវិតកូនរបស់លោកស្រី៖ «ខ្ញុំសប្បាយចិត្តមែនទែនពេលនេះកូនខ្ញុំជាហើយ។ ខ្ញុំអរគុណច្រើនដល់បងប្អូនដែលបានផ្ដល់ឈាមជួយសង្គ្រោះជីវិតកូនខ្ញុំ។ ខ្ញុំអរគុណ!»។
កន្លងមកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តែងតែធ្វើយុទ្ធនាការណ៍ផ្សេងដើម្បីទទួលបានអំណោយឈាមពីសប្បុរសជននានា ប៉ុន្តែអ្នកស្ម័គ្របរិច្ចាគឈាមស្ម័គ្រចិត្តមានត្រឹមតែ ៣៥ភាគរយនៃឈាមសរុប។
កញ្ញា ប៉ា នារី គេងនៅលើគ្រែកំពុងផ្ដល់ឈាមស្ម័គ្រចិត្តនៅមន្ទីរពេទ្យព្រះអង្គឌួង និយាយថា កញ្ញាធ្លាប់មានបងប្អូនឈឺត្រូវការឈាមទើបដឹងថា ឈាមមានសារសំខាន់សម្រាប់អ្នកត្រូវការ។ កញ្ញា ប៉ា នារី ដែលធ្លាប់ផ្ដល់ឈាម ៩ដងមកហើយនោះ និយាយទៀតថា ឈាមតែងតែបាត់បង់រាល់ថ្ងៃ ទោះកញ្ញាមិនផ្ដល់ក៏គងនឹងបាត់បង់ដែរ៖ «ខ្ញុំយល់ថា ការផ្ដល់ឈាមនេះ គឺឈាមយើងបាត់បង់ជារៀងរាល់ថ្ងៃ។0 យើងផ្ដល់ឈាមទៅគឺសង្គ្រោះអាយុជីវិតអ្នកដទៃ។ ខ្ញុំសុំឲ្យបងប្អូនទាំងអស់គ្នាផ្ដល់ឈាមឲ្យបានយ៉ាងណា ៣ខែម្ដង ឬ ៦ខែម្ដង»។
ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមដែលប្រារព្ធនៅថ្ងៃទី១៤ ខែមិថុនា ជាខួបលើកទី១២ ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អ្នកដែលបានស្ម័គ្រចិត្តផ្ដល់ឈាម។ អ្នកចូលរួមភាគច្រើនជាយុវជនប្រមាណ ១.០០០នាក់ ភាគច្រើនបានស្ម័គ្រចិត្តផ្ដល់ឈាមនៅនឹងកន្លែងតែម្ដង ដែលស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង នារាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើកទឹកឲ្យសាធារណជនទូទៅចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត។ លោកថា ឈាមជាជីវិត ការផ្ដល់ឈាមជាការសង្គ្រោះជីវិតមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។