អ្នកជំងឺ​កូវីដ១៩ ចំនួន ២៣នាក់​ទៀត​បាន​ស្លាប់ និង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ១ពាន់​នាក់​ដដែល

2021-07-12
Share
អ្នកជំងឺ​កូវីដ១៩ ចំនួន ២៣នាក់​ទៀត​បាន​ស្លាប់ និង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ១ពាន់​នាក់​ដដែល
រូប៖ RFA

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​ដល់ ៩២៥នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​ទី១២ ខែកក្កដា បន្ទាប់​ពី​អ្នក​ជំងឺ ២៣នាក់​បន្ថែម​ទៀត​បាន​ស្លាប់។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​ រក​ឃើញ​មាន ៩១១នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​មាន​ករណី​នាំចូល​ពីក្រៅ​ប្រទេស ៣១៩នាក់។ នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​អះអាង​ថា មាន​អ្នក​ជា​សះ​ស្បើយ ១.០០២នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១២ ខែកក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៦ម៉ឺន ១ពាន់ (៦១.៨៧០)​នាក់​ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៥ម៉ឺន ៣ពាន់(៥៣.៤៧៧)​នាក់ ។ ចំពោះ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​វិញ ក្រសួង​សុខាភិបាល អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី១១ កក្កដា មាន​ចំនួន​ជាង ៤លាន ៩សែន​នាក់ ឬ​ស្មើ​នឹង​ជិត ៥០ភាគ​រយ​ក្នុង​ចំណោម​ប្រជាជន ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់។

ទោះបីជា​រដ្ឋាភិបាល ​លោក ហ៊ុន សែន ​សម្រុក​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជិត៥០​ភាគ​​រយ​និង​កំពុង​មាន​មោទនភាព​ចំពោះ​ការ​ទទួល​បាន​វ៉ាក់សាំង​ចិន​ជា​បន្ត​បន្ទាប់​ក៏ដោយ ក៏​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ និង​ករណី​ឆ្លង​ថ្មី នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល។ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ​អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជិត ៩រយ​នាក់ ដល់​ជាង ១ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី​ជាង ២០នាក់ រហូត​ដល់​ជិត ៤០នាក់​ក្នុង​មួយ​ថ្ងៃ។ ករណី​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ​កំពុង​ពិចារណា​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ជូន​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ដែល​បង្ហាញ​ថា ​កម្រិត​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន នៅ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ ​ដោយ​សារ​ចាក់​ហើយ​នៅ​តែ​ឆ្លង​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល