អ្នក​ជំងឺ​កូវីដ១៩ ចំនួន ២៧នាក់​ទៀត​បាន​ស្លាប់​និង​ឆ្លង​ថ្មី​ជាង ១ពាន់ ១រយ​នាក់

ដោយ ខែ សុណង
2021-06-30
Share
អ្នក​ជំងឺ​កូវីដ១៩ ចំនួន ២៧នាក់​ទៀត​បាន​ស្លាប់​និង​ឆ្លង​ថ្មី​ជាង ១ពាន់ ១រយ​នាក់
រូប៖ RFA

អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ បាន​កើន​ឡើង​ខ្ពស់​បង្កើត​​ជា​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ហើយ។

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​ដល់​ជាង ៦០០នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែមិថុនា បន្ទាប់​ពី​អ្នក​ជំងឺ ២៧នាក់​បន្ថែម​ទៀត​បាន​ស្លាប់។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​ រក​ឃើញ​មាន​ចំនួន ១ពាន់ ១៣៩នាក់ ក្នុង​នោះ ភាគ​ច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ និង​មាន​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ជាង ១០០នាក់។ ក្រសួង​អះអាង​ថា ខេត្ត​មួយ​ចំនួន នៅ​តែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង​ជា​បន្ត​បន្ទាប់ ដូចជា ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ​ និង​ខេត្ត​ក្រចេះ​ជា​ដើម។​

នៅ​ថ្ងៃ​ដដែល​នេះ ​ក្រសួង​ថា មាន​អ្នក​ជា​សះស្បើយ ៦៧០នាក់។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៩ ខែមិថុនា​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ មាន ៥០.៣៨៣​នាក់ ក្នុង​នោះ ​អ្នក​ជា​សះ​ស្បើយ​មាន ៤៤.១៤៣នាក់ ហើយ​នៅ​សល់​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​នៅ​តាម​ផ្ទះ​របស់​ខ្លួន។ ថ្មីៗ នេះ​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​មេរោគ​កូវីដ១៩ បម្លែង​ថ្មី​ ឈ្មោះ ដែលតា (DELTA) កើន​ឡើង​ចំនួន ២២នាក់​ហើយ លើ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ ក្រសួង​ថា មេរោគ​បំប្លែង​ថ្មី​នេះ ឆ្លង​លឿន​ជាង​កាល​ពី​មុន​ដំបូង រហូត​ដល់​​ទៅ ១៥ដង​ឯ​ណោះ។

ចំពោះ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​វិញ ក្រសួង​សុខាភិបាល​អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី២៩ មិថុនា មាន​ចំនួន​ជាង ៤លាន ១សែន​នាក់ ឬ​ស្មើ​នឹង​ជាង ៤១ភាគ​រយ ក្នុង​ចំណោម​ប្រជាជន ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល