ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ចំនួន ៣៨ករណីដែលសុទ្ធសឹងជាប្រភេទអូមីក្រុង
ដោយ ខែ សុណង
2022.01.28
2022.01.28
ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ចំនួន ៣៨ករណីថ្មីទៀត ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួនថ្មី ឈ្មោះ អូមីក្រុង (Omicron) ក្នុងនោះ ៩នាក់ ជាករណីនាំចូល និង ២៩នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។
គិតត្រឹមព្រឹកថ្ងៃទី២៨ មករានេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ប្រមាណ ១២ម៉ឺននាក់ (១២១.១៨៨) ក្នុងនោះអ្នកជាសះស្បើយមានជាង ១១ម៉ឺននាក់ (១១៧.៣០៣) និងអ្នកស្លាប់មានចំនួន ៣ពាន់ ១៥នាក់ (៣.០១៥)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី ២៧មករាម្សិលមិញ រដ្ឋាភិបាលចាក់វ៉ាក់សាំងគ្រប់ដូសជូនពលរដ្ឋបានជាង ១៣ លាន ៧សែននាក់ ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់ប្រមាណ ១៤លាននាក់ ដែលរាប់ពីកុមារអាយុចាប់ពី ៥ឆ្នាំរហូតដល់មនុស្សពេញវ័យ។ រីឯដូសជំរុញទី៣ និងទី៤ វិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានសរុបជិត ៦លាននាក់៕