កម្ពុជា​មាន​អ្នកជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត បាន​ស្លាប់ និង​ឆ្លង​ថ្មី ១១៦នាក់

2021-10-25
Share
កម្ពុជា​មាន​អ្នកជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត បាន​ស្លាប់ និង​ឆ្លង​ថ្មី ១១៦នាក់
Photo: RFA

អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ​មាន ៣នាក់ បាន​ចាក់​វ៉ាក់សាំង និង​៦នាក់ទៀត​មិនបាន​ចាក់​វ៉ាក់សាំង។ ចំពោះ​ករណី​ឆ្លង​ថ្មី​មាន ១១៦នាក់ ក្នុង​នោះ​មាន ១៧នាក់​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស។ នេះ​ជា​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍ ភីស៊ីអារ៍ (PCR)

នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​សុខាភិបាល​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​សម្រេច​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​ក្រុម​គ្រូពេទ្យ និង​ក្រុម​អ្នក​ផ្តល់​សេវា​ជួរ​មុខ ដែល​អនុវត្ត​បាន​ខ្ជាប់​ខ្ជួន​វិធានការ​សុខាភិបាល និង​ធ្វើតេស្ត​កូវីដ​អវិជ្ជមាន តាម​ម៉ាស៊ីន​ពិសោធន៍ ភីស៊ីអារ៍ (PCR)។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រសួង​បញ្ជាក់​ថា ចំពោះ​ក្រុម​គ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរ​មុខ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ-១៩ និង​ដែល​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ៧ថ្ងៃ នៅ​ផ្ទះ ឬ​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ទុក។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៥ តុលា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ជាង ១១ម៉ឺន ៧ពាន់​នាក់ (១១៧.៨៨៨) ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​ប្រមាណ​ជាង ១១ម៉ឺន​នាក់ (១១៣.២៦៤)។ ចំណែក​ករណី​ស្លាប់​វិញ​ ក្រសួង​អះអាង​ថា បាន​កើន​ឡើង​ដល់​ជាង ២ពាន់ ៧រយ ៤៣នាក់ (.៧៤៣)

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២៤ តុលា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ដែល​គ្រប់​អាយុ​បាន​ជាង ៩៩% ក្នុង​ចំណោម ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ៣លាន ៦សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ៤លាន​នាក់៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល