កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ចំនួន ៣០នាក់ទៀត
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣០នាក់បន្ថែមទៀត ជាប្រភេទមេរោគបម្លែងថ្មី អូមីក្រុង (Omicron) ទាំងអស់ ក្នុងនោះ ២៣នាក់ឆ្លងក្នុងសហគមន៍ និង ៧នាក់ជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី១៩ មករា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១២ម៉ឺននាក់ (១២០.៨៧៧) ក្នុងនោះអ្នកជាសះស្បើយមានជាង ១១ម៉ឺន ៧ពាន់នាក់ (១១៧.១៤៦) និងអ្នកស្លាប់មានចំនួន ៣.០១៥នាក់។
ចំពោះការចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ មករា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុពី ៥ឆ្នាំឡើងទៅបានជាង ១៤លាន ៣សែននាក់ សម្រាប់ដូសទី១ ខណៈដូសទី២ បានជាង ១៣លាន ៧សែននាក់ និងដូសទី៣ បានជិត ៤លាន ៨សែននាក់។
ជាមួយគ្នានេះក្រសួងសុខាភិបាលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចាក់វ៉ាក់សាំងដូសទី៣ ឬហៅថា ដូសជំរុញជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងឱ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដបម្លែងថ្មីនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យក្រុមគ្រូពេទ្យនៅខេត្តតាកែវ នៅថ្ងៃទី១៩មករាថា មន្ទីរសុខាភិបាលខេត្តនេះ ត្រៀមសហការជាមួយអាជ្ញាធរចុះធ្វើជំរឿនតាមមូលដ្ឋានស្រាវជ្រាវរកប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ដើម្បីចាក់ជូនពួកគាត់ដល់ទីតាំងរស់នៅ ដើម្បីសម្រួលដល់ពលរដ្ឋដែលរវល់ការងារ ហើយមិនមានពេលទៅចាក់វ៉ាក់សាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។