អ្នក​ជំងឺ​កូវីដ ១១នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៤រយ​នាក់

ដោយ សុជីវី
2021.08.31
អ្នក​ជំងឺ​កូវីដ ១១នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៤រយ​នាក់ ក្រុមគ្រូពេទ្យនៅខេត្តកំពង់ចាមចុះមកយកអ្នកផ្ទុកជំងឺកូវីដ១៩ទៅព្យាបាលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
រូប៖ រដ្ឋបាលខេត្តកំពង់ចាម។

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១១នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ជាង​ ១ពាន់ ​៩រយនាក់​ (១.៩០៣) ​ហើយ គិតត្រឹម​ថ្ងៃទី​៣១ ខែសីហា។ ​ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ​មាន​​ចំនួន​ ៤៣៩​នាក់ ក្នុង​នោះ​​ជាង​ ១០០នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

ជា​មួយ​​គ្នា​នេះ​ ក្រសួងសុខាភិបាល ​បាន​រក​ឃើញ​​មេរោគ​កូវីដ​១៩ ​​បំប្លែង​ថ្មី​ ដែនតា ​(Delta)​​ បាន​​កើន​ឡើង​ជិត ​២ពាន់​នាក់ហើយ ​​គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែសីហា ក្រោយពេល​រក​ឃើញ​​អ្នក​ឆ្លង​ថ្មី​ចំនួន​ ​៨៤នាក់ ​បន្ថែម​ទៀត​​ នៅ​​រាជធានី​ភ្នំពេញ​ ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​បាត់ដំបង​ និង​ខេត្ត​មួយ​ចំនួន​ទៀត​។ រហូតមក​ទល់​ពេលនេះមេរោគ​បំប្លែង​ថ្មី​នេះ បាន​រាតត្បាត​​ស្ទើរ​តែ​ពាសពេញ​ប្រទេស​ហើយ​ លើក​លែង​តែ​ខេត្ត​កែប និង​ខេត្ត​ក្រចេះ​ប៉ុណ្ណោះ។​​​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៣១ ខែសីហា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៩ម៉ឺន ៣ពាន់នាក់ ​(៩៣.​០៥៣ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត ៨ម៉ឺន ៩ពាន់​នាក់​ (៨៨.៧៨៦)។ ចំពោះ​ការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ វិញ ក្រសួង​សុខាភិបាល​​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែ​សីហា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជិត​ ៩២​ភាគរយ​ហើយ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ៧៧ភាគ​រយ​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត  ២លាន​នាក់។

ជាមួយគ្នា​នេះ​​ រដ្ឋាភិបាល​បាន​នាំចូល​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ​២លាន​ដូស​បន្ថែម​ទៀត​ ​ដឹក​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី៣១ ​ខែសីហា​។ ​​លោក​ ហ៊ុន សែន​ បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា វ៉ាក់​សាំង​ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​​​​​នេះ ​ត្រៀម​​សម្រាប់​ចាក់​ដូស​ទី៣​ ឬ​ហៅ​ថា​ដូស​ជំរុញ ​ជូន​ប្រជា​ពលរដ្ឋ។​ 

គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា​ កម្ពុជា មាន​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ​សរុប​ជាង​ ២៥​លាន​ដូស​ហើយ។ វ៉ាក់សាំង​ភាគ​ច្រើន​រដ្ឋាភិបាល​​បានទិញ​ពី​ប្រទេស​ចិន​ និង​មួយ​ចំនួន​ទៀត​ជា​​ជំនួយ​​មនុស្សធម៌​​ពី​ប្រទេស​ជា​មិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។