រដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តចំនួន ៨ ជាប់ព្រំដែនថៃ បណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បំប្លែងថ្មី ប្រភេទ ដែលតា (Delta)។ ខេត្តដែលត្រូវបិទខ្ទប់បណ្ដោះអាសន្នទាំងនោះរួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។ ការបិទខ្ទប់នេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏តម្រូវឱ្យក្រសួងការបរទេស និងក្រសួងការងារ ទាក់ទងភាគីថៃជាបន្ទាន់ ដើម្បីបិទព្រំដែនបណ្ដោះអាសន្នសម្រាប់អ្នកធ្វើដំណើរចេញចូល លើកលែងតែងការដឹកជញ្ជូនទំនិញ និងករណីពិសេសមានអ្នកជំងឺសង្គ្រោះបន្ទាន់។ រដ្ឋាភិបាលបញ្ជាឱ្យក្រសួងទាំងពីរ និងអាជ្ញាធរខេត្តទាំងនេះ បង្កើនការសម្របសម្រួលជាមួយភាគីថៃ ដើម្បីពន្យារពេលការវិលត្រឡប់មកស្រុកវិញនៃពលករខ្មែរនៅថៃ។
ការសម្រេចបិទខេត្តមួយចំនួននេះ ធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញចំនួនអ្នកឆ្លងមេរោគ កូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា កាន់តែច្រើនជាពិសេស ក្នុងចំណោមពលករចំណាកស្រុកខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ។
ទន្ទឹមនឹងការបិទខ្ទប់ខេត្តទាំង ៨នេះ រដ្ឋាភិបាលក៏បានចេញនូវផែនការ ១១ចំណុច ផ្សេងទៀត ចំពោះអាជ្ញាធរពាក់ព័ន្ធទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ ក្នុងវិធានការទាំងនោះ ក៏មានតម្រូវឱ្យអភិបាលខេត្តក្រុងទាំងអស់ អាចមានលទ្ធភាពចាត់វិធានការបិទខ្ទប់អាជីវកម្ម សកម្មភាពការងារ មុខរបរនានា ហាមការជួបជុំ ដែលមានមនុស្សលើសពី ១០នាក់ និងការហាមឃាត់ការដើរហើរ ចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺជាដើម។
កាលពីថ្ងៃទី២៨ កក្កដា កម្ពុជារកឃើញ អ្នកកើតជំងឺកូវីដ១៩ ចំនួន ៧៦៦នាក់ និងអ្នកស្លាប់ចំនួន ១៥នាក់ ដែលចំនួននេះបានធ្វើឱ្យកម្ពុជា មានអ្នកស្លាប់កើនឡើងដល់ ១.៣៣៨នាក់ និងអ្នកឆ្លងសរុប ៧៥.១៥២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។