ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ចំនួន ៤៣នាក់ និងករណីនាំចូលម្នាក់ ហើយករណីជាសះស្បើយចំនួន ៦៨នាក់ នៅថ្ងៃអាទិត្យ ទី៤ ខែមេសា។ ករណីឆ្លងថ្មីក្នុងសហគមន៍ទាំង ៤៣នាក់ នេះ សុទ្ធតែជាជនជាតិខ្មែរដែលរកឃើញនៅរាជធានីភ្នំពេញចំនួន ២៥នាក់នៅព្រះសីហនុ ១៧នាក់ និងខេត្តស្វាយរៀងម្នាក់។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ នៅរាជធានីភ្នំពេញទាំង ២៥នាក់ ក្នុងនោះមានកុមារ ៣នាក់ ដែលផ្ទុយពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នពេញ ចុះថ្ងៃទី៤ ខែមេសា បានបង្ហាញអំពីឈ្មោះ ភេទ អាយុ ទីកន្លែងការងារ និងទីកន្លែងរស់នៅរបស់អ្នកជំងឺផងដែរ ប៉ុន្តែមិនបានបង្ហាញរូបថតនោះទេ។ សាលារាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ទាំងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកធ្វើតេស្ត នៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ករណីពលរដ្ឋណាមានបញ្ហាសុខភាព ដូចជា៖ ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ១៩។
ក្រៅពីនេះ សាលារាជធានីភ្នពេញ ក៏បានប្រកាសបិទផ្សារអូឬស្សីរយៈពេល ១៤ថ្ងៃ ផងដែរ បន្ទាប់ពីមានអាជីវករចំនួន ៦នាក់ ដែលរួមទាំងអនុប្រធានទីផ្សារ និងសន្តិសុខ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី និងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន អំពីករណីសាលារាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកជំងឺនេះទេដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែអ្នកស្រី ឱ វណ្ណឌីន ប្រាប់កាសែតក្នុងស្រុកថា ការបង្ហាញអត្តសញ្ញាណរបស់អ្នកជំងឺដែលត្រូវបានធ្វើឡើងដោយសាលារាជធានី គឺមិនពាក់ព័ន្ធជាមួយនឹងក្រសួងសុខាភិបាលនោះទេ។
ទោះជាយ៉ាងណា កន្លងមក ក្រសួងសុខាភិបាលក៏ធ្លាប់បង្ហាញអត្តសញ្ញាណនិងរូបថតរបស់អ្នកជំងឺកូវីដតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ កាលនោះ ក្រុមអង្គការជាតិ-អន្តរជាតិ និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានរិះគន់ថា ការបង្ហាញអត្តសញ្ញាណអ្នកជំងឺនេះ ជារឿងមិនចាំបាច់ និងជាការបំពានសិទ្ធិឯកជន ព្រោះនាំឲ្យអ្នកជំងឺទទួលរងភាពអាម៉ាស ការរើសអើង និងថែមទាំងអាចរារាំងមនុស្សពីការធ្វើតេស្តរកជំងឺកូវីដទៀតផង។
គិតត្រឹមថ្ងៃទី៤ ខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដជាង ២ពាន់៦រយ (២.៦៨៩) នាក់ ក្នុងនោះអ្នកកំពុងសម្រាកព្យាបាលមានជាង ១ពាន់ (១.០១២)នាក់។ ចំណែកអ្នកស្លាប់វិញ ក្រសួងទទួលស្គាល់ថា មានចំនួន ១៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។