យុទ្ធនាការ​ពិនិត្យ​សុខភាព​មាត់ស្បូន​និង​សុដន់​ដល់​ស្ត្រី​ដោយ​ឥត​គិត​ថ្លៃ​នៅ​ពេទ្យ​កាល់ម៉ែត

ដោយ អ៊ុំ រង្សី
2015.07.21
ពិនិត្យ​ជំងឺ​ទូទៅ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ៦២០ អ្នក​ជំងឺ​កំពុង​រង់ចាំ​លេខ​ពិនិត្យ​ជំងឺ​ទូទៅ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Oung Sereyvuth

មន្ទីរពេទ្យ​កាល់ម៉ែត នឹង​បើក​យុទ្ធនាការ​ពិនិត្យ​សុខភាព​មាត់​ស្បូន​និង​សុដន់ ដល់​ស្ត្រី​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល​មួយ​ខែ​គឺ​ចាប់ នៅ​ថ្ងៃទី២២ កក្កដា ដល់​ថ្ងៃ​ទី​២២ សីហា។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង និង​ជំងឺ​មហារីក បង្កើន​ចំណេះដឹង​ពី​ការពារ​ជំងឺ​មហា​រីក​មាត់ស្បូន និង​សុដន់។

ប្រធាន​ផ្នែក​វិភាគ​ជំងឺ​មហារីក​ប្រចាំ​មន្ទីរ​ពេទ្យ​កាល់ម៉ែត លោកស្រី​វេជ្ជបណ្ឌិត ហាវ មនីរត្ន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កក្កដា​ថា នេះ​ជា​លើក​ទី៧ ហើយ​ដែល​មន្ទីរ​ពេទ្យ​កាល់ម៉ែត រៀបចំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក។

លោកស្រី​បន្ត​ថា ក្នុង​ចំណោម​មហារីក​ទាំងអស់​ដែល​កើត​ឡើង​លើ​ស្ត្រី​កម្ពុជា មហារីក​មាត់​ស្បូន​ឈរ​នៅ​លំដាប់​លេខ១ និង​មហារីក​សុដន់​លេខ២ ហើយ​អត្រា​អ្នក​កើត និង​អ្នក​ស្លាប់​លើ​ស្ត្រី​កម្ពុជា ដោយ​សារ​ជំងឺ​ទាំងពីរ​នេះ មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ប្រធាន​ផ្នែក​វិភាគ​ជំងឺ​មហារីក​ប្រចាំ​មន្ទីរពេទ្យ​កាល់ម៉ែត រូប​នេះ ​ឲ្យ​ដឹង​ទៀត​ថា ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​កើត និង​ស្លាប់​ដោយសារ​ជំងឺ​មហារីក​មាត់​ស្បូន​ច្រើន​ជា​ង​គេ​បំផុត នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ហើយ​ក្នុង​នោះ ចំនួន​អ្នក​​កើត​ជំងឺ​មហារីក​មាត់​ស្បូន មាន​ប្រមាណ​ជាង១៥០០ នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​ស្ត្រី​ប្រមាណ​៦០​ភាគរយ បាន​បាត់​បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​ជំងឺ​នេះ។ អ្នកស្រី​សង្ឃឹម​ថា​យុទ្ធនាការ​នេះ នឹង​ជា​ចំណែក​ផ្សព្វផ្សាយ ចូលរួម​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ​ទាំងពីរ​នេះ។«»

យុទ្ធនាការ​ពិនិត្យ​សុខភាព​មាត់​ស្បូន និង​សុដន់​ដល់​ស្ត្រី​នៅ​កម្ពុជា​មាន​រយៈ​ពេល​១​ខែ​នេះ នឹង​ផ្ដល់​នូវ​សេវា​ពិនិត្យ​សុខភាព​មាត់​ស្បូន ជូន​ដល់​ស្ត្រី​ក្រីក្រ​ចំនួន​៣០០​នាក់ និង​ពិនិត្យ​សុដន់​​ចំនួន​២០០ ​នាក់ ​ដោយ​ឥត​គិត​ថ្លៃ។ លក្ខខ័ណ្ឌ​នៃ​ការ​ចូល​រួម​ពិនិត្យ​សុខភាព សម្រាប់​ការពិនិត្យ​សុខ​ភាព​មាត់​ស្បូន គឺ​សម្រាប់​ស្ត្រី​ដែល​រៀបការ​រួច​មាន​អាយុ​ចន្លោះ​ពី​៣០ ដល់ ​៥០​ឆ្នាំ​។ ហើយ​ចំពោះ​ការ​ពិនិត្យ​សុដន់​វិញ​ គឺ​ស្ត្រី​គ្រប់​វ័យ​អាច​ចូល​រួម​ពិនិត្យ​បាន ពិសេស​អ្នក​មាន​រោគ​សញ្ញា​នៅ​នឹង​សុដន់ ឬ​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។