អ្នក​ភូមិ​ពល​ស្រុក​សំរោង​ត្អូញត្អែរ​ថា​ម្សៅ​ដំឡូង​ហុយ​ចេញ​ពី​ស្តង់​ទិញ​ដំឡូង​ប៉ះពាល់​សុខភាព

ដោយ ហង្ស សាវយុត
2017-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​លើក​ដំឡូងមី​ដាក់​រថយន្ត​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦។
កសិករ​លើក​ដំឡូងមី​ដាក់​រថយន្ត​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦។
RFA/Hum Chamroeun

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​សំរោង គួរ​តែ​ចុះ​ទៅ​ពិនិត្យ​មើល​ស្តង់​ទទួល​ទិញ​ដំឡូងមី​ក្រៀម​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ពល សង្កាត់​សំរោង ថា​តើ​វា​បាន​ធ្វើ​ឲ្យ​ហុយ​ម្សៅ​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​លើ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្រិត​ណា?

ការ​ជំរុញ​នេះ ក្រោយ​ពី​ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០​គ្រួសារ រស់នៅ​ជិត​កន្លែង​ស្តង់​ទិញ​ដំឡូងមី​ស្ងួត​នោះ កំពុង​នាំ​គ្នា​ផ្ដិត​មេដៃ​ធ្វើ​ពាក្យ​ប្ដឹង​ដាក់​ទៅ​អាជ្ញាធរ ឲ្យ​ជួយ​ដោះស្រាយ​ជុំវិញ​ការ​ប៉ះពាល់​ជាច្រើន​មក​លើ​ពួក​គេ។

ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០​គ្រួសារ​រស់នៅ​ភូមិ​ពល នៃ​សង្កាត់​សំរោង ខេត្ត​ឧត្តរមានជ័យ ត្អូញត្អែរ​ថា ស្តង់​ទទួល​ទិញ​ដំឡូងមី​ក្រៀម​មួយ​កន្លែង កំពុង​ធ្វើ​ឲ្យ​ដី និង​ម្សៅ​ដំឡូងមី​ស្ងួត​ហុយ​ចេញ​ជា​រៀង​រាល់​ថ្ងៃ បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ព្រម​ទាំង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

អ្នក​ភូមិ​ជាច្រើន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ដោយសារ​តែ​ឥទ្ធិពល​នៃ​សារធាតុ​ហុយ​ចេញ​ពី​ស្តង់​ដំឡូងមី​ក្រៀម​នោះ ធ្វើ​ឲ្យ​មនុស្ស​ចាស់ និង​កុមារ​ជាច្រើន​មាន​ជំងឺ​ផ្ដាសាយ​ឥត​ដាច់ ហើយ​កុមារ​ខ្លះ​មាន​សុខភាព​ធ្ងន់ធ្ងរ រហូត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទៀត​ផង។

ស្ត្រី​ចំណាស់​ម្នាក់​នៅ​ភូមិ​ពល ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត គឺ​លោកស្រី នួន សារ៉ាយ។ លោកស្រី​អះអាង​ថា ផ្ទះ​របស់​គាត់​ដែល​នៅ​ជាប់​របង​គ្នា​ជាមួយ​នឹង​ស្តង់​ទទួល​ទិញ​ដំឡូងមី​ក្រៀម​នោះ កំពុង​រង​ការ​ប៉ះពាល់​ពី​ការ​ហុយ​ម្សៅ​ដំឡូងមី​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ធ្ងន់ធ្ងរ។

ស្ត្រី​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន ចៅ​តូចៗ​របស់​គាត់​ជាច្រើន​នាក់​ត្រូវ​ឪពុក​ម្ដាយ​របស់​គេ បង្ខំ​ឲ្យ​ទៅ​លេង​នៅ​ផ្ទះ​អ្នក​ជិត​ខាង ពីព្រោះ​តែ​មិន​អាច​ស៊ូ​ទ្រាំ​នូវ​ការ​ហុយ​ម្សៅ​ដំឡូងមី​ស្ងួត​នេះ​ជា​រៀង​រាល់​ថ្ងៃ​បាន៖ «ឡាន​បើក​ចូល​វា​ហុយ​ដី​នៅ​ខាង​មុខ ដល់​ពេល​គេ​កើប​ដំឡូង​ចាក់​ចូល​ឡាន​នៅ​ខាង​ក្រោយ គឺ​ហុយ​ម្សៅ​ដំឡូង​ស្ងួត​ម្ដង​ទៀត។ ដក​ដង្ហើម​មិន​រួច​ទេ ចៅ​តូចៗ​ម៉ែ​វា​ដេញ​ឲ្យ​ទៅ​រត់​លេង​នៅ​តែ​ផ្ទះ​គេ»

ស្ត្រី​ម្នាក់​ទៀត​នៅ​ភូមិ​ពល ដែរ លោកស្រី វ៉ែន ផុក មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ ម្សៅ​ដំឡូងមី​ហុយ​ចេញ​ពី​ស្តង់​ទទួល​ទិញ​នោះ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោកស្រី​ពិបាក​រស់នៅ។ ស្តង់​ទិញ​ដំឡូងមី​ស្ដុក​នោះ គឺ​ដឹក​ចេញ​យក​ទៅ​ប្រទេស​ថៃ៖ «ខ្ញុំ​នៅ​ជិត​កន្លែង​ស្តង់​ទិញ​ដំឡូង​នេះ គឺ​ហុយ​រាល់​តែ​ថ្ងៃ។ ពេល​ហុយ​ម្ដងៗ គឺ​ធ្វើ​ឲ្យ​កណ្ដាស់​ក្អក»

អ្នក​ភូមិ​ឲ្យ​ដឹង​ថា រយៈពេល​ជាង ៣​ខែ​មក​ហើយ​ដែល​ពួក​គាត់​ទទួល​ការ​ប៉ះពាល់​ពី​កន្លែង​ស្ដុក​ដំឡូងមី​ក្រៀម​នេះ។ ពួក​គាត់​ចំនួន ៣០​គ្រួសារ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​អាជ្ញាធរ​ភូមិ-ឃុំ​ឲ្យ​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ដោះស្រាយ​យ៉ាង​ណា​ទេ។

អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ម្ចាស់​ស្តង់​ដំឡូងមី​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា។

ទោះ​ជា​យ៉ាង​ណា ចៅ​សង្កាត់​សំរោង លោក ចៀម តុប អះអាង​ថា លោក​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ទៅ​លើ​សុខភាព​សាធារណៈ​នោះ។ លោក​ចៅ​សង្កាត់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ គឺ​លោក​មិន​ទាន់​បាន​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​ហុយ​ចេញ​ពី​កន្លែង​ស្តង់​ដំឡូង​នោះ​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​ដឹង​រឿង​នោះ ហើយ​កំពុង​តែ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព ដើម្បី​រក​ដំណោះស្រាយ៖ «វា​ហុយ​ប៉ះពាល់ នៅ​ពេល​ដែល​គេ​កើប​ដំឡូងមី​ក្រៀម​ដាក់​ឡាន​ម្ដងៗ តាម​ពិត​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឆ្ងាយ​ពី​កន្លែង​នោះ​ដែរ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ចាត់​ទុក​សារធាតុ​ហុយ​ចេញ​ពី​ដំឡូងមី​ក្រៀម​នោះ ថា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ដែល​អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​ជា​បន្ទាន់។

អតីត​គ្រូពេទ្យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក ញាណ សារិន ពន្យល់​ថា សារធាតុ​ហុយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ គឺ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា ដូចជា​កើត​ជំងឺ​ផ្ដាសាយ ជំងឺ​ផ្លូវ​ដង្ហើម ហើយ​បើ​រយៈពេល​យូរ​អង្វែង អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​សួត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល