ក្មេងៗ ​ដែល​ឆ្លង​ និង​ផ្ទុក​មេរោគ​អេដស៍ នៅ​ឃុំ​រកា ​ត្រូវ​ឈប់​រៀន​ដោយសារ​ការរើសអើង

ដោយ ម៉ៅ សុធានី
2021-02-25
Share
ក្មេងៗ ​ដែល​ឆ្លង​ និង​ផ្ទុក​មេរោគ​អេដស៍ នៅ​ឃុំ​រកា ​ត្រូវ​ឈប់​រៀន​ដោយសារ​ការរើសអើង មណ្ឌល​សុខភាព​រកា ឋិត​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

កុមារ​ឆ្លង​ជំងឺ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ចំនួន ​៦៨​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប ៣២៥​នាក់ កាលពី​ឆ្នាំ​២០១៤ គឺ​ភាគច្រើន​​ឈប់​រៀន ដោយ​សារ​​បញ្ហា​សុខភាព និង​ការរើសអើង​ពី​សំណាក់​មិត្តភ័ក្ដិ​ក្នុង​សាលារៀន។

តើ​កុមារ​ទាំងនោះ​ជួប​បញ្ហា​លំបាក​អ្វី​បន្ថែម​ទៀត ក្រៅតែ​ពី​ពួកគេ​ឈប់​រៀន ក្រោយ​ការ​ឆ្លង​អេដស៍?

កូនស្រី​ ៣​នាក់​ក្នុង​មួយ​គ្រួសារ​ឆ្លង​ជំងឺ​អេដស៍ កាលពី​នៅ​វ័យ​ក្មេងៗ ត្រូវ​ឈប់​រៀន​ទាំងអស់​គ្នា ដោយសារ​ការរើសអើង​នៅ​ក្នុង​សាលារៀន​។ ពួកគេ​សព្វថ្ងៃ​នៅតែ​ផ្ទះ មិន​បាន​ធ្វើការ​អ្វី​ឡើយ ហើយក៏​មិន​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជា​ជំនាញ​ណាមួយ​ឡើយ។

លោក ឯម ស៊ន អាយុ ​៤២ឆ្នាំ ជា​កសិករ នៅ​ភូមិ​រកា សោកស្ដាយ​​ជា​​ខ្លាំង ​ដែល​​ក្រុម​​គ្រួសារ​​របស់​​លោក ទាំង​​ប្រពន្ធ ​និង​កូនៗ ​កើត​ជំងឺ​អេដសន៍​ទាំងអស់​គ្នា​។ លោក​បន្ត​ថា ជីវិត​ក្នុង​គ្រួសារ គឺ​គ្មាន​សង្ឃឹម​អ្វី​ឡើយ ក្រៅ​តែ​ប្រឹង​រស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ចំណែក​រូបលោក​វិញ ទោះបីជា​គ្មាន​កើត​ជំងឺ​អេដស៍​ក៏ដោយ ក៏​មិន​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ឆ្ងាយៗ​ បាន​ឡើយ ដោយសារ​ត្រូវ​ថែទាំ​ក្រុម​គ្រួសារ៖ «បាទ​ស្ដាយ​ណាស់​ ដែលកូន ជំរុញ​ឱ្យ​វា​ទៅ​រៀន វា​មិន​ទៅ។ ​វាថា ​ខ្មាស​គេ គេ​រើសអើង។​ អ៊ីចឹង​ទៅ ស្ដាយ​អនាគត​កូន​ដែរ កូន​ទាំង​បី​។ ទី​១ អាយុ ២២ ទី​ពីរ អាយុ ​២០​ឆ្នាំ ហើយ​ទី​៣ អាយុ​ ១៦​ឆ្នាំ​។ យើង​តាម​ដំណើរ​របស់​យើង​ទៅ មិន​ដឹង​ជា​គិត​យ៉ាងម៉េច គិត​តាម​កម្ម​ពារ ប្រសិនបើ​កូន​ទៅ​អ៊ីចឹង​អស់ហើយ រក​និយាយ​អ្វី​ក៏​អត់​ចេញ​ទេ​។ អត់​មាន​ការងារ​ធ្វើ​អ្វី​ទេ អត់​មាន​ទេ ធ្វើស្រែ​តិចតួច​គ្រាន់​បាន​រួច​ព្រឹក​រួច​ល្ងាច»

កាលពី​ចុង​ឆ្នាំ​២០១៤ មាន​ករណី​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​មាន​សរុប​ចំនួន ៣២៥​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន ៦៨​នាក់ ដែល​បាន​ឆ្លង​ជំងឺ​អេដស៍ តាមរយៈ​ការ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ ពី​គ្រូពេទ្យ​នៅ​ក្នុង​ឃុំ ឈ្មោះ យ៉ែម ជ្រិន ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០១៤​។ សាលាដំបូង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៥ ក៏​បាន​​ផ្ដន្ទាទោស​​គ្រូពេទ្យ​រូប​នោះ ឱ្យ​ជាប់ពន្ធនាគារ ២៥​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន ៣​ករណី គឺ​បទ​បើក​កន្លែង​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត បទ​អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម និង​បទ​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នកដទៃ​ដោយ​ចេតនា។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​រកា លោក វេជ្ជបណ្ឌិត អេង សំណាង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា មន្ទីរពេទ្យ​បង្អែក​រកា និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ផ្សព្វផ្សាយ​និង​អប់រំ​អំពី​វិធី​ការពារ ថែទាំ​សុខភាព និង​បញ្ឈប់​ការរើសអើង ជាពិសេស ជំរុញ​លោកគ្រូ​អ្នកគ្រូ​ឱ្យ​យក​ចិត្តទុកដាក់​បន្ថែម ករណី​រើសអើង​ដល់​សិស្ស​ ដែល​កើត​ជំងឺ​អេដស៍​នៅ​ក្នុង​ថ្នាក់រៀន​៖ «កន្លងមក​យើង ក៏បាន​យកចិត្តទុកដាក់​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ស្តី​អំពី​ការកាត់បន្ថយ​ភាព​រើសអើង​នេះ​ចំណុច​ទី​១។ ចំណុច​ទី​២ យើង​បាន​រៀបចំ​ជា​បណ្ដាញ​តាម​រយៈ​​អង្គការ​ជា​ដៃគូ មាន​អង្គការ​ខាណា (Khana) យើង​លើកកម្ពស់​សហគមន៍ ទាក់ទង​បញ្ហា​រើសអើង​នេះ​ដែរ​។ ហើយ​ចំណុច​ទី​៣ យើង​បាន​សហការ​ជាមួយ​សាលារៀន យើង​បាន​យកចិត្តទុកដាក់​ដែរ ប៉ុន្តែ​កុមារ​ផ្ទុក​មេរោគ ​គឺ​អត់​សូវ​បាន​រៀន​ទៀងទាត់​ជាប្រចាំ ដូច​ក្មេង​ធម្មតា​ទេ ដោយសារ​បញ្ហា​សុខភាព»

បន្ថែម​ពី​បញ្ហា​សុខភាព​មិន​ទៀងទាត់ និង​ការរើសអើង​នៅ​ក្នុង​ថ្នាក់រៀន សិស្ស​កើត​អេដស៍​ភាគច្រើន ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ចំនួន ​៦៨​នាក់ បាន​ឈប់​រៀន។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក ស៊ូ សានិត ក៏​បាន​ទទួលស្គាល់​ថា មាន​ការ​លំបាក​ក្នុង​ការអប់រំ​ទូន្មាន​ដល់​សិស្ស​ដទៃ​ទៀត កុំ​ឱ្យ​រើសអើង​ចំពោះ​សិស្ស​ដែល​កើត​អេដស៍​ក្នុង​សាលារៀន​។ លោក​បន្ត​ថា មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ក៏បាន​ស្នើសុំ​ទៅ​ក្រសួង​អប់រំ ឱ្យ​យកចិត្តទុកដាក់ ជួយ​ផ្តល់​ជា​អាហារូបករណ៍ ដល់​សិស្ស​ណា​ដែល​តស៊ូ​រៀន​សូត្រ និង​ចង់​បន្ត​ការសិក្សា​នៅ​សកល​វិទ្យាល័យ​៖ «យើង​គាំទ្រ​ដល់​គាត់​ដែល​ផ្ទុក​មេរោគ និង​នៅ​បន្ត​ការសិក្សា ប៉ុន្តែ​យើង​ធ្វើ​បាន​ភាគច្រើន​តែ​ជាមួយ​គ្រូ និង​សិស្ស​។ ដោយឡែក​រវាង​សិស្ស​ជាមួយ​សិស្ស​គ្នាឯង យើង​មាន​ការ​លំបាក​មែនទែន ដោយសារ​ក្មេង​យើង​ដឹង​ហើយ វា​ពិបាក​ណាស់ ជួនកាល​យើង​ប្រាប់​ឱ្យ​ទៅ​ឆ្វេង​វា​ទៅ​ស្តាំ​។ ប៉ុន្តែ​ការ​គាំទ្រ​របស់​ស្ថាប័ន​គឺ​នៅ​តែ​មាន​អ៊ីចឹង សម្រាប់​ក្មេង​ផ្ទុក​មេរោគ​អេដស៍ និង​នៅតែ​បន្ត​ការសិក្សា​។ យើង​ណែនាំ​ថា ប្រសិនបើ​គាត់​ជាប់​បាក់​ឌុប គឺ​យើង​ឱ្យ​ខាង​ក្រសួង​អប់រំ ជួយ​គាំទ្រ​រហូតដល់​មាន​អាហារូបករណ៍​កន្លែង​ណា ឱ្យ​គាត់​បន្ត​រៀន​បាន ឱ្យ​ទៅ​រៀន​កន្លែង​ហ្នឹង​»

ពាក់ព័ន្ធ​នឹង​បញ្ហា​កុមារៗ ​ឈប់​រៀន​នេះ លោក​វេជ្ជបណ្ឌិត អេង សំណាង ឱ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​បង្អែក​រកា កំពុង​ស្វះ​ស្វែងរក​អង្គការ​ដៃគូ ដើម្បី​បង្កើត​វគ្គ​សិក្សា​និង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​សិស្ស​ដែល​ឈប់​រៀន​ទាំងនោះ និង​ស្ត្រី​នៅ​ក្នុង​ឃុំ​រកា​ដែល​កើត​ជំងឺ​អេដស៍​។ លោក​បន្តថា ការ​បណ្ដុះបណ្ដាល​ជំនាញ​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ឱ្យ​ពួកគេ អាច​មាន​លទ្ធភាព​រក​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​៖ «យើង​ធ្លាប់​បាន​គិត ឱ្យ​ចេញ​ជា​រូបភាព​វា​អត់​ចេញ​ទេ ដោយសារ​យើង​ជួបប្រទះ​បញ្ហា ទី​១ យើង​រក​អង្គការ​ដៃគូ ដែល​គាំទ្រ​ផ្នែក​នេះ​អត់​មាន​។ ទី​២ យើង​អត់​ទាន់​ឃើញ​មាន​អង្គការ​ណា ដែល​គេ​ផ្ដួចផ្ដើម​នៅឡើយ​ទេ យើង​មាន​បណ្ដាញ​យើង​ជួយ​ខ្លះៗ តែ​មិន​បាន​ច្រើន​ទេ​។ ខ្ញុំ​ឃើញ​នារី​ម្នាក់​គាត់​ផ្ទុក​ដែរ ខ្ញុំ​ឱ្យ​ការងារ​គាត់​ធ្វើជា​អ្នក​សំអាត​នៅ​ក្នុង​មន្ទីរពេទ្យ គាត់​ទៅ​រៀន​វិជ្ជាជីវៈ​ប៉ុន្តែ​គាត់​ចប់​ហើយ​បើក​សំអាង​របស់​គាត់ អ៊ុតសក់ កាត់សក់ គាត់​រក​ថវិកា​បាន ប៉ុន្តែ​ករណី​នេះ​មាន​តិចតួច​ណាស់​បើ​តាម​ខ្ញុំ​ដឹង​មានតែ​ម្នាក់​គត់​នៅ​ឃុំ​រកា»

រហូតមកដល់​ថ្ងៃ​ទី២២ ខែ​កុម្ភៈ​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ នៅ​ឃុំ​រកា បាន​កើន​ឡើង​ដល់​ ៤៦​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន ៣២៥​នាក់​។ ស្ថិតិ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩ អ្នក​កើត​ជំងឺ​អេដស​ន៍​ទូទាំង​ប្រទេស​សរុប​ ៧៣​.០០០​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១.៣០០នាក់។ ចំណែក​អ្នក​ទទួល​បាន​ថ្នាំ​ព្យាបាល​វិញ គឺ​មាន​សរុប ៦១.១៩៣នាក់

ប្រជាពលរដ្ឋ​កើត​ជំងឺ​អេដស៍ នៅ​ឃុំ​រកា អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​អង្គការ​មនុស្សធម៌​នានា បន្ត​ជួយ​ឧបត្ថម្ភ​ស្បៀងអាហារ​ដល់​ពួកគាត់ ពីព្រោះ​កំពុង​ប្រឈម​បញ្ហា​ខ្វះខាត យ៉ាង​ខ្លាំង​ក្នុង​ជីវភាព​រស់នៅ និង​ខ្លះ​ទៀត​ធ្លាក់ខ្លួន​ឈឺ​ជា​ប្រចាំ មិន​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​ឆ្ងាយៗ ​បាន ដោយសារ​ការ​រាត​ត្បាត​​ជំងឺ​​កូ​វីដ​១៩​។ បន្ថែម​ពី​នេះ ពួកគាត់​ក៏បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ជាពិសេស ក្រសួង​អប់រំ បើក​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជា​ជំនាញ ដល់​ពួកគាត់​ផង ដូចជា អ៊ុតសក់​កាត់សក់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល