បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ការពារ​ខ្លួន​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដោយសារ​គ្មាន​វិធានការ​ត្រឹមត្រូវ​ពី​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2020.02.16
កូរ៉ូណាវីរុស មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល ដាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​វាល​យន្តហោះ និង​ច្រក​ចេញ​ចូល​អន្តរជាតិ។
រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២០

គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ការពារ​ខ្លួន​ដោយ​ខ្លួនឯង ក្រោយ​លោក ហ៊ុន សែន មិន​បាន​ចាត់វិធានការ​ត្រឹមត្រូវ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ពី​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត​-១៩ នេះ។

នៅ​ក្នុង​សេចក្តី​អំពាវនាវ ចេញ​កាល​ពី​រាត្រី ថ្ងៃ​ទី​១៥ ខែ កុម្ភៈ គណបក្ស​សង្គ្រោះជាតិ លើក​ឧទាហរណ៍​នៃ​ការ​មិន​យកចិត្តទុកដាក់​ត្រឹមត្រូវ​របស់​របប​ក្រុងភ្នំពេញ ដូចជា​ការ​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​រស់នៅ​កន្លែង​ផ្ទុះ​មេរោគ គឺ​ទីក្រុង​វូ​ហាន និង​ទុក​បន្ត​ឱ្យ​មាន​ជើង​ហោះហើរ​ជាមួយ​ប្រទេស​ចិន ព្រមទាំង​ឱ្យ​ពលរដ្ឋ​ចិន​រាប់​ពាន់​នាក់​ពី​ទីក្រុង​វូហាន ចូល​មក​កាន់​ប្រទេស​កម្ពុជា និង​ធ្វើ​ដំណើរ​ដោយ​សេរី ពេញ​ផ្ទៃ​ប្រទេស ដោយ​គ្មាន​ត្រួតពិនិត្យ​សុខភាព​អ្នក​ទាំងនោះ។

ជាង​នេះ​ទៅទៀត គណបក្ស​សង្គ្រោះ​ជាតិ លើក​យក​ករណី​នៃ​ការ​រក​ឃើញ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ នៅ​លើ​ស្ត្រី​អាមេរិក​វ័យ ៨៣ ឆ្នាំ ដែល​ជា​អ្នកដំណើរ​លើ​កប៉ាល់ Westerdam នោះ​។ គណបក្ស​នេះ បន្ថែម​ថា លោក ហ៊ុន សែន ថែមទាំង​គំរាមកំហែង និង​ព្រមាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ណា ដែល​ហ៊ាន​និយាយ​ពី​ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​នេះ និង​មិន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រក​វិធី​ការពារ​ខ្លួន ដូចជា​ការ​ប្រើ​ម៉ាស់​ជាដើម​។

អាជ្ញាធរ​កម្ពុជា នៅតែ​បន្ត​ឱ្យ​ជនជាតិ​ហូរ​ចូល​កម្ពុជា ស្រប​ពេល​ប្រទេស​ចិន​ឯណោះ បាន​បិទ​ទីក្រុង​ជាច្រើន ដើម្បី​បង្ការ​បញ្ហា​នេះ​។

ដោយសារ​មូលហេតុ​ទាំងនេះ គណបក្សប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។