តុលាការ​ឃុំ​ខ្លួន​មនុស្ស​ម្នាក់​និង​បន្ត​សាកសួរ​២​នាក់​ករណី​មនុស្ស​១៥​ស្លាប់​ដោយ​ពុល​ស្រា​ស

ដោយ ខែ សុណង
2016.12.14
ពុល​ស្រា​ស កំពង់ឆ្នាំង ២០១៦ ៨៥៥ អ្នក​ភូមិ​នៃ​ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​សង្ស័យ​ថា​ពុល​ស្រា​ស កំពុង​សម្រាក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កំពុង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​បិត​ស្រា​នៅ​ក្នុង​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ក្នុង​សំណុំ​រឿង​ពុល​ស្រា​បង្ក​ឲ្យ​មនុស្ស ១៥​នាក់​ស្លាប់ និង ៧៧​នាក់​ឈឺ​ធ្ងន់។ វិធានការ​នេះ បន្ទាប់​ពី​ចេញ​លទ្ធផល​វិភាគ​ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល រក​ឃើញ​ថា មាន​ទីតាំង​ផលិត​ស្រា​ស​ចំនួន​៣ មាន​ជាតិ​ពុល ឬ​មេតាណុល​កម្រិត​ខ្ពស់ បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល និង​គ្រោះថ្នាក់​ដល់​ជីវិត។

តុលាការ​ខេត្ត​កំពង់ឆ្នាំង សម្រេច​ឃុំ​ខ្លួន​មនុស្ស​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត និង​ពីរ​នាក់​ទៀត សមត្ថកិច្ច​បន្ត​នីតិវិធី​សាកសួរ ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ពុល​ស្រា​បង្ក​ឲ្យ​មនុស្ស ១៥​នាក់​ស្លាប់។

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណរ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ថា បន្ទាប់​ពី​បាន​លទ្ធផល​វិភាគ​ពី​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល ដែល​មាន​ទីតាំង​ផលិត​ស្រា​ស​ចំនួន​៣ រក​ឃើញ​ថា​មាន​ជាតិ​មេតាណុល​ក្នុង​ស្រា​ស ដែល​បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល​ស្លាប់​ចំនួន ១៥​នាក់​ជា​បន្តបន្ទាប់ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង នោះ សមត្ថកិច្ច​បាន​ហៅ​អ្នក​បិត​ស្រា​នៅ​ក្នុង​មូលដ្ឋាន​ចំនួន ៣​នាក់​មក​សាកសួរ តាម​លិខិត​បង្គាប់​របស់​តុលាការ។

លោក សុវណ្ណរ៉ា បន្ត​ថា ក្នុង​ចំណោម​មនុស្ស​ទាំង ៣​នាក់​នោះ មាន​ម្នាក់​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ម្នាក់​កំពុង​ស្ថិត​ក្នុង​នីតិវិធី​សាកសួរ និង​ម្នាក់​ទៀត​សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​ហៅ​មក​សាកសួរ​បន្ត៖ «ម្សិលមិញ​បាន​ទៅ​យក​មក​ហើយ ប្រហែល​ជា​ល្ងាច​នេះ​អាច​ត្រូវ​គេ​ធ្វើ​បែបបទ​ចប់​ហើយ នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការ​ទៀត។ ការ​ដែល​គេ​ពិនិត្យ​រួច​ដែល​គេ​បញ្ជូន​មក​ខ្ញុំ មាន​តែ ៣ ទេ តែ​គេ​ពិនិត្យ​អត់​ទាន់​អស់ ឈ្មោះ​ដែល​យើង​បញ្ជូន​ទៅ​អត់​ទាន់​អស់ នៅ​មាន​បញ្ជូន​បន្ត​មក​ទៀត គ្រាន់​តែ​យើង​ទទួល​បាន​លើក​ទី​១ គឺ ៣​នាក់​ហ្នឹង ផល​ប៉ះពាល់​ហ្នឹង​វា​នៅ​មាន​ឈ្មោះ​ច្រើន​ត​ទៅ​ទៀត មិន​ដឹង​ថា​គេ​ពិនិត្យ​ចប់​គេ​បញ្ជូន​មក​ទៀត»

មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៤ ធ្នូ បាន​បង្ហាញ​ជា​ផ្លូវ​ការ​ថា ក្នុង​ចំណោម​ទីតាំង​ផលិត​ស្រា​ស​ចំនួន ៨​ទីតាំង មាន ៣​ទីតាំង​រក​ឃើញ​មាន​ជាតិ​ពុល ឬ​មេតាណុល​កម្រិត​ខ្ពស់ បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល។ ស្រា​ស​ដែល​មាន​ជាតិ​មេតាណុល​លើស​ពី ០,១៥% អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​គ្រោះថ្នាក់​ដល់​ជីវិត។ ទីតាំង​ទី​មួយ​មាន​កម្រិត​រហូត​ដល់ ១,៤៣% ទីតាំង​ទី​ពីរ មាន​កម្រិត ១,៧៤% និង​ទីតាំង​ទី​បី​មាន​កម្រិត​ដល់ ០,២០% ដែល​បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល​ស្លាប់​ចំនួន ១៥​នាក់ និង​ឈឺ​ធ្ងន់ ៧៧​នាក់​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ករណី​ស្លាប់ ១៥​នាក់​នេះ គឺ​ជា​ករណី​ទី​១ ក្នុង​ឆ្នាំ​២០១៦។ លោក​ថា ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​មាន​ក្រសួង​៦ ក្នុង​នោះ​មាន​ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ទេសចរណ៍ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឲ្យ​លឿន ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ និង​ជួយ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល«ខ្ញុំ​បាន​សំណូមពរ​ហើយ​ថា សូម​ឲ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នោះ បង្កើន​ការ​ត្រួត​ពិនិត្យ មុន​នឹង​ចេញ​អាជ្ញាប័ណ្ណ សូម​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​ផលិត។ មិន​ដូច្នោះ​ទេ វា​អាច​បង្ក​ឲ្យ​ដដែលៗ ឈឺ និង​ស្លាប់​ដល់​ពលរដ្ឋ​របស់​យើង»

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រូពេទ្យ​ក៏​កំពុង​ព្យាបាល​អ្នក​ជំងឺ​ពុល​ស្រា​មិន​ទាន់​ជា​សះ​ស្បើយ​ពីរ​នាក់​ទៀត ក្នុង​ចំណោម​មនុស្ស ៧៧​នាក់​ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ។ ចំណែក​អ្នក​នៅ​សម្រាក​ព្យាបាល​ទាំង​ពីរ​នាក់​នោះ បាន​ផុត​ពី​គ្រោះថ្នាក់​ហើយ«អត់​អី​ទេ គាត់​ស្រាកស្រាន្ត​ហើយ គ្រាន់​តែ​វាយ​តម្លៃ​ថា គាត់​មិន​ទាន់​អាច​ចេញ​បាន»

មន្ត្រី​ជំនាញ​សុខាភិបាល បាន​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​បញ្ហា​នេះ មាន​តែ​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ និង​សូម​ឲ្យ​ពលរដ្ឋ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​ស្រា ឬ​អាហារ​ដែល​គ្មាន​ស្លាក​សញ្ញា និង​គ្មាន​ប្រភព​នៃ​ការ​ផលិត​ច្បាស់លាស់។

ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន ៩២​ករណី គឺ​មាន​មនុស្ស ១៥​នាក់​ស្លាប់ និង​អ្នក​ឈឺ​ដោយសារ​ពុល​ស្រា​ស​ចំនួន ៧៧​នាក់។ មន្ត្រី​ជំនាញ​សុខាភិបាល ថា​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ពុល និង​អ្នក​ស្លាប់​ទាំងអស់ សុទ្ធតែ​មាន​ប្រវត្តិ​ផឹក​ស្រា​ដែល​បាន​បិត ឬ​ផលិត​នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ក្ដុល ដំណាក់​អំពិល និង​ភូមិ​កូនដំរី នៃ​ឃុំ​ក្ដុលសែនជ័យ ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ករណី​ពុល​ស្រា​នេះ កន្លង​មក​បាន​កើត​ឡើង​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និង​ខេត្ត​ឧត្តរមានជ័យ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។