ពលរដ្ឋ​​ខេត្ត​រតនគិរី​ បារម្ភ​ពី​ជំងឺ​គ្រុនឈាម​​រាតត្បាត​​ខ្លាំង​​នៅ​​មូលដ្ឋាន

ដោយ សេក បណ្ឌិត
2019-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​មូស​ខ្លា ដែល​ខាំ​បឺត​ឈាម​មនុស្ស ហើយ​បង្ក​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត។
រូប​មូស​ខ្លា ដែល​ខាំ​បឺត​ឈាម​មនុស្ស ហើយ​បង្ក​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត។
រូប៖ ប័ណ្ណ​ផ្សព្វផ្សាយ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​កម្ពុជា

ប្រជាពលរដ្ឋ​នៅ​ស្រុក​រើនសៃ ខេត្ត​រតនៈគិរី ព្រួយ​បារម្ភ​អំពី​ជំងឺ​គ្រុន​ឈាម​រាតត្បាត​ខ្លាំង​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​អ្នក​ស្រុក។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​ជំងឺ​គ្រុន​ឈាម​បាន​ឆ្លង​រាលដាល​ទៅ​​មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​ ដោយ​មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កាឡាន់ញ៉ៃ ឃុំ​វើនសៃ អ្នក​ស្រី​ ភីម ផល្លី ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៣ មិថុនា​ថា សាច់​ញាតិ​របស់​អ្នកស្រី​ប្រមាណ ១០នាក់​ហើយ ដែល​បាន​ឆ្លង​ជំងឺ​គ្រុន​ឈាម ហើយ​ពួក​គាត់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ស្រុក​វើនសៃ និង​គ្លីនិក​ឯកជន​ក្នុង​មូលដ្ឋាន ដោយ​មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ​ទេ។ អ្នក​ស្រី​បន្ត​ថា​ នេះ​ជា​លើក​ទី១ ហើយ​ ដែល​ពលរដ្ឋ​នៅ​ក្នុង​ភូមិឋាន​របស់​អ្នក​ស្រី​បាន​ឆ្លង​ជំងឺ​ដ៏​ច្រើន​បែប​នេះ។ អ្នក​ស្រី​ថា​ ជំងឺ​នេះ​ចាប់​ផ្ដើម​ផ្ទុះឡើង​​តាំង​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​មក ហើយ​គិត​ត្រឹម​ថ្ងៃ​ទី៣ មិថុនា​ គឺ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​បាន​ឆ្លង​ជំងឺ​ ក្នុង​នោះ​មាន​ទាំង​មនុស្ស​ចាស់​និង​កុមារ៖ «ក្មួយ​ម្នាក់​បី​បួន​ថ្ងៃ​ហើយ​អត់​ហូប​បាយ​សោះ​ មុន​ដំបូង​គ្រុន​ ដល់​ពេល​ទៅ​ជួស​ឈាម​មើល​គេ​គ្រុន​ឈាម ដល់​ពេល​អីចឹង​ទៅ គេ​ព្យួរ​សេរ៉ូម​តែម្ដង​ តែ​បី​បួន​ថ្ងៃ​ហើយ​អត់​ទាន់​ងើប​រួច​ទេ ដាក់​សេរ៉ូម​រហូត។ ខ្ញុំ​ភ័យ​ណាស់​ដោយសារ​នៅ​ទីនេះ​ពេទ្យ​ក៏​ឆ្ងាយ​ ហើយ​ពិបាក​ឆ្លង​ទូក​ទៅ​ត្រើយ​ម្ខាង​ទន្លេ ព្រោះ​នៅ​កំពង់​ដរ​គេ​ចម្លង​តែ​ពេល​ថ្ងៃ​ដល់​ម៉ោង ៦ល្ងាច​គេ​ឈប់​អស់​ហើយ»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនៈ​គិរី​លោក​ ជា សានិត​ ដើម្បី​សាក​សួរ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣ មិថុនា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនៈ​គិរី​លោក​ នាង សំអាត ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​សុខាភិបាល​បាន​បញ្ជូន​គ្រូពេទ្យ​ជា​ច្រើន​នាក់​ទៅ​​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​រួច​ហើយ ដោយ​ពុំ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ណា​ម្នាក់​​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ក្នុង​ចំណោម​មនុស្ស​ប្រមាណ ១០០នាក់ គ្រូពេទ្យ​ពិនិត្យ​ឃើញ​មាន​ជំងឺ​គ្រុន​ឈាម ប្រមាណ ៣០នាក់ ហើយ​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​វើនសៃ៖ «យើង​មាន​ឡាន​មាន​អី​បាញ់​ថ្នាំ​តាម​ដង​ផ្លូវ​ដែល​មាន​ព្រៃ​តាម​លំនៅឋាន​របស់​ពលរដ្ឋ​ស្នាក់​នៅ​ ហើយ​មួយ​អង្កេត​នៅ​តាម​មណ្ឌល​សុខភាព​ក្នុង​ស្រុក​វើនសៃ​ដើម្បី​តាម​អំពី​ឬ​ក៏​មូលហេតុ​ក្មេងៗ​ដែល​ត្រូវ​បញ្ជូន​មក​តើ​វា​មាន​មក​ពី​មូលដ្ឋាន​ឬ​មាន​រក​មូលហេតុ​បណ្ដាល​មក​ពី​អ្វី​ គឺ​យើង​ត្រូវ​សិក្សា​បន្ត​ទៀត»

លោក​បន្ត​ថា ក្រោយ​ពី​កើត​ជំងឺ​នេះ​ ខាង​គ្រូពេទ្យ​បាន​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​តាម​មូលដ្ឋាន​ និង​ផ្សព្វផ្សាយ​ដំណឹង​ដល់​ពលរដ្ឋ​អោយ​រួម​គ្នា​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ​ ដើម្បី​ទប់ស្កាត់​​កុំ​អោយ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​បន្ត​ទៀត។

ទោះ​ជា​យ៉ាង​ណា ​រហូត​មក​ទល់​ម៉ោង​ផ្សាយ​នេះ​ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រូប​នេះ​ពុំ​ទាន់​ដឹង​អ្នក​ឆ្លង​ជំងឺ​នេះ​កើន​ឡើង​ដល់​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ។

ចំណែក​ប្រធាន​កម្មវិធី​ប្រយុទ្ធ និង​ជំងឺ​គ្រុន​ឈាម នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​លោក មាន វណ្ណា បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា គិត​ត្រឹម​ថ្ងៃ​ទី៣ មិថុនា ក្នុង​ភូមិ​កាឡាន់​ញៃ​ មាន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម កើន​ឡើង​ដល់​ចំនួន ៨៤នាក់​ហើយ។

អ្នក​ជំនាញ​ខាង​ជំងឺ​គ្រុនឈាម​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ លោក វេជ្ជ បណ្ឌិត ប៉ែន កក្កដា មាន​ប្រសាសន៍​ថា ជំងឺ​គ្រុន​ឈាម​អាច​ឆ្លង​ទៅ​ទាំង​មនុស្ស​ចាស់ ​និង​កុមារ​ តាម​រយៈ​មូស​ខ្លា​ខាំ។ លោក​បន្ត​ថា ជំងឺ​នេះ​ដំបូង​ អ្នក​កើត​ជំងឺ​មាន​អាការ​ក្ដៅ​ខ្លួន​ ចាប់​ពី ៣៨ ទៅ ៣៩អង្សា មាន​រយៈ​ពេល​មួយ​សប្ដាហ៍ ក្រោយ​មក​អ្នក​ជំងឺ​ និង​ចុះ​ត្រជាក់​វិញ។ ប៉ុន្តែ​លោក​ថា ការ​ចុះ​ត្រជាក់​នេះ ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែល ត្រូវ​ប្រុង​ប្រយ័ត្ន ហើយ​ជាសះស្បើយ​ ប្រសិន​បើ​មាន​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​និង​ទាន់​ពេល​ ព្រោះ​ប្រសិន​បើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ​ នៅ​២​ថ្ងៃ​ក្រោយ​ពី​ចុះ​ត្រជាក់​ គឺ​​អាច​​ធ្វើ​អោយ​អ្នក​ជំងឺ​​បាត់បង់​ជីវិត​បាន៖ «ជំងឺ​ឈាម​អាច​ស្លាប់​បាន​ ទី​មួយ​ស្លាប់​ដោយសារ​ការ​ប្រើ​ថ្នាំ​ជ្រុល​ ពួក​ខ្ញុំ​ជួប​ច្រើន​នៅ​ពេទ្យ​ ធម្មតា​នៅ​កុមារ​ជាតិ​កន្លែង​ដែល​ខ្ញុំ​ធ្វើ​ការ​ គឺ​អត្រាមរណៈ​ដោយ​ជំងឺ​គ្រុន​ឈាម​ ឥឡូវ​តិច​ជាង​មួយ​ភាគ​រយ​ ដោយ​សារ​យើង​រោគវិនិច្ឆ័យ​ទាន់​ ប៉ុន្តែ​ដោយសារ​ឪពុក​ម្ដាយ​មួយ​ពេល​កូន​ក្ដៅ​ខ្លួន​គាត់​ប្រើ​ថ្នាំ​ត្រជាក់​ ធម្មតា​ថ្នាំ​ត្រជាក់​គេ​អោយ​ប្រើ​ទាប​បំផុត​ ហើយ​នៅ​ក្នុង​នោះ​គេ​អោយ​ប្រើ​វា​៦​ម៉ោង​ម្ដង​ទៀត​ ហើយ​ពេល​គាត់​អោយ​តែ​ត្រជាក់​ដាក់​ថ្នាំ​ៗ​ គឺ​កូន​អាច​ស្លាប់​ដោយសារ​ការ​ដាក់​ថ្នាំ​ត្រជាក់​ ជា​ពិសេស​ ប៉ារ៉ាសេតាម៉ល​តែ​ម្ដង​។ដូច្នេះ​ត្រូវ​ប្រយ័ត​ការ​ប្រើ​ថ្នាំ​ប៉ារ៉ា​សេតាម៉ល​នេះ​ បើ​កូន​មិន​ត្រជាក់​យើង​មិន​ត្រូវ​ដាក់​ថ្នាំ​ទេ​ យើង​ត្រូវ​មុជ​ទឹក​ត្រូវ​ជូត​ខ្លួន​ និង​ប្រើ​កង្ហារ​អី​ធ្វើ​អោយ​កូន​ត្រជាក់​ទី​២​ សំខាន់​ជាង​នោះ​មិន​គួរ​បញ្ចូល​សេរ៉ូម​នៅ​ក្នុង​អំឡុង​ពេល​ក្ដៅ​ខ្លួន​នោះ​ទេ បើ​បញ្ចូល​សេរ៉ូម​ច្រើន​ពេល​អាច​ប្រឈម​មុខ​នឹង​លិចលង់​ដល់​សួត គឺ​ទឹក​ចូល​ក្នុង​សួត​ ក៏​គ្រោះ​ថ្នាក់​មួយ​ដែរ យើង​គួរ​តែ​ទៅ​រក​ពេទ្យ​ត្រឹម​ត្រូវ​ក្នុង​ការ​ព្យាបាល»

លោក​បន្ត​ថា ដើម្បី​ទប់​ស្កាត់​ជំងឺ​នេះ គឺ​ពលរដ្ឋ​ត្រូវ​សំអាត​នៅ​ជុំវិញ​ផ្ទះ​របស់​ខ្លួន​ឱ្យ​បាន​ស្អាត ជា​ពិសេស ទីជម្រក​របស់​មូស​ខ្លា គឺ​ត្រូវ​បោស​សំអាត និង​លុបបំបាត់​ទឹក​ដក់​នៅ​ជុំវិញ​ផ្ទះ ដូច​ជា កុំ​ឱ្យ​មាន​សម្បក​កំប៉ុង សម្បក​ដូង និង​សម្បក​កង់ឡាន​ជា​ដើម ព្រោះ​របស់​ទាំង​នេះ​ជា​ទីកន្លែង​ដែល​មូស​ខ្លា​នៅ និង​ពង​បាន។ លោក​ថា ប្រសិន​បើ​សង្ស័យ​មនុស្ស​ក្នុង​គ្រួសារ​ណា​ម្នាក់​កើត​ជំងឺ​គ្រុន​ឈាម ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​ជំងឺ​ធ្ងន់ធ្ងរ​នាំ​ឱ្យ​លំបាក​ព្យាបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល