សាច់ញាតិ​អ្នក​ជាប់​ឃុំ​រិះគន់​ថា ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ក្នុង​ពន្ធនាគារ​គ្មាន​ប្រសិទ្ធភាព

ដោយ ខែ សុណង
2021-06-10
Share
សាច់ញាតិ​អ្នក​ជាប់​ឃុំ​រិះគន់​ថា ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ក្នុង​ពន្ធនាគារ​គ្មាន​ប្រសិទ្ធភាព សាច់ញាតិ​អ្នក​ជាប់ឃុំក្នុង​ពន្ធនាគារ។
Photo Courtesy

សាច់ញាតិ​អ្នក​ជាប់ឃុំ រិះគន់​ក្រសួងមហាផ្ទៃ ថា​វិធានការ​ទប់ស្កាត់​និង​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ គ្មាន​ប្រសិទ្ធភាព។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ជូនដំណឹង​មួយ​ទៅ​អាជ្ញាធរ​រាជធានី​ខេត្ត ពី​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ដល់​អ្នក​ជាប់ឃុំ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​មួយ​ចំនួន។

សាច់ញាតិ​អ្នក​ជាប់​ឃុំ​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន ទើប​ជា​ដំណោះស្រាយ​ឆ្លើយតប​នឹង​វិធានការ​ទប់ស្កាត់​និង​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ពន្ធនាគារ។

ម្ដាយ​យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ គឺ​លោកស្រី ទី ម៉ារី ថ្លែង​ថា លោកស្រី​បារម្ភ​ពី​សុខទុក្ខ​កូន​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ទាំង​គ្មាន​កំហុស និង​បាត់​ដំណឹង​ជាច្រើន​ខែ​មក​នេះ​។ លោកស្រី​ថា ភាព​ចង្អៀត​ណែន​គឺជា​រឿង​សំខាន់ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​ក្នុង​ពន្ធនាគារ៖ «​នៅក្នុង​ហ្នឹង ទោះជា​យើង​អនាម័យ​យ៉ាងណា ក៏​វា​ចង្អៀត​ណាស់ នៅក្នុង​ហ្នឹង​គ្រាន់​តែមួយ​បន្ទប់​ប៉ុន្មាន​នាក់​ដេក​តម្រៀប​គ្នា​ឡើង​ណែន​ក្ដន់ វា​មិនអាច​ការពារ​ជំងឺ​ទេ មានតែ​ឆ្លង​វា​នឹង​រាលដាល​ពេញ​ហ្នឹង​ហើយ​។ បើ​ថា គេ​មិនទាន់​កាត់​ក្ដី​អី​ចង់​ឲ្យ​គេ អនុញ្ញាត​ឲ្យ​កូន​ខ្ញុំ​នៅ​ក្រៅ​ឃុំ​ទៅ​វា​មិន​រត់​ទៅ​ណា​ទេ យ៉ាងណា​គេ​ហៅ​អី​យើង​ទៅ​បង្ហាញខ្លួន​បំភ្លឺ​អ៊ីចឹង​ទៅណា ខ្លាច​កូន​ខ្ញុំ​គេចវេស​រត់​ទៅ​ស្រុក​គេ​អី អត់​ទេ គឺ​ខ្ញុំ​ធានា​១០០%»

ចំណែកឯ​ម្ដាយ​សកម្មជន​សង្គម​អ្នក​នាង ឈឿន ដារ៉ាវី គឺ​លោកស្រី ថាច់ ធីតា ដែល​កូន​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េហ្ស៊ី (PJ) ថ្លែង​ថា នៅក្នុង​ពន្ធនាគារ​មាន​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ និង​អាហារ​ហូបចុក​មិន​ទាន់​គ្រប់គ្រាន់ រួម​ទាំង​ស្ថានភាព​បន្ទប់​តូច​ចង្អៀត​ហប់​ខ្យល់ ដែល​ពិបាក​ឆ្លើយតប​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល និង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​នៅ​ឡើយ​។ លោកស្រី​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​ដំណើរការ​កាត់ក្ដី ដើម្បី​ឆាប់​បាន​ដឹង​ខុសត្រូវ ត្បិត​អី​លោកស្រី​រំពឹង​ថា កូនលោក​ស្រី​គ្មាន​ទោស​កំហុស​ដែល​គេ​អាច​នឹង​ឆាប់​បាន​នៅ​ក្រៅ​ឃុំ​៖ «មាន​ទឹក​ឲ្យ​គ្នា​ងូត​គ្រប់គ្រាន់ ហើយ​កង្ហារ​អី​បក់​ខ្លះៗ ជួយ​គ្នា​ទៅ​ដើម្បី​កាត់បន្ថយ​ភាព​ក្ដៅ​សូម​ឲ្យ​គ្នា​ហូបចុក​ឲ្យ​បាន​ឆ្អែត​អ៊ីចឹង។ អាហ្នឹង​វា​ទាក់ទង​នឹង​ជីវិត​ការ​រស់នៅ​ក្នុង​ទី​ហ្នឹង ឬ​វា​អាច​ផ្សា​ភ្ជាប់​នឹង​ជំងឺ​ដែរ​បើសិនជា​ថា យើង​ហូប​គ្រប់គ្រាន់​យើង​រស់​នៅ​មាន​អនាម័យ​វា​ធ្វើ​ឲ្យ​យើង​មាន​ថាមពល​អាច​ទៅ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ហ្នឹង​បាន​ច្រើន​ដែរ»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ជូនដំណឹង​មួយ កាល​ពី​ថ្ងៃទី​៩ ខែ​មិថុនា ទៅ​អាជ្ញាធរ​រាជធានី-ខេត្ត ពី​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ដល់​អ្នក​ជាប់ឃុំ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​មួយ​ចំនួន​។ ឆ្លើយ​តប​នូវ​វិធានការ​នេះ ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា ចំពោះ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ដែល​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​នេះ អាជ្ញាធរ​និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់ ផ្ដល់​ការ​គាំទ្រ​ដល់​ពន្ធនាគារ ព្យាបាល​អ្នកជំងឺ ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​កុំ​ឲ្យ​ឆ្លង​បន្ថែម​ទៀត។ រីឯ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដែល​មិន​ទាន់​មាន​ការ​ឆ្លង​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល ធ្វើ​អនាម័យ​តាម​កន្លែង​ការងារ និង​តាម​បន្ទប់​ឃុំឃាំង ដូចជា ពាក់​ម៉ាស់ ការ​លាង​សំអាត​ដៃ​ដោយ​សាប៊ូ ទឹក​អាល់កុល វាស់​កំដៅ​លើ​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​អ្នក​ជាប់ឃុំ និង​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ចេញចូល។ ប៉ុន្តែ​លិខិត​នេះ មិន​បាន​បង្ហាញ​ពី​ចំនួន​ពន្ធនាគារ និង​អ្នក​ជាប់ឃុំ​ថា​ឆ្លង​មាន​ប៉ុន្មាន​នោះ​ទេ។

តាំងពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រហូតមកដល់​ពេលនេះ ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ដល់​ពន្ធនាគារ​ចំនួន ៦ និង​អ្នក​ជាប់ឃុំ​រាប់​រយ​នាក់​ឆ្លង​ជំងឺ​នេះ ក្នុង​នោះ​អ្នក​ជាប់ឃុំ​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។ ពន្ធនាគារ​ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​នេះ រួម​មាននៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់​ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ និង​ខេត្ត​ស្វាយរៀង​។ ដោយឡែក អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ថា ខ្លួន​មាន​ព័ត៌មាន​សំងាត់ ថា ពន្ធនាគារ​ប៉េ​ហ្ស៊ី (PJ) ឬ​ពន្ធនាគារ​រាជធានី​ភ្នំពេញ មាន​អ្នក​ជាប់ឃុំ​រាប់​រយ​នាក់ ឆ្លង​ជំងឺ​នេះ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​លាក់បាំង​ព័ត៌មាន​នេះ។

ពាក់ព័ន្ធ​បញ្ហា​នេះ នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​ដាក់​ចេញ​ពេល​នេះ មិន​អាច​ទៅរួច​ទេ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ក្នុង​ការ​ពង្រឹង​វិធានការ​បន្ថែម ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​មានតែ​ការ​រំដោះ​ភាព​ចង្អៀត​ណែន​ប៉ុណ្ណោះ​៖ «ធ្វើ​យ៉ាងណា​ស្ថាប័ន​ពាក់ព័ន្ធ​រួម​ទាំង​តុលាការ​ផង​ហ្នឹង ពិនិត្យ​ពិចារណា​ទៅ​លើ​មធ្យោបាយ​ទៅលើ​វិធី​ណា​តាមផ្លូវ​ច្បាប់​ដែល​អាច​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​បណ្ដោះអាសន្ន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទៅ ពន្លឿន​នីតិវិធី​ក្នុង​ការ​ជំនុំជម្រះ ហើយនឹង​ពិនិត្យមើល​អ្នក​ជាប់ឃុំ​ជិត​ផុត​ទោស​អី​ជាដើម ជាពិសេស​អ្នក​អាទិភាព​ដូចជា អ្នក​ដែល​វ័យ​ចំណាស់ ជន​ពិការ ស្ត្រី​មាន​ផ្ទៃពោះ អនីតិជន ឬក៏​ស្ត្រី​ដែល​មាន​កូន​តាម​ម្ដាយ​អី​ជាដើម»

ជុំវិញ​ការ​ស្នើ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ចោទ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០ ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ ដែល​មាន​ទោស​ស្រាលៗ និង​អ្នកទោស​មនសិការ​ទាំង​អស់ ថា មាន​ចរិត​នយោបាយ និង​បង្គាប់​បញ្ជា​តុលាការ។ លោក ជិន ម៉ាលីន ផ្តល់​អំណះអំណាង​ដដែលៗ​ថា នៅ​កម្ពុជា​ពុំ​មាន​អ្នក​ទោស​នយោបាយ ឬ​អ្នកទោស​មនសិការ​ទេ គឺ​មានតែ​អ្នកនយោបាយ​ដែល​មាន​ទោស។

ផ្ទុយ​ទៅ​នឹង​ការ​លើកឡើង​នេះ នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) យល់​ថា មាន​អ្នក​ជាប់ឃុំ​ច្រើនណាស់​ដែល​ជាប់ឃុំ​បណ្ដោះអាសន្ន ដោយសារ​មូលហេតុ​នយោបាយ និង​ការ​ចោទប្រកាន់​ទាំង​បំពាន និង​រង់ចាំ​សវនាការ ដែល​គួរតែ​ដោះលែង​ពួកគេ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល