អង្គការ​កម្ពុជា​ជួយ​ជនរងគ្រោះ​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​នៅ​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2017-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​និង​មន្ត្រី​អង្គការ​ចែក​ធុង​ទឹក​ចម្រោះ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha
អាជ្ញាធរ​និង​មន្ត្រី​អង្គការ​ចែក​ធុង​ទឹក​ចម្រោះ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត ជូន​ពលរដ្ឋ​នៅ​ភូមិ​ឆ្នុកទ្រូ​ចំនួន ៩០​គ្រួសារ ដែល​កំពុង​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់។ អាជ្ញាធរ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​តែ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​ជា​ច្រើន​ទៀត ដោយសារ​តែ​ពួកគេ​កំពុង​ប្រើប្រាស់​ទឹក​ពុំ​មាន​អនាម័យ ឬ​មិន​ចម្រោះ​សម្លាប់​មេរោគ​មុន​ផឹក។

អង្គការ​កម្ពុជា ជួយ​ជនរងគ្រោះ (RTF) ដែល​មាន​ប្រភព​ជំនួយ​ពី​សហរដ្ឋអាមេរិក បាន​ចុះ​ដល់​មូលដ្ឋាន​នៃ​ឃុំ​ឆ្នុកទ្រូ ដើម្បី​ផ្ដល់​ធុង​ទឹក​ចម្រោះ និង​សៀវភៅ​អប់រំ​សុខភាព​ដល់​សិស្ស និង​ពលរដ្ឋ​ក្រីក្រ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ស្ថានភាព​លំបាក​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ។ អាជ្ញាធរ​ស្រុក​បរិបូរណ៍ ស្វាគមន៍​សកម្មភាព​មនុស្សធម៌​នេះ ដោយ​សុំ​ឲ្យ​អង្គការ​ចែក​បន្ថែម​នូវ​ធុង​ចម្រោះ​ទឹក​ប្រមាណ ៧០​ធុង​ទៀត។

អភិបាល​រង​ស្រុក​បរិបូរណ៍ លោក រ៉ែម ដេត ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ថា នៅ​ទូទាំង​ស្រុក​មិន​ទាន់​មាន​ប្រភព​ទឹក​ស្អាត ឬ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​បាន​ប្រើប្រាស់​នៅ​ឡើយ​ទេ ដូច្នេះ​ពលរដ្ឋ​ត្រូវ​យល់​ដឹង​ពី​បញ្ហា​សុខភាព និង​ការ​ប្រើប្រាស់​ទឹក។ ស្រប​ពេល​គ្នា​នេះ​លោក​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​សប្បុរសជន​នានា ជួយ​ផ្ដល់​ឧបករណ៍​ចម្រោះ​ទឹក​មាន​គុណភាព​ប្រើ​បាន​យូរ​ជូន​ពលរដ្ឋ៖ «ការ​ពិត​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ដង​ទន្លេ​នេះ ភាគ​ច្រើន​មាន​ការ​ជួប​ប្រទះ​បញ្ហា​ទឹក​ស្អាត​ ពិសេស​គាត់​ឡើងៗ​តាម​ទឹក ចុះៗ​តាម​ទឹក ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​អត់​មាន​លទ្ធភាព​ប្រើប្រាស់​ទឹក គឺ​មាន​តែ​ធុង​ចម្រោះ​ហ្នឹង​ហើយ​ដែល​អាច​ជួយ​ដល់​សុខភាព​របស់​គាត់»

ទាក់ទង​បញ្ហា​នេះ ប្រធាន​អង្គការ​កម្ពុជា ជួយ​ជន​រងគ្រោះ​ដែល​ជា​អង្គការ​ទើប​បើក​ថ្មី​នៅ​កម្ពុជា លោក ហ្គារី បេកខ៍ មិន​ហ៊ាន​សន្យា​ថា អង្គការ​លោក​មាន​លទ្ធភាព​ផ្ដល់​ធុង​ចម្រោះ​ជូន​ពលរដ្ឋ​បន្ថែម​ទៀត​ទេ ប៉ុន្តែ​លោក​នឹង​ស្នើ​សុំ​ទៅ​ម្ចាស់​ជំនួយ​ទៀត ហើយ​បើ​បាន ឬ​មិន​បាន​យ៉ាង​ណា​លោក​នឹង​ផ្ដល់​ដំណឹង​តាម​រយៈ​អាជ្ញាធរ។ ប៉ុន្តែ​លោក​បាន​ឃើញ​ពី​ស្ថានភាព​ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​ជាក់ស្ដែង៖ «ដូច​ថ្ងៃ​នេះ​អ៊ីចឹង មាន​ទឹក​កខ្វក់ ពលរដ្ឋ​ត្រូវ​ដាំ​ទឹក​បរិភោគ ទឹក​មាន​មេរោគ ដូច្នេះ​មធ្យោបាយ​សាមញ្ញ​គឺ​ផ្ដល់​ធុង​ចម្រោះ​ទឹក​ឲ្យ​ពលរដ្ឋ។ យើង​រីករាយ​ដែល​អាច​ជួយ និង​ធ្វើ​សកម្មភាព​ទាំង​អស់​នេះ។ លោក​អ្នក​ដឹង​ទេ សូម្បី​តែម្នាក់​ក៏​អាច​ចម្លង​មេរោគ​ទៅ​កូន​តាម​រយៈ​ការ​បំបៅ​ដោះ​កូន​ដោយសារ​ទឹក​កខ្វក់​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​កុមារ​លូតលាស់​មិន​បាន​ល្អ​ឡើយ ហើយ​វា​ក៏​ជួយ​មនុស្ស​ចាស់​មិន​ឲ្យ​មាន​ជំងឺ​ផង​ដែរ ដូច្នេះ​វា​ជា​ការ​រួម​ចំណែក​ជួយ​ច្រើន​ណាស់​ដល់​ពលរដ្ឋ»

ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង ទើប​មក​រស់​នៅ​ចំណុច​ជើងកំពង់ នៃ​ឃុំ​ឆ្នុកទ្រូ បាន​រយៈ​ពេល ៧​ឆ្នាំ លោកស្រី ទុំ ភ័ណ្ឌ ឲ្យ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​គ្រួសារ​គាត់​ប្រើប្រាស់​ទឹក​អណ្ដូង និង​ទឹក​ភ្លៀង ហើយ​ពេល​ខ្លះ​លោកស្រី​បាន​ដាំ​ទឹក​សម្រាប់​ផឹក​ដែរ។

លោកស្រី​ពុំ​មាន​លទ្ធភាព​ទិញ​ធុង​ទឹក​ចម្រោះ​ប្រើប្រាស់​នោះ​ទេ ប៉ុន្ដែ​ពេល​នេះ​ទទួល​បាន​ធុង​ទឹក​ចម្រោះ​លែង​សូវ​បារម្ភ​ពី​បញ្ហា​សុខភាព​ទៀត​ហើយ៖ «បើ​ខ្ញុំ​ដាំ​ហូប​អត់​ផង បើ​ហូប​ទឹក​ធម្មតា ទឹក​អណ្ដូង​អត់​ដាំ​មាន​ការ​រាករូស។  (ជិន ជេដ្ឋា៖ កូន​អី​ធ្លាប់​រាករូស​ទេ?) រាករូស និង​ក្អួត។ បាន​ធុង​ចម្រោះ​សប្បាយ​ចិត្ត វា​មិន​ពិបាក​ដាំ​ទឹក ពី​មុន​មក​អត់​ដែល​មាន​អង្គការ​ណា​ចុះ​ចែក​ផង ...អត់​មាន​លុយ (ទិញ)»

ពលរដ្ឋ​ប្រមាណ ១៥០​គ្រួសារ​នៅ​ចំណុច​ជើងកំពង់ ឬ​ចំណុច​ដើម​ច្រកែង នៃ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ដោយសារ​បរិភោគ​ទឹក​មិន​ស្អាត បញ្ហា​អនាម័យ​បរិស្ថាន និង​មិន​ទាន់​មាន​ទីជម្រក​ច្បាស់​លាស់។ ពួកគេ​ភាគ​ច្រើន​ជា​កម្មករ​តាម​ទូក​នេសាទ និង​ខ្លះ​នៅ​កំពង់ផែ​ឆ្នុក​ទ្រូ ហើយ​ផ្លាស់ប្ដូរ​ទីតាំង​ស្នាក់​នៅ​មិន​ច្បាស់លាស់​តាម​កម្ពស់​ទឹក​ទន្លេ​នៅ​លើ​ដី​ព្រៃ​លិច​ទឹក​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល